34 C
Phnom Penh

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកថា សំណើរបស់នាយករដ្ឋមន្ត្រីវៀតណាមថ្មី មកកាន់លោក ហ៊ុន សែន ជាការបំពានអធិបតេយ្យភាព​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម ដែលបានស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ជួយសម្រួលជនជាតិវៀតណាម ខុសច្បាប់អាចនៅកម្ពុជាបន្តទៀត។ ក្រុមអ្នកតស៊ូមិត ចាត់ទុកថា ការស្នើសុំនេះជាទង្វើឈ្លានពានដោយឥតអៀនខ្មាស ដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិនានា យ៉ាងធ្ងន់ធ្ងរ ផងដែរ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះដោយជំរុញឲ្យប្រមុខនៃរដ្ឋាភិបាលកម្ពុជា ធ្វើលិខិតផ្លូវការមួយស្នើទៅនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាម លោក Pham Minh Chinh ដោយភ្ជាប់ជាមួយលក្ខណៈមួយចំនួនដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា។

លោកអះអាងថា លោក ហ៊ុន សែន ត្រូវតែធ្វើលិខិតស្នើទៅមេដឹកនាំវៀតណាម ឲ្យប្រមូលយកប្រជាជនវៀតណាម ដែលកំពុងរស់នៅកម្ពុជា ដោយខុសច្បាប់ត្រឡប់ទៅប្រទេសរបស់ខ្លួនជាបន្ទាន់ លើសពីនេះ ត្រូវស្នើឲ្យរដ្ឋាភិបាលថ្មីនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ គ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម និងត្រូវគោរពសិទ្ធិសេរីភាពរបស់ពួកគេ តាមគោលការណ៍ ធានាការពារ ដោយអង្គការសហប្រជាជាតិ។

ជាងនេះទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវទាមទារ ឲ្យរដ្ឋាភិបាលវៀតណាម គោរពច្បាប់សមុទ្រ ឆ្នាំ១៩៨២ UNCLOS-1982 ដោយ ប្រគល់មកឲ្យប្រទេសកម្ពុជា វិញ នូវកោះត្រល់ ចង្កោមកោះក្រចកសេះ និងទំហំផ្ទៃទឹកសមុទ្រទាំងអស់របស់កម្ពុជា ដែលវៀតណាមកំពុងគ្រប់គ្រងទាំងខុសច្បាប់ ដូចដែលរដ្ឋាភិបាលវៀតណាម បានទាមទារឲ្យប្រទេសចិន គោរពច្បាប់សមុទ្រឆ្នាំ១៩៨២ ដូច្នេះដែរ។

ប្រធានប្រតិបត្តិរូបនេះសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែប្រកាសប្រាប់រដ្ឋាភិបាលថ្មី នៃប្រទេសវៀតណាម ថា ក្នុងស្ថានភាពកម្ពុជា ពុំមានឯកភាពជាតិ រដ្ឋាភិបាលខ្មែរ ត្រូវការផ្អាកការបោះបង្គោលព្រំដែនគោក ដែលនៅសល់ជាមួយវៀតណាម សិន និងប្រកាសរក្សាសិទ្ធិសើរើឡើងវិញ លើបង្គោលព្រំដែន ដែលបានបោះរួចទាំងអស់កន្លងមក។

ការថ្កោលទោសនេះធ្វើឡើងក្រោយ ជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក ផាម ម៉ិញជិញ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក ផាម ម៉ិញជិញ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ ក្នុងឱកាសនៃកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ជួយសម្រួលការរស់នៅដោយខុសរបស់ប្រជាជនវៀតណាម ឲ្យបានល្អប្រសើរបន្តទៀត។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល ប្រជាជនកម្ពុជា និងរូបលោកផ្ទាល់ តែងយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមទិសស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

បែបនេះក្តី សកម្មជនបក្សប្រឆាំងលោក ហ៊ុន កុសល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះថា បន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អួតអំពីអ្នកបន្តវេនប្រាប់មេដឹកនាំវៀតណាម មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ភាគីវៀតណាម ដាស់តឿនឲ្យមេដឹកនាំកម្ពុជា ជួយផ្តល់ភាពស្របច្បាប់ដល់ជនជាតិរបស់គេដែលកំពុងរស់ប្រទេសកម្ពុជា ឲ្យបានល្អប្រសើរ បន្តទៀត។ លោកអំពាវនាវ ឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មេត្តាពិចារណាឲ្យបានល្អិតល្អន់មុន នឹងឆ្លើយតបទៅកាន់ភាគីវៀតណាម ដើម្បីរក្សាផលប្រយោជន៍ខ្មែរ ឲ្យបានគង់វង្ស ព្រោះគន្លឹះដែលអាចធ្វើឲ្យជាតិវិនាស ឬរុងរឿង គឺស្ថិតក្នុងដៃរបស់លោក ហ៊ុន សែន ទាំងស្រុង។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតសួរសុខទុក្ខមួយច្បាប់ ជូនអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វ៊ូចុង ដោយបាន សរសើរពីគុណសម្បត្តិ កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃវីរុសCovid-19 ថា ជាអ្នកដឹកនាំមានសមត្ថភាព និងជាក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា ទៅថ្ងៃមុខផងដែរ។

ក្រុមអ្នកសង្កេតការណ៍សង្ស័យថា ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថ្មី របស់វៀតណាម ទំនងជាការពិភាក្សាអំពីការសម្បទានឲ្យគ្នាទៅវិញទៅមក ដោយរដ្ឋាភិបាលវៀតណាម ទាមទារឲ្យមេដឹកនាំខ្មែរ ជួយសម្រួលជនជាតិវៀតណាម ខុសច្បាប់នៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាថ្នូរនឹងការគាំទ្រយុទ្ធសាស្រ្តបន្តពូជរបស់លោក ហ៊ុន សែន។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃអង្គារថា លោក ហ៊ុន សែន នឹងមិនហ៊ានបដិសេធនឹងការស្នើរសុំរបស់មេដឹកនាំវៀតណាមនោះទេ។

លោកជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា បដិសេធសំណើនេះជាដាច់ខាត ព្រោះការទទួលយកសំណើនេះកម្ពុជា មានតែខាត ត្បិតនេះជានយោបាយឈ្លានពានមកលើកម្ពុជា តាមរយៈនៃការបង្ហូរពូជសាសន៍របស់ពួកគេតែប៉ុណ្ណោះ។ លោក ម៉ែន ណាត បញ្ជាក់ថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលត្រូវការពារបូរណភាពទឹកដីរបស់ខ្លួន មិនត្រូវយល់ព្រមតាមការស្នើសុំណាមួយពីមេដឹកនាំវៀតណាម ជាដាច់ខាត។

លោកបន្តថា លោក ហ៊ុន សែន ត្រូវអនុវត្តតាមច្បាប់សញ្ជាតិរបស់កម្ពុជា ដោយចាប់បញ្ជូនជនជាតិវៀតណាម ខុសច្បាប់ទាំងនោះត្រឡប់ទៅវៀតណាមវិញឲ្យខានតែបាន។ លោកបញ្ជាក់ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមតាមសំណើនេះ លុះត្រាតែគាត់មានការព្រមព្រៀងសំងាត់ណាមួយដោយសុំការសម្បទានពីមេដឹកនាំវៀតណាម ដើម្បីផលប្រយោជន៍បក្ខពួករបស់គាត់ និងក្រុមគ្រួសារគាត់ ឬដើម្បីអំណាចផ្ទាល់ខ្លួនជាដើម ព្រោះការទទួលយកសំណើនេះ នឹងធ្វើឲ្យកម្ពុជាខាតធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស