33 C
Phnom Penh

នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ឲ្យផ្អាកបញ្ជូនវ៉ាក់សាំងការពារជំងឺCovid-19 ចេញទៅតាមបណ្តាខេត្តនានា ដើម្បីរក្សាទុកវ៉ាក់សាំងទាំងនោះចាក់ជូនពលរដ្ឋក្នុងតំបន់ក្រហមក្នុងទីក្រុងភ្នំពេញ ហើយលោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ឲ្យបានឆាប់។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា កាលពីយប់ថ្ងៃពុធ ទី២៧ ខែមេសា នេះ ទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យ ត្រៀមខ្លួនដើម្បីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19  ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហមដែលត្រូវផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 មុនគេ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

លោក ហ៊ុន សែន បញ្ជាក់ យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងចាក់ជូន ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទោះពួកគេជាជនបរទេសក៏ដោយ។

លោកថា ការធ្វើដូច្នេះ គឺដើម្បីបង្កើតជាតិស៊ាំឲ្យបានឆាប់សហ័ស និងកាន់តែច្រើន សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល ខណៈដែលពួកគេទើបតែនឹងទទួលបានការចាក់ថ្នាំបង្ការដូសទី១ ក្នុងយុទ្ធនាការនេះប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ដែលបានកំណត់ ភូមិ និងសង្កាត់ខ្លះនៃខណ្ឌមួយចំនួនដូចជា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងតំបន់ក្រហម ក្នុងនោះសង្កាត់ នៃខណ្ឌដែលបានដាក់ក្នុងតំបន់ក្រហមនេះ មានចំនួនសរុប ៩សង្កាត់ ប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៧ ខែមេសា ក្រសួងសុខាភិបាលកម្ពុជា អះអាងថា ខ្លួនបានរកឃើញអ្នកវីរុសកូវីដ១៩ថ្មី ៥០៨នាក់ និងអ្នកស្លាប់បានកើនឡើងដល់៨២នាក់ ប៉ុន្តែនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល មិនទាន់បានធ្វើបច្ចុប្បន្នភាពនៃអ្នកឆ្លងថ្មី អ្នកជាសះស្បើយថ្មី និងអ្នកដែលបានស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នៅឡើយទេ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះ ថា អ្វីដែលប្រជាពលរដ្ឋត្រូវការនៅពេលនេះ គឺការចៀសផុតពីជំងឺរាតត្បាតពិតប្រាកដមែន ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវការជាបន្ទាន់ផងដែរនូវស្បៀងអាហារហូបចុកឲ្យបានគ្រប់គ្រាន់នៅក្នុងអំឡុងពេលបិទខ្ទប់នេះ ព្រោះសេចក្តីត្រូវការរបស់មនុស្សមិនមែនត្រឹមតែមានជីវិតរស់ដូចសត្វប៉ុណ្ណោះទេ គឺត្រូវមានសេចក្តីសុខ និងសុភមង្គលផងដែរ។

លោក មឿន តុលា ទទូចឲ្យរដ្ឋាភិបាលពិចារណាលើកលែងការបង់ថ្លៃទឹក ភ្លើង របស់ពលរដ្ឋក្នុងតំបន់ទាំងនោះយ៉ាងហោចក្នុងរយៈពេល ១ខែ ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់ក្នុងពេលបិទខ្ទប់នេះ ព្រោះថា ក្នុងអំឡុងពេលបិទខ្ទប់ពលរដ្ឋទាំងនោះមិនបានចេញពីផ្ទះទៅប្រកបរបរនោះទេ ដូច្នេះពួកគាត់នឹងមានតម្រូវការកាន់តែច្រើនលើការប្រើប្រាស់ទឹក ភ្លើង ស្របពេលដែលចំណូលរបស់ពួកគាត់ត្រូវបាត់បង់ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស