30.7 C
Phnom Penh

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញបន្ថែមទណ្ឌកម្មលើពួកយោធាភូមាខណៈអតីតប្រធានាធិបតីអូបាម៉ាសម្ដែងការឈឺចាប់ជាខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានជំរុញឱ្យរដ្ឋការរបស់ប្រធានាធិបតីបៃ Joel Biden បន្ថែមការដាក់ទណ្ឌកម្មលើរបបរដ្ឋប្រហារភូមា ។

តាមសារព័ត៌មានរបស់ ភូមា Irrawaddy បានចុះផ្សាយថា សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋបាលរបស់លោក ប្រធានាធិបតី ចូ បៃឌិន ដាក់ទណ្ឌកម្មបន្ថែម។

សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក Jeff Merkley, សមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ លោក Marco Rubio រួមទាំងសមាជិកព្រឹទ្ធសភា ៤រូបផ្សេងទៀត បានទទូចឱ្យរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ ស្វែងរកវិធីសាស្រ្តថ្មីបន្ថែមទៀត ដើម្បីគាំទ្រប្រជាជនភូមា ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបរដ្ឋប្រហារ។

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ក្នុងលិខិតស្នើបន្ថែមទណ្ឌកម្មលើពួកយោធាភូមា កាលពីថ្ងៃទី២៧ ខែមេសា ដោយបានដាក់ជូន លោក Antony  Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក និងអ្នកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុ។

ក្នុងលិខិតនោះ  សមាជិកព្រឹទ្ធិសភា បានទាមទារឱ្យបញ្ឈប់លំហូរសាច់ប្រាក់ពីក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Chevron Corp ចូលទៅគណនីរបស់សហគ្រាសភូមាប្រេងឥន្ធនៈ និងឧស្ម័ន ហៅកាត់ថា MOGE ។ ក្រុមហ៊ុន នេះគឺ ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួងថាមពល និងអគ្គិសនី ដែលជាប្រភពហិរញ្ញវត្ថុដ៏ធំសម្រាប់ជួយមេដឹកនាំយោធាហើយក្រុមហ៊ុននេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គ្រួសារឧត្តមសេនីយ៍មីនអ៊ុងឡាំង ដែលជាមេរដ្ឋប្រហារថ្ងៃទី១កុម្ភៈ។

តាមប្រភពដដែលនេះ គឺក្នុងមួយឆ្នាំៗ ពួកយោធាភូមា  អាចរកចំណូលពីមុខជំនួញឧស្ម័ន និងប្រេងរហូតដល់ ១ពាន់,១រយលានដុល្លារ។ ស្របពេលនេះសមាជិកព្រឹទ្ធសភា ក៏បានអំពាវនាវ ថែមទៀតអោយបង្កកទ្រព្យរបស់ក្រុមហ៊ុនទាំងឡាយណាដែលពាក់ព័ន្ធ នឹងក្រុមរបស់ឧត្តមសេនីយ៍មីនអ៊ុងឡាំង គឺរហូតទាល់តែមានរដ្ឋាភិបាលស្របច្បាប់មួយ ត្រូវបានបង្កើតឡើងវិញ។

យោងតាម សារព័ត៌មាន The Hill គឺរដ្ឋការរបស់លោកបៃដិន បានដាក់ទណ្ឌកម្មលើ របបសឹកភូមា ជាច្រើន មកហើយ ចាប់តាំងពីថ្ងៃរដ្ឋប្រហារទី១ កុម្ភៈ ដែលក្នុងនោះមាន ក្រុមឈើហ៊ុប ក្រុម រ៉ែត្បូង ជាដើម គឺសុទ្ធសឹងកាន់កាប់ដោយគ្រួសាររបស់ពួកយោធា។

ស្របពេលជាមួយគ្នានេះ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២៦ ខែមេសា បានហៅ អំពើហិង្សា ដែលប្រព្រឹត្តដោយរបបសឹក លើក្រុមបាតុករថាជាសោកនាដកម្មដ៏ឈឺចាប់ដែលធ្វើឱ្យលោកឈឺចាប់យ៉ាងខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយត្រូវបានមើលឃើញនៅលើបណ្តាញសង្គមTwitter គឺ អតីតប្រធានាធិបតីអាមេរិក រូបនេះ បានចេញមុខប្រតិកម្មដោយផ្ទាល់របស់លោក ចំពោះការបង្រ្កាបប្រជាជននៅភូមាដោយរបបរដ្ឋប្រហារយោធា។ លោកអូបាម៉ាបានទទូចថា ពិភពលោក ត្រូវតែផ្តោតលើភូមា ហើយថាសម្រាប់រូបលោកឈឺចាប់យ៉ាងខ្លាំង ចំពោះការបង្រ្កាបលើជនស៊ីវិលដោយពួកយោធា ។

លោក អូបាម៉ា បានគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលបានដាក់ទណ្ឌកម្មលើរបបសឹក ដោយលោកបានអំពាវនាវដល់ប្រទេសផ្សេងទៀត បន្តដាក់ទណ្ឌកម្មលើរបបពួកយោធា។

អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បានអំពាវនាវអោយពិភពលោកទាំងមូលកុំទទួលស្គាល់របបសឹករបស់ពួកយោធា ហើយនាំគ្នាសាមគី្គគ្នា ជួយគាំទ្រ រដ្ឋាភិបាលរបស់ប្រជាជនភូមា។

តាមសេចក្ដីថ្លែងការណ៍របស់លោកអូបាម៉ា ទោះជាប្រជាជនរងគ្រោះយ៉ាងណា តែប្រជាជនភូមា នៅតែបង្ហាញពីសាមគ្គីភាព ភាពអត់ធ្មត់ និងការប្តេជ្ញាចំពោះតម្លៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ដែលលោកថានេះ ជាក្តីសង្ឃឹមមួយដ៏រឹងមាំសម្រាប់ប្រទេសភូមាទៅថ្ងៃខាងមុខ។

អតីតប្រធានាធិបតីអាមេរិក រូបនេះ ធ្លាប់ទៅជួបអ្នកស្រីអ៊ុងសានសូជី ម្ដងកាលពីខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពី ពួកយោធា បើកផ្លូវទៅរកប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតី ថេនសេន ដែល ជាអតីតឧត្តមសេនិ៍យភូមាមួយរូបផងដែរ។

ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយពួកយោធា បានចុះផ្សាយថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជាអគ្គមេបញ្ជាការយោធា បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋថា រដ្ឋាភិបាលយោធា កំពុងពង្រឹងស្ថិរភាពនៅក្នុងប្រទេស មុនតំណាងរបស់អាស៊ាន ត្រូវអនុញ្ញាតឱ្យចូលប្រទេសភូមា។ អ្នកធ្វើអត្ថាធិប្បាយ របស់ទូរទស្សន៍នេះបានថ្លែងថា ការមកដល់របស់តំណាងអាស៊ាន គឺអាស្រ័យទៅលើស្ថិរភាពនៅក្នុងប្រទេសភូមា ផងដែរ។

ជាមួយគ្នានេះ ពួកយោធា ក៏បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានដែលសុំអោយ បញ្ចប់ហិង្សា ប៉ុន្តែពួកយោធាថា អាស្រ័យលើ ក្រុមប្រឆាំង និងកងកម្លាំងយោធាផ្ដាច់ខ្លួន ថាតើយល់ព្រមបញ្ចប់ហិង្សានៅពេលណា ហើយសម្រាប់ពួកយោធាយល់ថាសេចក្ដីស្នើរបស់អាស៊ាន ប្រកបដោយការស្ថាបនាត្រូវបានក្រុមប្រឆាំងគោរពដែរឬទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស