បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ពលរដ្ឋខ្មែរពិតជាអកុសលណាស់ ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ

ក្រុមអ្នកតស៊ូរមតិ ត្អូញត្អែរថា ពលរដ្ឋខ្មែរ ពិតជាអកុសលខ្លាំងណាស់ ដែលមានមេដឹកនាំដូចជាលោក ហ៊ុន សែន កំពុងធ្វើពលរដ្ឋមានការស្រេកឃ្លាន និងទឹកភ្នែកគ្រប់ទីកន្លែង។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មេសា នេះថា នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រភេទអ្នកដឹកនាំដែលចេះតែអួតអាងពីការក្តោបក្តាប់អំណាចឲ្យបានយូរ និងគម្រាមកំហែងអ្នកដទៃ ប៉ុន្តែមិនមែនជាអ្នកដឹកនាំដែលមានសមត្ថភាពរកសេចក្តីសុខជូនប្រទេសជាតិ និងពលរដ្ឋនោះទេ។

លោកអះអាងថា នៅពេលប្រទេសជាតិ និងពលរដ្ឋកំពុងជួបវិបត្តិដូចសព្វថ្ងៃនេះ គឺអាចបង្ហាញពីសមត្ថភាពក្នុងការដឹកនាំប្រទេសរបស់គាត់ថា អន់កម្រិតណា បើធៀបជាមួយមេដឹកនាំនៃប្រទេសជិតខាង ដែលគេបានផ្តល់ជំនួយសង្គម ដូចជាអាហារហូបចុក ថវិកា និងផ្អាកបង់លុយធនាគារ ឬថ្លៃទឹកភ្លើង ជាដើមទៅដល់ពលរដ្ឋរបស់គេ។

លោកបន្តថា ចំណែកកម្ពុជាវិញ ជំនួយសង្គមក៏គ្មាន លុយដែលរដ្ឋាភិបាលធ្លាប់ប្រកាសថា ផ្តល់ឲ្យ ត្រូវផ្អាកទៅវិញ ធនាគារនៅតែបន្តទាមទារបំណុល ហើយថ្លៃទឹក ថ្លៃភ្លើងក៏នៅតែបង់គ្មានករណីលើក លែងទាល់តែសោះ។

លោកអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា រកវិធីដោះស្រាយវិបត្តិជួយពលរដ្ឋក្នុងគ្រាដ៏លំបាកនេះឲ្យបាន ព្រោះថា ពលរដ្ឋរងគ្រោះគ្មានអ្វី ទីពឹងក្រៅពីការផ្តល់ជំនួយសង្គមរបស់រដ្ឋទាំងនោះទេ ត្បិតពួកគាត់ត្រូវបានបិទខ្ទប់មិនឲ្យចេញពីផ្ទះ រីឯចំណូលក៏គ្មាន ការចំណាយទៅលើ ម្ហូបអាហារប្រចាំថ្ងៃ ក៏ចេះតែបន្ត ជាពិសេសគឺប្រឈមធ្ងន់ធ្ងរទៅនឹងបំណុលធនាគារ និងថ្លៃទឹកភ្លើងតែម្តង។

ក្នុងឱកាសគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តំណាងសហជីព សហព័ន្ធសហជីព សហគមន៍ អង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់ លើសិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជា បានចេញលិខិតចំហមួយ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយបន្តជំរុញលើកកម្ពស់សិទ្ធិការងារ និងកិច្ចគាំពារសង្គម ដើម្បីធានាឲ្យបាននូវជីវភាពរស់នៅសមរម្យទៅដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃវិបត្តិសកលនេះ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ចេញលិខិតអបអរសាទរថ្ងៃខួបទិវាពលកម្មអន្តរជាតិលើកទី១៣៥ ថា រដ្ឋាភិបាលកម្ពុជា នឹងបន្តណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អាគារ ទីតាំងអាជីវកម្ម និងរោចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬបណ្តេញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង។

ជុំវិញបញ្ហានេះ តំណាងសហជីព សមាគម និងអង្គការសង្គមស៊ីវិល  ជាច្រើនដែលកំពុងធ្វើការលើវិស័យសិទ្ធិការងារនៅកម្ពុជា កាលពីថ្ងៃ ទី១ ខែមេសា ឆ្នាំ២០២១ បានប្រារព្ធសន្និសីទសារព័ត៌មាន ក្នុងឱកាសគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ដោយពិភាក្សាលើ សិទ្ធការងារ គឺជាមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់កិច្ចគាំពារសង្គម និងធានាដល់សិទ្ធិរស់មានជីវិត។

ប្រធានសហជីពទទ្រង់សិទ្ធិនិយោជិតខ្មែររបស់ក្រុមហ៊ុន ណហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងក្នុងកិច្ចពិភាក្សានោះ ដោយរិះគន់ថា សិទ្ធរស់រានមានជីវិតដែលកម្មករនិយោជិត ក៏ដូចជាពលរដ្ឋទូទៅ គឺទទួលបានត្រឹមតែវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ប៉ុណ្ណោះ។

ប៉ុន្តែសិទ្ធិរស់រានមានជីវិតដោយការទទួលបាននូវរបបអាហារហូបចុកឲ្យបានសមរម្យ រដ្ឋាភិបាលមិនទាន់បានអនុវត្តនៅឡើយទេ។ កញ្ញាបន្តថា មនុស្សអាចស្លាប់ដោយសារជំងឺ តែក៏អាចស្លាប់ដោយសារការអត់អាហារដែរ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្នុងសេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ បានឱ្យដឹងថា នៅពាក់កណ្តាលខែមេសា នេះ ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ គ្រោងកាត់បុគ្គលិកចំនួនជាង ១ពាន់នាក់ ចេញពីការងារក្រោមហេតុផលថា ជួបវិបត្តិសេដ្ឋកិច្ច ដោយសារ តែជំងឺ Covid-19៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.