លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សែន នៃចន្ទនេះ បានចេញលិខិតថ្លែងអំណរគុណដល់ឧកញ៉ាចំនួន ៧៤រូប ដែលបានបរិច្ចាគថវិការរបស់ពួកគេ ដើម្បីជួយរដ្ឋាភិបាលរបស់លោក ក្នុងការទប់ការស្កាត់ការរីករាលនៃវីរុសកូវិដ១៩ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ និងវិធានការបិទខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីឧកញ៉ាធំៗជាច្រើននៅកម្ពុជាបាននាំគ្នាផ្តល់ប្រាក់ឧបត្ថម្ភ ដល់រដ្ឋាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ១៩។
ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ងសាំង កុមារ បានប្រាប់សារព័ត៌មាន tHE cAMBODIA DIALY នៅថ្ងៃទី៣ មេសា នេះថា រដ្ឋាភិបាលត្រូវមានថវិកាជាតិពេញលេញក្នុងដៃដែលប្រមូលបានពីការបង់ពន្ធនានារបស់ពលរដ្ឋ ដើម្បីត្រៀមទុកប្រើប្រាស់ ក្នុងពេលប្រទេសជាតិ និងប្រជាជនពេលមានវិបត្តិ។
លោក អះអាងថា ការចូលរួមថវិការបស់សប្បុរសជននានា ជាដំណើរការធម្មតាក្នុងការជួយរបស់ពួកគេ ប៉ុន្តែរដ្ឋាភិបាល មិនត្រូវរំពឹងលើថវិកាទាំងនោះទេ គឺត្រូវតែត្រៀមថវិកាក្នុងដៃរបស់ខ្លួន ឲ្យបានគ្រប់គ្រាន់ជានិច្ច ព្រោះថាអ្វីដែលរដ្ឋាភិបាលត្រូវធ្វើនៅពេលនេះ មិនមែនត្រឹមដាក់ចេញនូវវិធានការទប់ការឆ្លងជំងឺវីរុសកូវីដ១៩ ប៉ុណ្ណោះទេ គឺត្រូវផ្តល់ជំនួយសង្គមទៅដល់ ពលរដ្ឋដែលខ្វះខាតឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាថែមទៀត។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានធ្វើយុទ្ធនាការទទួលយកការឧបត្ថម្ភសាច់ប្រាក់ពីប្រជាពលរដ្ឋពីគ្រប់ទិសទី ដើម្បីប្រមូលថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋ ក្នុងនោះ រដ្ឋាភិបាលទទួលបានការឧបត្ថម្ភជាទឹកប្រាក់ចំនួនជាង ៥0លានដុលា្លរអាមេរិក។
ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ អះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរុសCovid-19 ថ្មីចំនួន៨៤១នាក់ រីឯអ្នកជាសះស្បើយថ្មីចំនួន៦១នាក់ និងអ្នកស្លាប់ថ្មីចំនួន៤នាក់។
ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19សរុបបានកើនឡើងដល់ទៅជាង ១ម៉ឺន ៥ពាន់នាក់ ចំណែកអ្នកជាសះស្បើយសរុបចំនួនជាង ៥ពាន់នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួនជាង ៩ពាន់នាក់ ដោយឡែកអ្នកដែលស្លាប់បានកើនឡើងដល់ ១០៦នាក់ផងដែរ៕