34 C
Phnom Penh

បទល្មើសឈូសបំផ្លាញព្រៃកោងកាង នៅស្រុកស្រែអំបិល បានបន្តកើតមានអនាធិបតេយ្យ

បទវិភាគ

ពលរដ្ឋរស់នៅស្រុកស្រែអំបិល អះអាងថា សកម្មភាពគ្រឿងចក្រឈូសឆាយបំផ្លាញដីព្រៃលិចទឹក ឬព្រៃកោងកាង ដើម្បីរានដីធ្វើកម្មសិទ្ធិខុសច្បាប់ របស់បុគ្គលមួយចំនួននៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ និងមិនទាន់មានអាជ្ញាធរមូលដ្ឋានទប់ស្កាត់នោះឡើយ។

ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់បានឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រ និងរថយន្តដឹកដី ជាច្រើនគ្រឿង បានធ្វើសកម្មភាពជីកប្រឡាយ និងឈូសបំផ្លាញដីព្រៃកោងកាង ឬលិចទឹក ដែលជាជម្រកត្រីបន្តពូជនៅត្រង់ចំណុចអង្កាំ ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ពួកគេបានសំណូមពរដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយបញ្ជូនមន្ត្រីជំនាញ ចុះទប់ស្កាត់បទល្មើសឈូសឆាយដីព្រៃកោងកាង ដើម្បីធ្វើកម្មសិទ្ធិឯកជនខុសច្បាប់ទាំងនេះ ឲ្យបានឆាប់ ព្រោះថា បទល្មើសនេះ កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ហើយមិនមានអាជ្ញាធរ ចុះទប់ស្កាត់នោះទេ។

ក្រុមអ្នកស្រុក បានឲ្យដឹងថា សកម្មភាពឈូសឆាយព្រៃកោងកាង ដើម្បីកំណត់ព្រំដីព្រៃលិច នៅឃុំស្រែអំបិល រាល់ថ្ងៃនេះ គឺមានចំនួន ០២ទីតាំង ដោយទីតាំងដីមួយកន្លែងមានទំហំផ្ទៃដីជាង ១ហិកតារ និងមួយកន្លែងទៀត មានផ្ទៃដីមានទំហំប្រមាណ ២០ហិកតារឯណោះ។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក ជា ចន្ទកញ្ញា អភិបាលស្រុកស្រែអំបិល និងអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបញ្ជាក់បន្ថែម ជុំវិញបទល្មើសឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល បាននៅឡើយទេ នៅថ្ងៃចន្ទ ទី០៣ ខែឧសភា នេះ។

ប៉ុន្តែមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកស្រែអំបិល ម្នាក់បានឲ្យដឹងថា សកម្មភាពប្រើគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក នៅមូលដ្ឋានខាងលើនេះ គឺធ្វើឡើងដោយខុសច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.