រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា នេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អ្នកសារព័ត៌មានទាំងឡាយណាដែលផ្សាយរឿងCovid-19 នៅតំបន់ក្រហម និងថតរថយន្តសង្គ្រោះបន្ទាន់រួចធ្វើ អត្ថាធិប្បាយផ្ទាល់ ដែលធ្វើឱ្យសាធារណជនភ័យច្រឡំ បង្កភាពជ្រួលច្របល់ក្នុងសង្គម។
ការព្រមានរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន កាលពីយប់ថ្ងៃទី៣ ខែឧសភា បានចុះយកព័ត៌មាន និងផ្សាយផ្ទាល់ ករណីរថយន្តពេទ្យដឹកអ្នកជំងឺ Covid-19 ជាច្រើនគ្រឿងបាន កកស្ទះនៅមុខ ពហុកីឡាដ្ឋានអូឡាំពិក។
ក្រៅពីផ្សាយផ្ទាល់រឿងរថយន្តកកស្ទះហើយ ក៏មានសម្ភាសន៍អ្នកជំងឺ Covid-19 ជាង ២០នាក់ នៅឈរនៅជិតនោះ ដោយខាងគ្រូពេទ្យមិនទាន់បានចូលឲ្យសម្រាកព្យាបាល បើទោះបីជាពួកគេបាននាំគ្នាដេកលើសួននៅនៃស្តាតអូឡាំពិក អស់រយៈពេល ពេញមួយយប់ទៅហើយក្ដី។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា កន្លងមកអ្នកសារព័ត៌មានជាតិ និងបរទេសមួយចំនួន បានចុះយកព័ត៌មាន និងផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាពិសេសតំបន់ក្រហម និងតំបន់ហាមឃាត់។
ក្រសួងបញ្ជាក់ថា តំបន់ទាំងនោះ មានដូចជា មណ្ឌលព្យាបាលជំងឺ Covid-19 រដ្ឋ និងឯកជន ព្រមទាំងធ្វើសកម្មភាពដេញថតរថយន្សង្គ្រោះបន្ទាន់ ដោយផ្សាយផ្ទាល់អត្ថាធិប្បាយអំពីហេតុការណ៍ ពាក់ព័ន្ធនឹងផ្នែកបច្ចេកទេសសុខាភិបាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងដោយគ្មានមូលដ្ឋាន ដែលធ្វើឱ្យសាធារណជនយល់ច្រឡំបង្កភាពជ្រួលច្របល់នៅក្នុងសង្គម និងប្រឈមនឹងឆ្លងរាលដាលជំងឺCovid-19 ធ្ងន់ធ្ងរផងដែរ។
ករណីនេះក្រសួងព័ត៌មាន បានឱ្យអ្នកសារព័ត៌មានបញ្ឈប់រាល់សកម្មភាពខាងលើបន្ទាន់ បើមិនដូច្នោះទេ អ្នកសារព័ត៌មានទាំងនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារនៅល្មើសបម្រាម និងសេចក្ដីដំណឹងរបស់រដ្ឋាភិបាល។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃម្សិលមិញ ក្រុមសង្គមស៊ីវិលចំនួន៤៥ ស្ថាប័ន បានសេចក្តីថ្លែងការណ៍មួយថា គិតចាប់តាំងពីអំឡុងខែមករា ដល់ខែមេសាឆ្នាំនេះ មានអ្នកកាសែត៣ នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន និងប្រព័ន្ធផ្សព្វផ្សា យចំនួន ៦ត្រូវបានក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ ដោយសារតែសកម្មភាពរាយការណ៍ព័ត៌មានទាក់ទងនឹងជំងឺCovid-19៕