មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការសម្រេចបញ្ចប់ ការបិទខ្ទប់ ហើយបើកឲ្យដំណើរការឡើងវិញនូវភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាភិបាលកម្ពុជា គឺជាវិធីសាស្ត្រដែលអាចជួយបើកចរន្តសេដ្ឋកិច្ច របស់ពលរដ្ឋឡើងវិញ ក្នុងគ្រាលំបាកនេះ។
ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ ឧសភា នេះថា ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 បន្ទាប់ពីបញ្ចប់ការបិទខ្ទប់នេះ រដ្ឋាភិបាលត្រូវតែដាក់វិធានការ ធ្វើតេស្តរហ័សរកវីរុសCovid-19 ឲ្យបានឆាប់។ លើសពីនេះ ត្រូវគ្រប់គ្រងបណ្ដុំ ឬចង្កោមអ្នកឆ្លងថ្មី ឲ្យបានត្រឹមត្រូវច្បាស់លាស់ ដោយមិនចាំបាច់បិទជាលក្ខណៈទ្រង់ទ្រាយធំដូចមុន បន្តទៀតនោះទេ។
លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលអាចគ្រប់ចង្កោមអ្នកឆ្លងថ្មីៗ តាមតំបន់ ឬទីតាំងនីមួយៗ បានត្រឹមត្រូវច្បាស់លាស់ និងឲ្យបានកាន់តែរួមតូចនោះ គឺរឹតតែធ្វើឲ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។
ដូចជា ការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ឬការ ផ្តល់ជំនួយសង្គមទៅដល់ពលរដ្ឋដែលកំពុងតែខ្វះខាត ក្នុងតំបន់បិទខ្ទប់ ជាដើម។
លោកបញ្ជាក់ថា ដើម្បីចៀសវាងការអនុវត្តវិធានការដែលមិនទាន់ចាំបាច់ និងបញ្ចៀសនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋផង នោះ។ រដ្ឋាភិបាលគួរពិចារណាលើកលែង ចំពោះការតម្រូវឲ្យធ្វើ ចត្តាឡីស័ក សម្រាប់អ្នកឆ្លង ពីខេត្តមួយ ពីខេត្តទៅខេត្តមួយទៀត ផងដែរ ព្រោះថាបើនៅតែអនុវត្តវិធានការនេះបន្តទៀត នោះចរន្តសេដ្ឋកិច្ចតាមបណ្តាខេត្តនីមួយៗនៅតែមិនអាចងើបឡើងវិញបានដដែល។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ចំពោះពលរដ្ឋដែលធ្វើដំណើរឆ្លងខេត្ត អាជ្ញាធរមូលដ្ឋានអាចប្រើវិធានការ វាស់កម្តៅ បាញ់អាល់កុល និងប្រើវិធីធ្វើតេស្តរហ័សជាដើម។ លើសពីនេះ ប្រមុខរដ្ឋាភិបាលក៏ត្រូវធ្វើសេចក្តីណែនាំលម្អិតបន្ថែមទៀត ដើម្បីអាចទប់ស្កាត់ការចម្លងវីរុសCovid-19 ឲ្យកាន់តែមានប្រសិទ្ធភាព និងអាចធ្វើឲ្យដំណើរការឡើងវិញនូវចរន្តសេដ្ឋកិច្ចរបស់ពលរដ្ឋតាមបណ្តាខេត្ត។
លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ តទៅ។ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការ ការឆ្លងរាលដាលនៃជំងឺCovid-19 របស់អាជ្ញាធរមូលដ្ឋានដោយផ្ទាល់។
ការចេញសេចក្តីសម្រេចនេះធ្វើឡើង ស្របពេលដែលស្ថានភាពនៃការឆ្លងវីរុសCovid-19 នៅក្នុងទីក្រុងភ្នំពេញ ពុំទាន់មានការថមថយនៅឡើយ។ សេចក្តីសម្រេចដដែលនោះ បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការបិទខ្ទប់ផ្នែកណាមួយ នៃភូមិសាស្ត្រទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ការឆ្លងវីរុសCovid-19 គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានដែលជាអ្នកសម្រេចវិញម្តង។
ប្រមុខរដ្ឋាភិបាលធ្លាប់បានសម្រេចបិទទីក្រុង ដែលមានការឆ្លងវីរុសCovid-19 យ៉ាងធ្ងន់ធ្ងរ ទាំងពីរនេះ អស់រយៈពេលប្រមាណ ៤សប្តាហ៍ហើយ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បាន អះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជាមានវីរុសCovid-19 ថ្មីចំនួន ៩៣៨នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៣៦១នាក់ ដោយឡែកអ្នកស្លាប់ថ្មីមានចំនួន ១នាក់ផងដែរ។
ក្រសួង បញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ១ម៉ឺន ៦ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជិត ៦ពាន់នាក់ និងអ្នកកំពុងព្យាបាលមានចំនួនជាង ១ម៉ឺននាក់ ខណៈ អ្នកស្លាប់បានកើនឡើងដល់ ១០៧នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងវីរុសCovid-19 ថ្មីចំនួន ៩៣៨នាក់ ក្នុងនោះទីក្រុងភ្នំពេញមានអ្នកឆ្លងថ្មីដល់ទៅ ៦០៨នាក់ ឯណោះ ខណៈ ខេត្តកណ្តាលមានអ្នកឆ្លងថ្មីមានចំនួន ១៧៥នាក់ ផងដែរ៕
មានលអ្នកឆ្លងថ្មីមានចំនួន ១៧៥នាក់ ផងដែរ៕