33 C
Phnom Penh

ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមានថា ការប្រើវិធានការធ្វើចត្តាឡីស័កតាមខេត្ត ស្មើនឹង កំពុងប្រើវិធានការក្នុងរដ្ឋបង្កើតរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានប្រិតកម្មទៅនឹង អាជ្ញាធរខេត្តដែលបានចេញវិធានការតម្រូវឲ្យពលរដ្ឋ ធ្វើដំណើរឆ្លងខេត្តត្រូវធ្វើចត្តាឡីស័កកន្លងមកថា កំពុងប្រើវិធានការ ក្នុងរដ្ឋបង្កើតរដ្ឋ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ឲ្យអាជ្ញាធរមូលដ្ឋានកែប្រែវិធានការរបស់ខ្លួនជាបន្ទាន់ មិនត្រូវធ្វើចត្តាឡីស័កចំពោះពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរ ចូលក្នុងខេត្តរបស់ខ្លួននោះទេ ប៉ុន្តែគ្រាន់តែចាត់វិធានការនេះ ចំពោះអ្នកដែលមានការសង្ស័យថា អាចនឹងមានជំងឺCovid-19 ប៉ុណ្ណោះ ។

លោកអះអាងថា បើនៅតែបន្តអនុវត្តវិធានការធ្វើចត្តាឡីស័កបែបនេះ ទៀត នោះពលរដ្ឋហាក់ដូចស្ថិតនៅ ក្នុងវិធានការបិទខ្ទប់ដដែល ហើយវិធានការនេះស្មើនឹងបែងចែកកម្ពុជា ទៅជា ២៥ប្រទេសដូច្នោះដែរ។ លើសពីនេះ គឺនាំទៅដល់ការគាំងក្បាលម៉ាស៊ីន សេដ្ឋកិច្ចរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៀតផង។

លោក ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរតាមខេត្តត្រូវតែកែសម្រួលសេចក្តីសម្រេចរបស់ខ្លួនដើម្បីឲ្យពលរដ្ឋ អាចធ្វើដំណើរឆ្លងខេត្តបានឡើងវិញ ជាបន្ទាន់ ដើម្បីកុំឲ្យវិធានការទាំងនោះជ្រុលហួសរហូតដល់សម្លាប់សេដ្ឋកិច្ចប្រជាពលរដ្ឋទាំងមូល។

បទបញ្ជានេះធ្វើឡើងដើម្បី ជំរុញឲ្យអាជ្ញាធរតាមខេត្តនីមួយៗកែប្រែសេចក្តីសម្រេចរបស់ខ្លួនដែលតម្រូវឲ្យពលរដ្ឋធ្វើដំណើរ ឆ្លងខេត្តត្រូវធ្វើចត្តាឡីស័ក ក្នុងខេត្តរបស់ខ្លួនគ្រប់គ្នានាពេលកន្លងមក។

លោក ហ៊ុន សែនបានចេញបទបញ្ជានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយប្រតិកម្មខ្លាំងៗទៅនឹងវិធានការអាជ្ញាធរខេត្តមួយចំនួនដែលតម្រូវឲ្យពលរដ្ឋ ដែលបានធ្វើដំណើរចូលក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើ             ចត្តាឡីស័កកន្លងមកនោះ ថាត្រូវតែកែប្រែវិធានការនេះជាបន្ទាន់។

ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញសេចក្តីណែនាំមួយ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ ស្ដីពីកាអនុវត្តវិធានការ ចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលទៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុរបស់ខ្លួនថា ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឬត្រូវមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងទាំង២លើកផងដែរ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ខែឧសភា នេះថា វិធានការដែលអាជ្ញាធរមូលដ្ឋានអនុវត្តដោយតម្រូវឲ្យពលរដ្ឋធ្វើដំណើរឆ្លងខេត្ត ត្រូវតែធ្វើចត្តាឡីស័កកន្លងមក មិនមែនជាវិធានការជួយស្ដារសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងខេត្តរបស់ខ្លួននោះទេ។

លោកអះអាងថា ការអនុវត្តវិធានការមួយចំនួនរបស់អាជ្ញាមូលដ្ឋានកន្លងមក ហាក់មានភាពជ្រុលហេតុទៅលើពលរដ្ឋជាញឹកញាប់                     ជាពិសេស ក្នុងពេលនេះ ប្រមុខរដ្ឋាភិបាល បានប្រគល់សិទ្ធិស្វ័យសម្រេចដល់ខ្លួនទៀតនោះ គួរតែប្រយ័ត្នពីផលប៉ះពាល់នៃសេចក្តីសម្រេចរបស់ខ្លួនទៅលើផលប្រយោជន៍របស់ប្រជាជនឲ្យបានខ្ពស់ជាទីបំផុត។

ជុំវិញបញ្ហានេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ចន្ទសោភ័ណ បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនរបស់លោកថា ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាកំហិត។

នៅពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដដែលនោះ លោក ហ៊ុន សែន បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យដំណើរការចេញ ចូល ដូចប្រក្រតីឡើងវិញនៅតាមបណ្តាខេត្តនីមួយៗ និងរមណីយដ្ឋាន នានានៅទូទាំងប្រទេស តាមធម្មតាវិញបន្ទាប់ពីលោកបានចេញបម្រាមបិទខ្ទប់នេះអស់រយៈពេល១ខែរួចមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស