28 C
Phnom Penh

យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19 ចាប់តាំងពីជម្ងឺនេះបានផ្ទុះសាជាថ្មីនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពីកម្ពុជា ផ្ទុះជំងឺCovid-19 ជាង ១ឆ្នាំមកនេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានស្ត្រីមានផ្ទៃពោះស្លាប់ ដោយសារជំងឺCovid-19នៅឡើយ ប៉ុន្តែនៅក្នុងខែឧសភា នេះ គឺមានកម្មការិនីរោងចក្រចំនួន ២នាក់ បានស្លាប់ទាំងម្ដាយ ទាំងកូនក្នុងផ្ទៃពោះ ៧ខែ ដោយសារតែជំងឺCovid-19។

កម្មការិនីរោងចក្រដែលមានផ្ទៃពោះ ៧ខែម្នាក់ទៀតស្លាប់ដោយសារតែជំងឺ Covid-19 នៅថ្ងៃទី១០ ខែឧសភា។ នេះជាករណីទី២ ហើយ បន្ទាប់ពីករណីទី១ បានកើតឡើងលើស្ត្រីជាកម្មការិនីរោងចក្រមានផ្ទៃពោះ ៧ខែ ម្នាក់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមចុះថ្ងៃទី១០ ខែឧសភានេះ ឱ្យដឹងថា ស្ត្រីដែលស្លាប់ដោយសារជំងឺ Covid-19 មាន            ផ្ទៃពោះ ៧ខែ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ ស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃស។

ប្រភពដដែលឲ្យដឹងថា កម្មការិនីដែលស្លាប់កំពុងមានផ្ទៃពោះ ៧ ខែ រូបនេះ មានអាយុ ២៧ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថា កម្មការិនីរូបនេះ និងស្វាមី បានធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើតកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសង្ស័យថា មានជំងឺCovid-19 ខណៈដែលពួកគាត់ទាំងពីរមកពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី៦ ខែឧសភា ស្ត្រីរូបនេះ មានអាការៈ ក្តៅខ្លួន ក្អក ហត់ ដោយក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្ដរហ័សCovid-19 ទទួលបានលទ្ធផលវិជ្ជមានCovid-19។

ប្រភពបានបញ្ជាក់ទៀតថា ដោយសារការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស និងប្រើម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន ហើយអ្នកជំងឺបានបាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បណ្ដាលមកពីរលាកសួតធ្ងន់ធ្ងរ ដោយសារ វីរុសCovid-19 ខណៈកំពុងមានផ្ទៃពោះ ៧ខែ។

នេះជាករណីទី២ ហើយដែលស្ត្រីជាកម្មការិនីរោងចក្រមានផ្ទៃពោះ ៧ ខែ ស្លាប់ ដោយសារ ជំងឺCovid-19 ក្នុងខែឧសភានេះ។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្មការិនីមានផ្ទៃពោះ៧ខែ ម្នាក់ រស់នៅខេត្តកំពង់ស្ពឺ ដែលធ្វើការនៅរោងចក្រ ស្តារម៉ាស្ទ័រ & ហ្វ្រែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ ដោយសារ ជំងឺCovid-19 ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ លោក មឿន តុលា សង្កេតឃើញថា និយោជក និង             រដ្ឋាភិបាលនៅមិនទាន់យកចិត្តទុកដាក់ ចំពោះជីវិតកម្មករជាពិសេសអ្នកមានផ្ទៃពោះនៅឡើយទេ ទោះបីដឹងថា ពួកគាត់ធ្វើការនៅកន្លែងចង្អៀតហើយការទៅធ្វើការជិះរថយន្ត ប្រជ្រៀតគ្នាប្រឈមនឹងហានិភ័យក្នុងការឆ្លងជំងឺ Covid-19ក៏ដោយ។ 

ក្រៅពីបញ្ហាខាងលើលោកថា  សូម្បីតែការចែកស្បៀងអាហារ អំឡុងពេលបិទខ្ចប់ ក៏មិនបានគ្រប់គ្រាន់ ដោយអ្នកខ្លះមិនបានស្បៀងអាហារ និងអ្នកខ្លះទៀតបានតិចតួចបរិភោគមិនគ្រប់ថ្ងៃ ខណៈបន្ទប់ជួលមួយនៅគ្នាច្រើន។

លោកបន្តថា រដ្ឋាភិបាល និងក្រុមហ៊ុន រួមទាំងម្ចាស់បញ្ចេញទិញ គួរតែបញ្ចេញថវិកា ដើម្បីជួយដល់កម្មករ អំឡុងពេលបិទខ្ចប់នេះ។

លោកបន្តថា ប្រសិនជាកន្លែងធ្វើការ និងការធ្វើដំណើររបស់កម្មករមិនទាន់មានសុវត្ថិភាពទេ លោកស្នើឲ្យក្រុមហ៊ុន កុំយកជីវិតកម្មករទៅប្រថុយនឹងគ្រោះថ្នាក់ និងកុំគិតតែពីសេដ្ឋកិច្ចរហូតដល់ភ្លេចគិតពីអាយុជីវិតកម្មករ។

គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺCovid-19 សរុបជិត២ម៉ឺននាក់ (១៩,៧៤៣) ក្នុងនោះ អ្នកជំងឺ ព្យាបាលជាសះស្បើយ សរុបជិត ៨ពាន់នាក់ (៧,៨២០) នាក់ និងអ្នកស្លាប់ ដោយសារ ជំងឺCovid-19 មានចំនួន ១២៦នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស