27 C
Phnom Penh

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការវិលចូលស្រុករបស់មន្ត្រីបក្សប្រឆាំង គឺដើម្បីប្រមូលផលប្រយោជន៍ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការវិលចូលស្រុករបស់មន្ត្រីបក្សប្រឆាំងបានបង្ហាញថា ពួកគេសុទ្ធតែជាក្រុមអ្នកនយោបាយកំសាក ដែលប្រើប្រាស់នយោបាយ ជាជំនួញអាជីវកម្ម និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់តែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅនៅថ្ងៃសុក្រនេះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះថា ក្រៅពីបន្ទន់ឥរិយាបថ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងស្រុក។ ពួកគេទំនងជា ដើម្បីព្យាយាមរាវរកផ្លូវ ភ្ជាប់ឲ្យក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀត អាចចូលស្រុកវិញបាន ដើម្បីកុំឲ្យហួសពេល បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ តាមផែនការសហការគ្នាក្រោយវាំងនន ជាមួយនឹងលោក ហ៊ុន សែន។

លោកអះអាងថា មន្ត្រីបក្សប្រឆាំងទាំងនេះ តែងតែ ក្លែងបន្លំធ្វើជាអ្នកក្លាហាន ក្នុងស្ថានភាពនយោបាយធូរស្រាល ប៉ុន្តែពេលសភាពការណ៍តានតឹង ពួកគេនាំគ្នារត់ចោលសកម្មជនថ្នាក់ក្រោមទាំងអស់។ លុះដល់ចុងក្រោយ ទើបនាំគ្នាឈ្មុលក្រោមអំណាចរបស់លោក ហ៊ុន សែន ដើម្បីរកឱកាសការពារទ្រព្យនៅក្នុងស្រុក និងទៅលួងលោមបញ្ឆោតពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរកកៅអីតំណាងរាស្ត្រ ក្នុងរូបភាពគណបក្សដែលពួកគេរៀបចំបម្រុងទុក នាពេលកន្លងមកនោះ។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគី លោក សម រង្ស៊ី អ្នកស្រី ថាក់ ឡានី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ បានវិលមកដល់កម្ពុជាវិញ ហើយតាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបាននិរទេសខ្លួនទៅនៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនោះ។

ទាក់ទិននឹងបញ្ហានេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគារ រយៈពេល ១ឆ្នាំ និង ៦ខែ និងពិន័យជាទឹកប្រាក់ ៨លានរៀល ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ អតីតសមាជិកព្រឹទ្ធសភារបស់អតីតបក្សប្រឆាំងរូបនេះ ដែលតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណី ចោទប្រកាន់ លោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយនៃការសម្លាប់បណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ កន្លងទៅនោះ។

អ្នកស្រី ថាក់ ឡានី បានប្រាប់អ្នកសារព័ត៌មាននៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ថា ការចាកចេញពីកម្ពុជា គឺដោយសារតែការបំភ័យរបស់អតីតមេដឹងនាំបក្សប្រឆាំងតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អ្នកស្រី ពិតជាអរគុណលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងណាស់ ដែលបានលើកលែងទោសឲ្យអ្នកស្រីបានត្រឡប់ មកដល់កម្ពុជាវិញ។

ក្រៅពីការសុំសិទ្ធិធ្វើនយោបាយឡើងវិញ មន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី ដែលនិរទេសខ្លួនរស់នៅក្រៅប្រទេស អ្នកស្រី ថាក់ ឡានី គឺជាមនុស្សដំបូងគេ ដែលបានសម្រេចចិត្តវិលមកកម្ពុជា វិញបានដោយជោគជ័យ ខណៈមាតុភូមិនិវត្តន៍ដើម្បីរកផ្លូវចរចានយោបាយ ជាមួយលោក ហ៊ុន សែន របស់អនុប្រធានគណបក្សប្រឆាំងអ្នកស្រី មួរ សុខហួរ កាលពីដើមឆ្នាំ២០២១ ត្រូវបរាជ័យទាំងស្រុង។

គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ មន្ត្រី និងសកម្មជនបក្សប្រឆាំងបាននាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញព្រោងព្រាត ប្រមាណជាង ២០នាក់ហើយ ខណៈមួយចំនួនបាននាំគ្នាទៅបង្កើតគណបក្សដោយខ្លួនឯង និងខ្លះទៀត មិនទាន់បានបង្ហាញសកម្មភាពនយោបាយណាមួយនៅឡើយទេ។

អតីតមន្ត្រីបក្សប្រឆាំង ដែលបានសម្រេចទៅបង្កើតបក្សដោយខ្លួនឯង ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះមាន លោក   ជីវ កត្តា និងលោក កង គឹម ហាក់ បានបង្កើតគណបក្ស ខ្មែរស្រលាញ់ជាតិ រីឯ លោក គង់ គាំ និងលោក គង់ មុនីនា បានដឹកនាំគណបក្សឆន្ទៈខ្មែរ ខណៈ លោក រៀលខេរិន្ទ បានបង្កើត គណបក្ស ខ្មែរអភិរក្ស និង លោក អ៊ូ ចន្ទរ័ត្ន បង្កើតគណបក្ស កែទម្រង់កម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស