28 C
Phnom Penh

គណបក្សក្រៅរដ្ឋាភិបាល ជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាបើកទូលាយនូវសិទ្ធិសេរីភាពសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាននៅ កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យពួកគេអាចបំពេញ   តួនាទីកាន់តែងាយស្រួល ស្របតាមវិជ្ជាជីវៈ ដោយគ្មានការរំខានពីអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តទៀត។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ឧសភា នេះថា តួនាទីរបស់អ្នកសារព័តមានពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវសកម្មភាពរបស់អ្នកតំណាងគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យម្ចាស់ឆ្នោតបានដឹងពីសកម្មភាពរបស់ពួកគេ បន្ទាប់ពីអ្នកទាំងនោះទទួលបានការគាំទ្រពីប្រជាពលរដ្ឋហើយនោះ។

លោកអះអាងថា កម្ពុជា គឺជាប្រទេសដែលកំពុងអនុវត្តនៅប្រព័ន្ធប្រជាធិបតេយ្យនៅក្មេងខ្ចីនៅឡើយ ដូច្នេះរដ្ឋាភិបាលគួរតែប្រុងប្រយ័ត្នលើសកម្មភាពរបស់ខ្លួន និងត្រូវណែនាំទៅដល់មន្ត្រីមូលដ្ឋានឲ្យចៀសវាងនូវការប្រើអំពើហិង្សា ឬការគំរាមកំហែងណាមួយទៅដល់អ្នកសារព័ត៌មានដែលបានបំពេញបេសកកម្មតាមវិជ្ជាជីវៈរបស់ពួកគេ។

លោកបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពជូនអ្នកសារព័ត៌មានឲ្យចៀសផុតពីការគំរាមកំហែង រដ្ឋាភិបាលគួររៀបចំឲ្យមានអង្គភាពទទួល                         បណ្តឹង និងដំណោះស្រាយភ្លាមៗ នៅពេលដែលអ្នកសារព័ត៌មានទទួលរងនូវការគំរាមកំហែង ឬការប្រើអំពើហិង្សាផ្សេងៗលើពួកគេ                   ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដែលមានចេតនាលាក់បាំងរឿងអាស្រូវរបស់ខ្លួន ក្នុងពេលដែលអ្នកសារព័ត៌មានធ្វើការស៊ើបអង្កេតនោះ។

តំណាងអង្គការសមាគមន៍សារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចំនួន៧ស្ថាប័ន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយដាក់ចំណងជើងថា អ្នកសារព័ត៌មានគួរតែមានសេរីភាព មិនរងការគំរាមកំហែង ដើម្បីបំពេញការងារជាដៃគូមិនអាចខ្វះបាន និងប្រកបដោយប្រសិទ្ធិជាមួយនឹងរដ្ឋាភិបាល។

តំណាងអង្គការសមាគមន៍សារព័ត៌មានទាំងនោះ បានទទូចឲ្យរដ្ឋាប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើការណែនាំទៅកាន់មន្ត្រី និងអាជ្ញាធរមូលដ្ឋានរបស់ខ្លួន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់នៅសកម្មភាពគំរាមកំហែង ប្រមាថ និងការរឹតត្បិតទាំងឡាយដែលប្រឆាំង អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ពួកគេ។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសទិវាសារព័ត៌មានសកលលោក លើកទី២៨ លោក ហ៊ុន សែន បានអះអាងថា វិស័យសារព័ត៌មានកាន់តែមានសារៈសំខាន់ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការភ្ជាប់ទំនាក់ទំនង រវាងរដ្ឋាភិបាល និងពលរដ្ឋដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋវិញ។

បែបនេះក្តី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ អ្នករាយការណ៍សារព័ត៌មានក្នុងស្រុក វីអូឌី លោក ឃុត សុគន្ធ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ដកយកសម្ភារៈ និងហាមមិនឲ្យថតរូប អំឡុងពេលលោកចុះយកព័ត៌មានទាក់ទិននឹងការតវ៉ារបស់ពលរដ្ឋដែលទាមទារឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយវិវាទរឿងដីធ្លីរបស់ពួកគាត់ រហូតមានការបិទកំណាត់ផ្លូវជាតិលេខ៥ ថែមទៀតផង។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានថ្លែងសុន្ទរកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ថា ចរន្តស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងតែដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ ពិសេសគឺចាប់តាំងពីការបើកយុទ្ធនាការបង្ក្រាបលើប្រព័ន្ធសារព័ត៌មានឯករាជ្យ កាលពីខែសីហា ឆ្នាំ២០១៧មក។

របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០។ ចំណែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បានបន្តធ្លាក់ចុះ៣ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស