ចិនទំនងបាក់មុខបន្តិចទេ ដែលប្រទេសជាង៥០និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ប្រទេសអាស៊ីធំមួយនេះ ករណី រំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងប្រទេសចិន លើជាតិសាសន៍ភាគតិច នៃសហគមន៍វីហ្គ័រ ។
ការថ្កោលទោសចិន ធ្វើឡើងក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនៅ ក្រុងញូយ៉កសហរដ្ឋអាមេរិក ទោះបីចិន បានព្យាយាម ទទូចដល់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិអោយ កុំទៅ ចូល រួមនឹងព្រឹត្តិការណ៍នេះក៏ដោយ។
កាសែត The Washington Post បានចុះផ្សាយថា វេទិកានេះ បានប្រព្រឹត្តទៅតាមអនឡាញដោយ តំណាងប្រទេសជាច្រើន ប្រចាំនៅអង្គការសហប្រជាជាតិដល់ ជាង៥០ប្រទេស បូកនឹងអង្គការអន្តរជាតិ ជាច្រើន បានចូលរួមបញ្ចេញមតិនិង របាយការណ៍អំពី កំណត់ហេតុនៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសចិន ជាពិសេសគឺនៅតំបន់ស៊ីនជាំង នៃសហគមន៍ម៉ូស្លីម វីហ្គ័រ។
ប្រទេសប្រជាធិបតេយ្យ និងក្រុមអង្គការសិទ្ធិមនុស្ស បានចោទអាជ្ញាធរចិនថា បានចាប់ខ្លួន និងធ្វើទារុណកម្មជនជាតិភាគតិច វីហ្គ័រ និងជនភាគតិចឯទៀតប្រមាណជាងមួយលាននាក់នៅតាមកន្លែងឃុំឃាំងជាច្រើននៅតំបន់ស៊ីនជាំង។
តែរដ្ឋាភិបាលចិនបកស្រាយថា ទីតាំងទាំងនោះ មិនមែនជាកន្លែងឃុំខ្លួនឡើយ តែជាមណ្ឌលកែប្រែ ជម្រុះសតិអារម្មណ៍ជ្រុលនិយម និងផ្ដល់ការបណ្ដុះបណ្ដាលឱ្យពួកគេប៉ុណ្ណោះ។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស មានអង្គការលើកលែងទោស អន្តរជាតិAmnesty International អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស របស់អាមេរិក Human Rights Watch បានហៅថាជាកន្លែងលុតដុំ និងធ្វើទារុកម្មធ្ងន់ធ្ងរ។ ក្រុមសិទិ្ធមនុស្ស បានហៅ ជាអំពើប្រល័យពូជសាសន៍។
នាយករដ្ឋអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ប្រចាំអង្គការសហប្រជាជាតិ Louis Charbonneau បានចោទថា ចិនកំពុងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទៅលើ សហគមន៍ម៉ូស្លីមតួកគី វីហ្គ័រ។ Human Rights Watch បានសុំអោយ អង្គការសហប្រជាជាតិ ចោទបក្សកុម្មុយនិស្តចិន ថាជាក្រុមឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
ក្រុមប្រទេសលោកខាងលិច តែងតែទាមទារឱ្យចិនបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចនៅខេត្តស៊ីនជាំង ទីដែលមនុស្សប្រមាណ១លានប្រាំសែននាក់ ត្រូវគេជឿថា ត្រូវជាប់ក្នុងកន្លែង ធ្វើទារុណកម្មធ្ងន់ធ្ងរ។ ទោះជាចិន ប្រឆាំងនឹងវេទិកានេះក៏ដោយ ក៏ព្រឹត្តិការណ៍នេះ នៅតែធ្វើឡើងតាមការគ្រោងទុក ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដោយពិភាក្សាគ្នាអំពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង និងមធ្យោបាយដែលអន្តរជាតិអាចជំរុញអោយមានការគោរពសិទ្ធិសេរីភាពរបស់ជនភាគតិចនៅតំបន់នោះឡើងវិញ។
ក្នុងព្រឹត្តិការណ៍នេះ តំណាងប្រទេសកាណាដា អូស្ត្រាលី នូវែលសេឡង់ និងប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏ជាអ្នកគាំទ្រវេទិកានេះ ហើយ ប្រទេសជាច្រើនដល់ជាង៥០ ដែលមិនស្ដាប់តាមការទទូចរបស់ប្រទេសចិន ក៏បាន ចូលរួមដែរ។
ក្នុងវេទិកាដែលចិន ព្យាយាមបិទបាំងរឿងរំលោភសិទ្ធិមនុស្ស នៅប្រទេសចិន បាននាំអោយ តំណាង ប្រទេស ទាំងនោះ បញ្ចេញមតិរិះគន់ចិន ហើយ ស្របពេលនោះ ក្រុមអង្គការសិទិ្ធមនុស្សអន្តរជាតិ បាន លាតត្រដាងកំណត់ហេតុរបស់ពួកគេ ដោយបានចោទប្រកាន់ រដ្ឋាភិបាលចិននៅតំបន់ស៊ីនជាំងថា បានរំលោភសិទ្ធិជនភាគតិចវីហ្គ័រ និងជនភាគតិចផ្សេងៗដោយចាប់ខ្លួន ជនជាតិនោះ មកលុតដុំ និងធ្វើទារុណកម្ម នៅឯជំរំនានាក្នុងខេត្តមួយនេះ។
តំណាងប្រទេស ប្រជាធិបតេយ្យ និង ក្រុមអង្គការសិទ្ធិមនុស្ស បានថ្លែងប្រហាក់ប្រហែលគ្នា ដោយថ្កោលទោស រដ្ឋាភិបាលចិន ។
អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ចេញមតិ ក្នុងវេទិកានេះ។ អ្នកស្រីបានលើកឡើងថា អាមេរិក និងសហគមន៍អន្តរជាតិនៅតែប្រឆាំង និងតស៊ូ រហូតដល់រដ្ឋាភិបាលចិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ទៅលើជនភាគតិចវីហ្គ័រ និងជនភាគតិចដទៃទៀតនៅតំបន់ស៊ីនជាំង។
តាមអ្នកស្រី តំណាងអោយសហរដ្ឋអាមេរិក គឺជនភាគតិចនៅស៊ីនជាំងកំពុងត្រូវបានធ្វើទារុណកម្ម ហើយសូម្បី តែស្ត្រីត្រូវបានបង្ខំឲ្យបោះបង់ការពពោះ។
ចំណែកឯកអគ្គរាជទូតអង់គ្លេស លោកស្រី Barbara Woodward ក៏បានឡើងថ្លែង ដោយប្រហារចិនថា បញ្ហាសិទ្ធិមនុស្ស នៅស៊ីនជាំងជាវិបត្តិសិទ្ធិមនុស្សដ៏អាក្រក់បំផុត។ ការធ្វើទុកបុកម្នេញ លើអ្នកប្រតិបត្តិជំនឿសាសនា គឺជាបទឧក្រិដ្ឋ ហើយការ ប្រើប្រាស់ភាសា និងវប្បធម៌ ដែលត្រូវបានរងការរើសអើងក៏ជាការរលោភសិទ្ធិមនុស្សមួយទៅហើយ។ ប៉ុន្តែចិន ចេះតែប្រកែក នឹងចោទបកវិញថា ការចោទចិន គឺជារឿងនយោបាយ។
អ្នកស្រី Barbara ក៏បានទទូចឱ្យចិនអនុញ្ញាតឱ្យអ្នកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅធ្វើទស្សនកិច្ចនៅស៊ីនជាំងដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មាន និងតាមដានស្ថានការណ៍បញ្ហាសិទ្ធិជនភាគតិចទាំងនោះ ដល់មូលដ្ឋានគឺដោយផ្ទាល់នឹងភ្នេក។
ជាមួយគ្នានេះ លោក Christoph Heusgen តំណាងប្រទេសអាល្លឺម៉ង់វិញ ក៏បានប្រាប់ ចិនថាត្រូវគោរពសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស និងត្រូវរុះរើកន្លែងធ្វើទារុណកម្មនោះចោលទៅ។
អ្នកការទូតចិនលោក Guo Jiakun ប្រចាំអង្គការសហប្រជាជាតិ ដែលមិនចូលរួមនឹងវេទិកានោះ តែលោក ឆ្លើយតបទៅប្រទេស ទាំងនេះថា ចិនមិនអនុញ្ញាតចំពោះការរស៊ើបអង្កេតផ្សេងៗផ្អែកលើការភូតកុហក និងការលម្អៀងផ្នែក នយោបាយឡើយ។
តែចំពោះការសុំអោយស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅកាន់នៅតំបន់ស៊ីនជាំងនេះ ដែលកន្លងមកទីក្រុងប៉េកាំង ធ្លាប់ប្រកាសថា ខ្លួនស្វាគមន៍ជានិច្ច ប៉ុន្តែនៅពេលនេះបែជាស្ងាត់ទៅវិញ។
សេចក្ដីថ្លែងការណ៍មួយ ដែលគេជឿថាជារបស់តំណាង ប្រទេសចិន បានប្រតិកម្មដូចនេះថា អាមេរិក អង់គ្លេស និងអាល្លឺម៉ង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច បានប្រើប្រាស់ដោយផ្តេសផ្តាសនូវប្រភពធនធាន និងវេទិការបស់អង្គការសហប្រជាជាតិ ដោយបានរៀបចំព្រឹត្តិការណ៍ ដែលហៅថាស្ថានការណ៍សិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងនៃប្រទេសចិន គឺក្នុងន័យប៉ុនប៉ងបិទស្លាកប្រឆាំងចិន នូវពាក្យថា ប្រល័យពូជសាសន៍ និងបង្ខិតបង្ខំឱ្យធ្វើពលកម្ម គឺជាការមួលបង្កាច់គ្មានមូលដ្ឋានឡើយ។ ចិនចាក់ទុកទង្វើបែបនេះ ថាជាការបំពានយ៉ាងកម្រោល ទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ៕