34 C
Phnom Penh

អុីស្រាអែល និងប៉ាឡេស្ទីនបន្តបាញ់ផ្ដោងដាក់គ្នាចូលដល់ថ្ងៃទី៨ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើរដល់ចំណុចទាស់ច្រក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកាំភ្លើងធំ កងកាំជ្រួច និងកងយន្តហោះចម្បាំង របស់អ៊ីស្រាអែល បន្តបាញ់ស្រោច លើ ដែនដី រដ្ឋប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីព ដោយវាយកំទេច ទីក្រុងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន រាបដល់ដី ដល់ទៅ១៥គីឡូម៉ែត្របួនជ្រុង គឺសុទ្ធ ជាអាគារធំៗ របស់រដ្ឋការពួកហាម៉ាស់កំពុងកាន់អំណាចនៅដែនដី រងការកំទេចជាលំអងធូលីនេះ។ ទោះជាធ្លាក់ក្នុងភាពខ្លោចផ្សាក៏ដោយ សម្រាប់ហាម៉ាស់ប៉ាឡេស្ទីនមិនបានទំលាក់អាវុធ សុំសន្តិភាព ពីអ៊ីស្រាអែលឡើយ ។ រដ្ឋាភិបាលហាម៉ាស់ប៉ាឡេស្ទីន បានប្រកាសថា អាចធ្វើសង្រ្គាមជាមួយនឹងអ៊ីស្រាអែលរហូតដល់៦ខែទៀតក៏បានដែរ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានបន្តបាញ់រ៉ុកក្កែត រាប់ពាន់គ្រាប់ ទៅលើដែលដីអ៊ីស្រាអែល ជាពិសេស ទៅលើ ទីក្រុងតេអាវិស របស់អ៊ីស្រាអែល។ តុល្យកាលនៃការបាត់បង់ជីវិតមនុស្ស គឺប្រជាជនប៉ាឡេស្ទីនស្លាប់ជាង១០០នាក់ នាំអោយពលរដ្ឋប៉ាឡេស្ទីនស្លាប់កើនឡើងជាង២០០ នាក់ និងបង្កអោយមានជនភៀសខ្លួន ៤ម៉ឺន២០០០នាក់ ចាប់តាំងពីការប្រយុទ្ធតាំងពីថ្ងៃចន្ទសប្ដាហ៍មុនមកនេះ។ ប៉ុន្តែភាគីរបស់អ៊ីស្រាអែល នៅតែមានចំនួនប្រជាជនស្លាប់តិចបំផុតបើធៀបទៅនឹងប៉ាឡេស្ទីន។

ការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី១៦ ខែឧសភា ដែលជាថ្ងៃទី៧ នៃការប្រយុទ្ធគ្នា ហើយនៅថ្ងៃនេះ គឺជាថ្ងៃទី៨ក៏ត្រូវបានរាយការណ៍មកថាភាគីទាំង២នៅបន្តបាញ់ផ្ដោងដាក់គ្នា។

ចាប់តាំងពីយប់ថ្ងៃទី១០ ខែឧសភាមក ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែតជាង ២ពាន់ គ្រាប់ដាក់អ៊ីស្រាអែល ប៉ុន្តែត្រូវបានការពារដោយប្រព័ន្ធខែលការពារមីស៊ីលហើយគ្រាប់រ៉ុកក្កែតទាំងនោះភាគច្រើនបានផ្ទុះនៅលើលំហអាកាស។ ចំណែកអ៊ីស្រាអែល បានវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ និងមីស៊ីលជាដើម។ នៅយប់ថ្ងៃអាទិត្យទី១៦ឧសភា អ៊ីស្រាអែល បានប្រើប្រាស់យន្តហោះចំនួន ៥៤គ្រឿង ចំណែកយប់ថ្ងៃសុក្រ សប្ដាហ៍មុន អ៊ីស្រាអែល បានប្រើប្រាស់យន្តហោះចំនួន១៦០ គ្រឿងដោយទំលាក់គ្រប់បែក ៤៥០គ្រាប់ ទំងន់សរុប ជាង៨០តោន លើតំបន់កាហ្សាស្ទ្រីព ដែនដីប៉ាឡេស្ទីន។

អ៊ីស្រាអែល បានបាញ់មីស៊ីសធុនធ្ងន់ចំនួន ៣គ្រាប់ លើអាគារ ដែលជាកន្លែងស្នាក់នៅរបស់សារព័ត៌មាន Al-Jazeera និងទីភ្នាក់ងារព័ត៌មាន AP។ ទាក់ទិននឹងបញ្ហាខាងលើ សារព័ត៌មានធំៗ បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបកស្រាយ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ ថាជាការបំពានច្បាប់អន្តរជាតិ។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីសា្រអែល នេតាន់យ៉ាហ៊ូ បានច្រានដែលថា អ៊ីស្រាអែលមានចេតនា បាញ់កំទេច អាគាររបស់ស្ថាប័នព៌ត៌មានទាំង២នេះ ។ លោកនេតាន់យ៉ាហ៊ូ អះអាងថា មានហេតុផលត្រឹមត្រូវ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងទៅកាន់ប្រជាជនរបស់លោក ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិ ដោយលោកបានបន្ទោសក្រុមហាម៉ាស់ ជាអ្នកបង្កឱ្យមានអំពើហិង្សាកើតឡើង រួមទាំងធ្វើឱ្យមានអ្នកស្លាប់ និងរបួសដូចនេះ។ លោក នេតាន់យ៉ាហ៊ូបានចោទ ក្រុមហាម៉ាស់ ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមទ្វេដង ព្រោះយកប្រជាជនស៊ីវិល ធ្វើជាខែល។

ក្នុងស្ថានភាពសឹករវាងកងទ័ពអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីន នៅតែបន្ត ដោយបណ្ដាលអោយ ជនស៊ីវីលបន្តស្លាប់ក្រោមកាំភ្លើងគឺនៅបុរីញូយ៉ក ដែនដីសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តសុខអង្គការសហប្រជាជាតិបានបន្តបើកកិច្ចប្រជុំជាបន្ទាន់លើកទី៣របស់ខ្លួន អំពី សង្រ្គាមអ៊ីស្រាអែលនិងប៉ាឡេស្ទីន ។

ប៉ុន្តែ កិច្ចប្រជុំ លើកទី៣នេះមិនអាចរកដំណោះស្រាយ បានឡើយ ដោយសារតែ សហរដ្ឋអាមេរិកជំទាស់ម្តងទៀត។ តំណាងសហរដ្ឋអាមេរិក នៃរដ្ឋការរបស់លោកចូ បៃឌិន បានការពារថា អាមេរិកកំពុងដោះស្រាយជាសម្ងាត់លើបញ្ហានោះ ហើយថាសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ មានតែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាហ្សាស្ទ្រីពកាន់តែធ្ងន់ធ្ងរថែមទៀត។

 តាមទីភ្នាក់ងារសារព័ត៌មាន បារាំង AFP រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ដែលដឹកនាំកិច្ចប្រជុំ បានបង្ហាញការសោកស្តាយ និងទាមទារឱ្យអាមេរិកត្រូវជួយទទួលខុសត្រូវ ដែលអាមេរិកប្រើសិទ្ធជំទាស់។

ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសម្រាប់ខែឧសភា  រដ្ឋមន្រ្តីការបរទេសចិនរូបនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ និងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការខ្លាំងៗ ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់កាហ្សាស្ទ្រីព។ លោករដ្ឋមន្ត្រី វ៉ាងយី បានប្រកាសថាចិនស្នើធ្វើជាអ្នកសម្របសម្រួល ក្នុងកិច្ចចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ  បានទាមទារឱ្យមានការឈប់បាញ់ប្រហារភ្លាមៗ ដើម្បីបញ្ឈប់ការបង្ហូរឈាមរវាងដែនដីទាំងពីរ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ  និយាយថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនធ្វើឱ្យរន្ធត់ណាស់ ព្រោះស្លាប់ជនស៊ីវិល កុមារនិង ស្ត្រីរាប់រយនាក់ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំចំនួនពីរដងរួចមកហើយ កាលពីសប្តាហ៍មុនអំពើហិង្សាដែលកាន់តែអាក្រក់ទៅៗនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឯកភាពគ្នាលើ                 សេចក្តីថ្លែងការណ៍រួមណាមួយឡើយ។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ មើលឃើញថាអ៊ីស្រាអែលនៅពេលនេះ កំពុង ឈ្នះ លើសមរភូមិសង្រ្គាម ។ ចំណែកពួកហាម៉ាស់ប៉ាឡេស្ទីនកំពុងឈ្នះលើពាក្យថាមានអំនួតក្នុងការធ្វើសង្រ្គាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស