35 C
Phnom Penh

មន្ត្រីរដ្ឋាភិបាលថា កម្ពុជា នឹងនាំចេញប្រេងកាតទៅទីផ្សារអន្តរជាតិនៅខែឧសភា ឆ្នាំ២០២១ នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា នឹងនាំចេញប្រេងកាត ដែលក្រុមក្រុមហ៊ុន Kris Energy កំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូងអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះហើយ បើមិនមានការប្រែប្រួលណាមួយបន្ទាន់ទេនោះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល គឺលោក ជៀប សួរ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ទៅទីផ្សារអន្តរជាតិ ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី ២៧ម៉ឺន បារ៉ែល ទៅ ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វែងជាក់ស្តែង។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីរូបនេះនៅមិនទាន់អាចបញ្ជាក់បន្ថែមបាននៅឡើយទេថា ការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជា នេះ នឹងលក់ទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មានឲ្យពិតប្រាកដ ដោយសារតែត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង។

ការចាប់ផ្ដើមបូមប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា «ជាពរជ័យ» ខណៈក្រុមអ្នកឃ្លាំមើលទាមទារឲ្យមានតម្លាភាពលើការគ្រប់គ្រងចំណូលបានពីប្រេង ដើម្បីចៀសវាង «បណ្ដាសាប្រេង» ដែលអាចបំផ្លាញដល់ផលិតកម្មធំៗផ្សេងទៀតរបស់ជាតិ។

លោក ហ៊ុន សែន បានសរសេរក្នុងបណ្ដាញសង្គមរបស់លោក កាលពីចុងឆ្នាំ២០១០ ថា ការចាប់ផ្តើមអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបូមបានពីប្លុក A នៃដែនសមុទ្រកម្ពុជា ហើយចំណូលដែលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា ពលរដ្ឋមានការព្រួយបារម្ភពីចំណូលបានពីប្រេងប្រើប្រាស់មិនបានត្រឹមត្រូវ និងធ្លាក់ទៅក្នុងដៃអ្នកមានឥទ្ធិពល និងអ្នកមានអំណាចមួយក្រុមតូច ដែលធ្វើឲ្យការចាត់ចែង គ្មានតម្លាភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស