31 C
Phnom Penh

ពលរដ្ឋខេត្តកណ្តាលរងគ្រោះ អភិវឌ្ឍវាលយន្តហោះថ្មីខ្លាចការសម្លុត និងគំរាមកំហែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរងគ្រោះពីគម្រោងកសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្កណ្តាល នៅតែស្ទាក់ស្ទើរ និងខ្លាចអាជ្ញាធរធ្វើបាប មិនហ៊ានទៅជួបអាជ្ញាធរជំនាញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ពលរដ្ឋខ្លះនៅតែបន្តដេកយាមដី និងបិទផ្លូវទំនប់ក្បែរដីស្រែ រយៈ ៥ថ្ងៃ មកហើយ។

ពលរដ្ឋរងគ្រោះឱ្យដឹងថា  អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងឱ្យក្រុមពលរដ្ឋ ជួបអាជ្ញាធរ តែពលរដ្ឋបដិសេធ ព្រោះភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង។

ពលរដ្ឋជាច្រើននាក់ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងបាននាំគ្នាតវ៉ា ដេកយាមដីស្រែ ៥ថ្ងៃជាប់ៗគ្នា បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា  អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោកឧកញ៉ា ពុង ឃាវសែ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង និងកម្លាំងសន្តិសុខរាប់សិបនាក់  ឈូសឆាយដីស្រែចម្ការ របស់ពួកគេ កាលពីចុងសប្តាហ៍មុន ដើម្បីច្បាមយកដីធ្វើព្រលានយន្តហោះថ្មី។ ក្នុងព្រឹត្តិ៍ការណ៍នោះ ក្រុមពលរដ្ឋបានលើកគ្នាតវ៉ា ស្រែកទាមទារ ឱ្យក្រុមហ៊ុនឈប់ឈូសកម្ទេចស្រូវ និងស្រែ តែកម្មករក្រុមហ៊ុនបានបើកគ្រឿងចក្រដេញបុកគំរាមអ្នកភូមិ បណ្តាលពលរដ្ឋផ្ទុះការតវ៉ាទ្រង់ទ្រាយធំ។ 

ក្រុមពលរដ្ឋតែងតែនាំគ្នាតវ៉ាជារឿយៗ រឿងផលប៉ះពាល់ ដីស្រែចម្ការកេរដូនតារបស់ពួកគេ ក្រោមរូបភាពគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដោយសារ ពួកគាត់ មិនពេញចិត្តសំណង មិនសមរម្យ និងបង្ខំឱ្យពលរដ្ឋទទួលសំណងក្រោមតម្លៃទីផ្សារដី។

ផែនការវិនិយោគ ក្រុមហ៊ុននេះ  នឹងកសាងព្រលានយន្តហោះ ឱ្យរួចរាល់ នៅត្រឹម ឆ្នាំ២០២៣។ ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) ជារបស់ ឧកញ៉ា ពុង ឃាវសែ ដែលមានទំនាក់ទំនងជិតស្និតជាមួយគ្រួសាររបស់លោក ហ៊ុន សែន។ 

ក្រុមសិទ្ធិមនុស្សក្នុងស្រុកធ្លាប់រាយការណ៍ថា លោក ឧកញ៉ា ពុង ឃាវសែ  មានរឿងអាស្រូវរឿងរំលោភសិទ្ធិមនុស្សជាច្រើនឆ្នាំមកហើយរួមមាន បណ្តេញពលរដ្ឋពីលំនៅឋាន រំលោភដីពលរដ្ឋក្រីក្រ និងប្រើហិង្សារំលោភសិទ្ធិមនុស្ស ក្រោមទម្រង់អភិវឌ្ឍន៍ ដោយមិនបានផ្តល់សំណង និងដំណោះស្រាយសមរម្យ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស