41.3 C
Phnom Penh

មន្ត្រីបក្សខ្មែរស្រលាញ់ជាតិ ជំរុញឲ្យរដ្ឋាភិបាលបើកដំណើរការផ្សាររដ្ឋក្នុងទីក្រុងភ្នំពេញឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបក្សខ្មែរស្រលាញ់ជាតិ ទាមទារឲ្យលោក ហ៊ុន សែន បើក ផ្សាររដ្ឋ និងឯកជនក្នុងទីក្រុងភ្នំពេញ ដំណើរការឡើងវិញឲ្យបានឆាប់ចំពោះតំបន់ដែលមានការឆ្លងវីរុស Covid-19 តិចតួច ត្បិតកសិករកំពុងប្រឈមនឹងការបិទទ្វារអាជីវកម្មយ៉ាងធ្ងន់ធ្ងរ។

អគ្គហិរញ្ញិកគណបក្សខ្មែរស្រលាញ់ជាតិ និងជាកសិករចញ្ចឹមទាយកពងប្រចាំស្រុកខ្សាច់កណ្តាល លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលមិនបង្ហាញពីភាពច្បាស់លាស់ក្នុងការបើកផ្សារតូច ធំ ផ្សាររដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ឡើងវិញទេ ទាំងឈ្មួញកណ្តាល និងកសិករ គឺត្រូវប្រឈមនឹងការដួលរលំ សេដ្ឋកិច្ចគ្រួសារក្នុងពេលដ៏ឆាប់នេះ។

លោកអះអាងថា រដ្ឋាភិបាលគួរតែអនុម័តកញ្ចប់ថវិកាជាតិ ដើម្បីជួយសម្រួលទីផ្សារកសិផល ដែលកសិករផលិតបាន អាចនាំចូលទីផ្សារលក់ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ឬតំបន់ផ្សេងទៀត ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចដែលកើតមានដូចសព្វថ្ងៃនេះ គឺអ្នកទីក្រុងខ្វះស្បៀងអាហារហូបចុក ចំណែក កសិករមិនអាចលក់ចេញនូវកសិផលរបស់ខ្លួន។

លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តអូសបន្លាយពេលវេលា នៃការបិទខ្ទប់ដោយគ្មានវិធានការ ឬគោលនយោបាយដោះស្រាយបញ្ហាទីផ្សារជូនកសិករបន្តទៀតទេនោះ កសិករទាំងនោះកាន់តែធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយកម្រិតទៀត ព្រោះថា បន្ទាប់ពីការសុំពន្យារពេលនៃការសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងពេលប្រឈមនឹងវិបត្តិសកលនេះ ពួកគេអាចនឹងបាត់បង់ទ្រព្យបញ្ចាំនៅធនាគារដែលត្រូវលក់សងលុយជំពាក់ធនាគារទាំងនោះជាមិនខាន។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមទាយកពងនៅខេត្តកណ្តាល កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារអាជីវកម្មចិញ្ចឹមទាយកពងរបស់ពួកគេត្រូវគាំងលក់មិនចេញទាំងស្រុង។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋប្រមាណ ៣០គ្រួសារតំណាងឲ្យកសិករមកពីឃុំចំនួន៥ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺឃុំវិហារសួគ៌ ឃុំសំណឹង ឃុំសន្ធរ ឃុំរការជន្លឹង និងឃុំជ្រៃធំ ដែលប្រកបរបរចិញ្ចឹមទាយកពង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ បាននាំគ្នាសំណូមពរទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យជួយរកទីផ្សារជូនពួកគាត់។

ការស្នើយ៉ាងទទូចរបស់ពលរដ្ឋ គឺដោយសារបញ្ហាគ្មានទីផ្សារនេះហើយ ទើបពួកគេគាត់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសគ្មានប្រាក់ចំណូលសម្រាប់សងបំណុលធនាគារដែលពួកគាត់បានខ្ចីយកមកបង្កើតមុខរបរ។

កសិករទាំងនោះអះអាងថា វិបត្តិរបស់ពួកគេនៅពេលនេះមិនត្រឹមតែលក់ពងទាទាំងនោះមិនចេញដោយសារការបិទខ្ទប់ទីផ្សារក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ តែថែមទាំង មិនអាចលក់មេទាដែលពងទាំងនោះចេញថែមទៀតផង ព្រោះថា ការរៀបចំពិធីផ្សេងៗ ដូចជា កម្មវិធីសាសនា ឬកម្មវិធីអាពាហ៍ពិពាហ៍ ជាដើម ក៏ត្រូវបិទផងដែរ ដូច្នេះតម្រូវការសាច់ទាធ្វើជាម្ហូបក្នុងកម្មវិធីទាំងនោះ ក៏ត្រូវផ្អាកទាំងស្រុងតែម្តង។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្ដីពីការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ននូវ ផ្សាររដ្ឋ និងផ្សារគ្មានរបៀបរៀបរយទាំងអស់ក្នុងទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 រយៈពេល ៧ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

ការផ្អាកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ នេះ គឺជាលើកទី ៣ហើយ ដែលសាលាក្រុងភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មក ដែលមានរយៈពេលជិត ១ខែទៅហើយនោះ។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះថា រដ្ឋាភិបាលកម្ពុជា ហាក់មិនមានគោលនយោបាយសេដ្ឋកិច្ចច្បាស់ លាស់ ដែលដោះស្រាយវិបត្តិសេដ្ឋកិច្ចពលរដ្ឋបាននោះទេ។

លោករិះគន់ថា គោលនយោបាយលើវិស័យកសិកម្ម ក៏មិនប្រាកដជាកសិកម្ម ចំនែកគោលនយោបាយលើវិស័យឧស្សាហកម្ម ក៏មិនច្បាស់ជាឧស្សាហកម្ម ចុងក្រោយ កសិករខ្មែរ អត់ទីផ្សារនឹងត្រូវរងនូវវិបត្តិសេដ្ឋកិច្ចម្តងហើយម្តងទៀត។

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែដាក់ចេញនូវវិធានការចាក់វ៉ាក់សាំងស្ដារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឡើងវិញឲ្យបានកាន់តែឆាប់ ព្រោះថា បើនៅតែអូសបន្លាយទៀត នោះ អាជីវកម្មរបស់ពលរដ្ឋនឹងដួលរលំជាបន្តបន្ទាប់ និងគ្មានឱកាសអាចស្ដារឲ្យងើបឡើងវិញនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស