បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញ មិនមែនជាការរើសអើងជាតិសាសន៍នោះទេ តែផ្ទុយទៅវិញ គឺជាអនុវត្តច្បាប់ និងជាការរក្សាអធិបតេយ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ។
ការអាងនេះធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានចេញសេចក្តីជូនដំណឹងដល់ ពលរដ្ឋខ្មែរដែលកំពុងបម្រើការនៅប្រទេសវៀតណាម អំពីគម្រោងនៃការបណ្តេញជនបរទេសខុសច្បាប់ឲ្យត្រឡប់ទៅប្រទេសកំណើតវិញពីសំណាក់រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែឧសភា នេះថា ប្រសិនបើ លោក ហ៊ុន សែន ពិតជាមានបំណងរក្សាអធិបតេយ្យភាពរបស់កម្ពុជា ពិតប្រាកដមែន រដ្ឋាភិបាលគួរតែអនុវត្តច្បាប់អន្តោប្រវេសន៍បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសជនជាតិវៀតណាម ខុសច្បាប់ ឲ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញជាបន្ទាន់។
លោកអះអាងថា ការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ដោយការបណ្តេញជនបរទេសខុសច្បាប់ ជាពិសេសជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់ដោយគ្មានឯកសារត្រឹមត្រូវទាំងនោះ គឺជាការធ្វើឡើងដោយស្របច្បាប់ជាតិ និងច្បាប់អន្តរជាតិទាំងស្រុង។
លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅកម្ពុជា សព្វថ្ងៃនេះ មិនមែនសំដៅត្រឹមតែជនបរទេសដែលគ្មានឯកសារគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែជនបរទេសដែលទទួលបានឯកសាររស់នៅកម្ពុជា ពីអាជ្ញាធរមូលដ្ឋានដោយការប្រើអំពើពុករលួយក៏នៅតែចាត់ទុកថា ជាជនអន្តោប្រវេសន្តខុសច្បាប់ផងដែរ។ ជាពិសេស គឺជនជាតិវៀតណាម តែម្តង ដែលប្រើលុយជាថ្នូរនឹងការទទួលបាននូវឯកសាររស់នៅកម្ពុជា នាពេលកន្លងមក។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតវៀតណាម បានចេញសេចក្តីជូនដំណឹងដល់ ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ឬមានវត្តមាននៅប្រទេសវៀតណាម ថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់បណ្តេញពលករបរទេសខុសច្បាប់ ចេញពីប្រទេសរបស់គេដោយគ្មានការលើកលែងជាដាច់ខាត។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងទីភ្នាក់ងារពាក់ព័ន្ធនានារបស់វៀតណាម នឹងត្រួតពិនិត្យលើលិខិតអនុញ្ញាតការងារ និងចំនួនពលករបរទេសដែលកំពុងបម្រើការនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដោយ អនុវត្តតាមនីតិវិធីជាធរមាន ដើម្បីចៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅប្រទេសរបស់ពួកគេបន្តទៀត។
ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចអនុវត្តច្បាប់អន្តោប្រវេសន៍លើជនជាតិវៀតណាម ខុសច្បាប់ទាំងនោះបានទេ ព្រោះនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នឡើងកាន់អំណាចដោយសារការលើកបន្តុបរបស់រដ្ឋាភិបាលវៀតណាម ប៉ុណ្ណោះ។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនជាមួយរដ្ឋាភិបាលវៀតណាម ផងដែរ។
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ ស្ដីពីការអនុវត្តគោលនយោបាយចំពោះជនជាតិវៀតណាម ដែលបានចូលមករស់នៅកម្ពុជា ដោយផ្តល់ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់អត្តសញ្ញាណប័ណ្ណថែរក្សា និងផ្គត់ផ្គង់ ទៅលើជនជាតិវៀតណាម ទាំងនោះដោយយកចិត្តទុកដាក់បំផុត។
ជុំវិញបញ្ហានេះ កាលពីខែកក្កដា ឆ្នាំ២០០៣ ព្រះបាទនរោត្តម សីហនុ បានចេញព្រះរាជសារមួយទៅកាន់ជនរួមជាតិខ្មែរ ដោយប្រកាសថា ជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់បានចូលទៅរស់នៅកម្ពុជា មានចំនួនដល់ទៅ រាប់លាននាក់ឯណោះ។
ជាងនេះទៀត អតីតមន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោក K.L. Bindra បានបង្ហាញរបាយការណ៍ កាលពីខែកញ្ញា ឆ្នាំ២០០៥ ថា កំណើនជនជាតិវៀតណាម ខុសច្បាប់នៅកម្ពុជា មានចំនួនជាង ៤លាននាក់ហើយ ក្នុងចំណោមតួលេខពលរដ្ឋខ្មែរ ដែលមានត្រឹមតែជាង ១៣លាននាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក ផាម ម៉ិញជិញ បានជួបពិភាក្សាគ្នា ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយសម្រួលការរស់នៅដោយខុសរបស់ប្រជាជនវៀតណាម ឲ្យបានល្អប្រសើរបន្តទៀត៕