31 C
Phnom Penh

អ្នកវិភាគថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងគ្មានវាសនាល្អនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលរិះគន់ថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងមិនមានវាសនាល្អនោះទេ ព្រោះពួកគេ លែងមានជំហរតស៊ូដើម្បីសិទ្ធិសេរីភាព និងដើម្បីប្រជាធិបតេយ្យ តទៅទៀតហើយ។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ២រូបបន្ថែមទៀតបានសម្រេចដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពេលថ្មីៗនេះ ក្រោយពេល តុលាការរបស់លោក ហ៊ុន សែន ហាមពួកគេមិនឲ្យធ្វើនយោបាយតាំងពីឆ្នាំ២០១៧ មក។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែឧសភា នេះថា មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសម្រេចចិត្តនាំគ្នាសុំនីតិសម្បទានយោបាយឡើងវិញអាចដោយសារ ពួកគេអស់សង្ឃឹមនឹងការបែកបាក់ នៃក្រុមមេដឹកនាំរបស់ពួកគេ ដែលតែងធ្វើនយោបាយដណ្ដើមមុខមាត់ និងកិត្តិយស និងអស់ជំនឿលើការរួបរួមគ្នាតទៅទៀត។

លោកអះអាងថា បញ្ហានេះក៏ប្រហែលជាដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន ដូចជា ដីធ្លី មុខជំនួញ និងទ្រព្យសម្បត្តិផ្សេងទៀតជាដើម ដែលរងនូវការគំរាមកំហែងគ្រប់ល្បិចកល របស់បក្សកាន់អំណាចផងដែរ។

លោកបន្តថា ពួកគេនឹងទទួលរងនូវការស្ដីបន្ទោសពីពលរដ្ឋដែលជាម្ចាស់ឆ្នោតយ៉ាងធ្ងន់ធ្ងរ ជាពិសេសសកម្មជនដែលត្រូវអាជ្ញាធរចាប់ខ្លួនព្រោះតែពួកគេមិនព្រមតាមការបញ្ចុះបញ្ចូល និងមិនចុះចាញ់ទៅនឹងការគំរាមកំហែងរបស់គណបក្សកាន់អំណាច។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើសុំលើកបម្រាមនយោបាយតាមអំណាចសាលដីកាតុលាការកំពូលកាលពីឆ្នាំ២០១៧ ដើម្បីឲ្យពួកគេទទួលបាននីតិសម្បទានយោបាយឡើងវិញ។

ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ចំនួន ១១៨រូប ត្រូវបានតុលាការ របស់លោក ហ៊ុន សែន សម្រេចព្យួរសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្នុងពេលដែលតុលាការកំពូលកម្ពុជា បានប្រកាសរំលាយ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧  ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា បានជាប់ពាក់ព័ន្ធនឹងអំពើគុបគិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។

គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ យ៉ាងហោចណាស់មានមន្ត្រីបក្សប្រឆាំងចំនួន ២២រូបហើយ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រ តាមរយៈក្រសួងមហាផ្ទៃ ក្នុងនោះរួមមាន លោក សុន ឆៃ លោក ថាច់ សេដ្ឋា លោក យ៉ែម ប៉ុញ្ញឫទ្ធិ លោក មុត ចន្ថា និងអ្នកស្រី លី ស្រីវីណា និងមនុស្សជាច្រើនរូបទៀត។

ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញហើយនោះ មន្ត្រីបក្សប្រឆាំងមួយចំនួន ក៏បានសម្រេចចិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅបង្កើតគណបក្សដោយខ្លួនឯងថែមទៀត។ ក្នុងនោះរួមមាន លោក ជីវ កត្តា និងលោក កង គឹមហាក់ បានបង្កើតគណបក្ស ខ្មែរស្រលាញ់ជាតិ។

រីឯ លោក គង់ គាំ និងគង់ មុនីកា បានបង្កើត គណបក្សឆន្ទៈខ្មែរ។ ចំណែក លោក រៀល ខេមរិន្ទ បានដឹកនាំ គណបក្ស ខ្មែរអភិរក្សនិយម។និង លោក អ៊ូ ច័ន្នរ័ត្ន សម្រេចបង្កើតគណបក្ស កែទម្រង់កម្ពុជា ផងដែរ។

មកទល់នឹងម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ដើម្បីសុំការបកស្រាយជុំវិញការសុំសិទ្ធធ្វើនយោបាយឡើងវិញនេះ បាននៅឡើយទេ។

ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា បញ្ហានេះ បានឆ្លុះបញ្ចាំងអំពីកំហុសដ៏ធំនៃការដឹកនាំរបស់ក្រុមមេដឹកនាំ ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលបណ្តែតបណ្តោយឲ្យបក្សរបស់ពួកគេធ្លាក់ដល់ដំណាក់កាលនេះដែលបានបង្ហាញយ៉ាងច្បាស់ពីការធ្លាក់ចុះនៃឥទ្ធិពលក្នុងការប្រឆាំងតទល់ជាមួយគណបក្សកាន់អំណាចសព្វថ្ងៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស