អង្គអន្តរជាតិមួយកាលពីឆ្នាំ២០២០ បានរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជា បាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ទោះបីជារដ្ឋាភិបាលតែងតែអះអាងក្ដែងៗថា ខ្លួនបាន និងកំពុងខិតខំទប់ស្កាត់បទល្មើសព្រៃឈើក្ដី។
សកម្មជនបរិស្ថាន អះអាងថា ព្រៃឈើនៅតំបន់ការពារក្នុងប្រទេសកម្ពុជា កំពុងឈានទៅដល់ការវិនាសអស់ ដោយសារ ការធ្វើអាជីវកម្មឈើរបស់អ្នកមានអំណាចនិងឧកញ៉ាធំៗនៅបន្ត។
តំណាងជនជាតិដើមភាគតិច និងក្រុមសកម្មជនការពារព្រៃឈើ បង្ហាញសេចក្ដីបារម្ភ អំពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដោយសារការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារក្នុងពេលបច្ចុប្បន្ន នៅតែបន្តកើនឡើងខ្លាំង ខណៈរដ្ឋាភិបាលក៏នៅតែបើកភ្លើងខៀវ ឱ្យអ្នកមានអំណាច និងឧកញ៉ាធ្វើអាជីវកម្មឈើដ៏ទូលំទូលាយ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ លោក ស្រី ថី សម្តែងការខកចិត្ត ដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន បើទោះបីជាកន្លងមក រដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្លាំងក្នុងការការពារព្រៃឈើយ៉ាងណាក៏ដោយនោះ។
លោកបន្តថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ កំពុងកើនឡើង ដោយក្នុងមួយថ្ងៃ មានរថយន្តធំៗចំនួន ៣ គ្រឿង ចាំទទួលឈើពីគោយន្ត ដែលដឹកចេញពីព្រៃឡង់ ទៅដាក់នៅក្នុងក្រុមហ៊ុន PNT។
លោក ស្រី ថី ពិពណ៌នាថា ចាប់តាំងពីឆ្នាំ២០១៩ នៅពេលក្រសួងបរិស្ថាន ហាមឃាត់មិនឱ្យពួកគាត់ចុះល្បាតមក បទល្មើសព្រៃឈើក្នុងតំបន់ព្រៃការពារមួយនេះ កាន់តែមានការកើនឡើង។ លោកបន្តថា អ្នកដឹកជញ្ជូនឈើ ធ្វើឡើងជាហូរហែ ហើយមានឡានចាំដឹកចាំយកនៅក្នុងភូមិ ថែមទៀត។
ក្រុមស្នូលនៃបណ្ដាញសហគមន៍ព្រៃឡង់ នៅខេត្តកំពង់ធំម្នាក់ទៀត លោក សាំង យិន សង្កេតឃើញថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ដែលមិនថយចុះ បណ្ដាលមកពីក្រុមមន្ត្រីដែលការពារ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ជាអ្នកបើកភ្លើងខៀវឱ្យកាប់តែម្តង។
ព្រៃឡង់ត្រូវបានរដ្ឋាភិបាល ដាក់ជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ឲ្យស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីជាង ៤សែន ៣ម៉ឺនហិកតារ ដែលគ្របដណ្តប់លើខេត្តចំនួន ៤ រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ជាក់ស្ដែង ទោះបីជាព្រៃឡង់ត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ការពារក្ដី ប៉ុន្តែការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានដដែល។
របាយការណ៍ស្រាវជ្រាវរបស់សាកលវិទ្យាល័យ ខូប៉ែនហាហ្កែន(Copenhagen ) របស់ប្រទេស ដាណឺម៉ាក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា គម្របព្រៃឈើ នៅតំបន់ការពារព្រៃឡង់របស់កម្ពុជា ក្នុងឆ្នាំ២០១៩ បានបាត់បង់ ទំហំផ្ទៃដីជាង ២ពាន់ ៥រយហិកតារ (២ ៥៦៥)។
បទល្មើសព្រៃឈើ មិនមែនកើតឡើងតែនៅក្នុងតំបន់ព្រៃឡង់នោះទេ ប៉ុន្តែបទល្មើសទាំងនោះ ក៏កើតមានឡើងនៅខេត្តមណ្ឌលគិរី ហើយព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃ ក៏កំពុងរងការកាប់បំផ្លាញធ្ងន់ធ្ងរដែរ។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើនៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា មូលហេតុដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះ គឺមិនអាចទប់ស្កាត់បានទេ ដោយសារមន្ត្រីដែលអនុវត្តការងារ និងការពារបរិស្ថានប្រព្រឹត្តអំពើពុករលួយ។
លោកសង្កេតឃើញថា កន្លងមក សមត្ថកិច្ចចាប់ខ្លួនតែពលរដ្ឋតូចតាច ដែលស៊ីឈ្នួលកាប់ឈើ និងដឹកឈើឲ្យឈ្មួញ ដើម្បីជីវភាព ប៉ុន្តែមិនដែលចាប់បានពួកអ្នកនៅពីក្រោយខ្នង នៃជំនួញកាប់បំផ្លាញព្រៃឈើធំនោះឡើយ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងចម្រុះបានចាប់ឃាត់រថយន្តដឹកឈើ ១៣ គ្រឿង របស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដែលដឹកឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បី ត្រួតពិនិត្យរកអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។ សកម្មជនបរិស្ថាន ដែលធ្លាប់រងការចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ អំឡុងពេលចុះស៊ើបអង្កេតករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ លោក ហេង ស្រស់ បានលើកឡើងថា ដែនជម្រកសត្វព្រៃព្រះរការ ព្រៃឡង់ ឧទ្យានជាតិវរជ័យ ឧទ្យានជាតិជួរភ្នំក្រវ៉ាញ រួមទាំងដែនជម្រកសត្វព្រៃភ្នំព្រេច ជាដើម កំពុងរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ពីសំណាក់ក្រុមឈ្នួញរកស៊ីឈើ។
លោកបន្តថា ដើមចមដែលនាំឱ្យព្រៃឈើវិនាស ដោយសារ រដ្ឋាភិបាលនៅតែបើកភ្លើងខៀវ ឱ្យមានការកាប់ និងដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស។
លោក ហេង ស្រស់ បានបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែមានចេតនាបើកភ្លើងខៀវ ឱ្យឧកញ៉ា និងអ្នកមានអំណាច រកស៊ីកាប់ឈើបន្តទៀត នោះព្រៃឈើនៅប្រទេសកម្ពុជា នឹងវិនាស ពីព្រោះពួកអ្នករកស៊ីឈើទាំងនោះ មានក្រុមមន្ត្រីអនុវត្តនិងបង្ក្រាបបទល្មើសនៅកាងពីក្រោយខ្នង។
សកម្មជនបរិស្ថានរូបនេះ បន្តថា រដ្ឋាភិបាលបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកន្លងមក ធ្វើឡើងឱ្យតែល្អមើលតែប៉ុណ្ណោះ។ ជាក់ស្ដែង កាលពីឆ្នាំ២០១៩ ពេលគណៈកម្មការនេះ បានចុះបង្ក្រាប ដោយរកឃើញក្រុមហ៊ុន និងឧកញ៉ា ពាក់ព័ន្ធបទល្មើសព្រៃឈើហើយ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន និងឧកញ៉ាទាំងនោះ មិនទាន់ត្រូវបានដាក់ទោសតាមច្បាប់នៅឡើយទេ។
ទាក់ទងនឹងការសកម្មភាពរបស់ឧកញ៉ាមួយចំនួនដែលបានប្រព្រឹត្តិល្មើស ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង កាលពីពេលថ្មីៗនេះ ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានថ្លែងដែរថា ងារជា ឧកញ៉ា ជាមនុស្សដែលមានតម្លៃថ្លៃថ្នូរ និងមានធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាមនុស្សចូលចិត្តជួយសង្គម ជាងធ្វើទុក្ខទោសដល់សង្គម និងប្រជាពលរដ្ឋ។ នៅក្នុងករណីដែលរាជរដ្ឋាភិបាលបង្កើតលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រង់ឧកញ៉ា មានន័យថា ឧកញ៉ាបានបាត់បង់សេចក្ដីថ្លៃថ្នូររបស់ខ្លួនអស់ហើយ ចាប់ពីថ្ងៃលិខិតបទដ្ឋានគតិយុត្តិនោះចូលជាធរមាន។
លោកថា លិខិតបទដ្ឋានគតិយុត្តិភាគច្រើន បង្កើតឡើងដើម្បីគ្រប់គ្រងភាពអនាធិបតេយ្យ (គ្មានសណ្ដាប់ធ្នាប់) និងអំពើទុច្ចរិតរបស់មនុស្ស។ បើឧកញ៉ាបាត់បង់គុណសម្បត្តិដល់ថ្នាក់នេះហើយ អាចបញ្ជាក់បានកាន់តែច្បាស់ថែមទៀតថា តម្លៃឧកញ៉ា មិនស្មើប្រជាពលរដ្ឋសាមញ្ញម្នាក់ផង។
ទោះបីយ៉ាងណាលោក ហេង ស្រស់ យល់ឃើញថា ការមិនចាប់ខ្លួនអ្នកកាប់បំផ្លាញព្រៃឈើ ដែលជាប់ពាក់ព័ន្ធនឹងឧកញ៉ា និងមន្ត្រីថ្នាក់ធំៗ ព្រមទាំងការបើកឱ្យបើកមានការដឹកជញ្ជូនឈើចេញពីប្រទេសកម្ពុជា អំឡុងពេលថ្មីៗនេះ ដែលអាជ្ញាធរហុងកុងទើបចាប់បាន ជាឧទាហរណ៍នោះ គឺដោយសារការប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ។
លោកលើកជាសំណួរខ្លះថា ប្រសិនបើឈើទាំងអស់ហ្នឹងនៅក្នុងព្រៃ ហើយព្រៃទាំងអស់នៅស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន ហើយហេតុអី្វបានជានាំឱ្យមានការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពាររបស់ខ្លួន ហើយក្រសួងកសិកម្ម ជាអ្នកទទួលរ៉ាប់រងក្នុងការដឹកជញ្ជូនឈើ ហើយពន្ធគយ ជាអ្នកត្រួតពិនិត្យទំនិញត្រូវច្បាប់ ឬខុសច្បាប់ ។ តើហេតុអ្វីបានជាបណ្ដោយមានការដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេសបាន? ហេតុអ្វីបានបណ្ដោយឱ្យមានការកាប់ឈើក្នុងដែនជម្រកសត្វព្រៃបាន? ហេតុអ្វីបណ្ដោយឱ្យកាប់ឈើតំបន់ការពារ និងឧទ្យានជាតិបាន?។
បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួនបានចុះផ្សព្វផ្សាយថា គយរបស់រដ្ឋបាលក្រុងហុងកុង បានរឹបអូសឈើចំនួន ៧កុងតឺន័រ ដែលមានទម្ងន់ ២១១តោន។
ឈើទាំងនោះ គឺជាប្រភេទឈើ ដែលរងការគំរាមកំហែង ដោយមានតម្លៃទីផ្សារ ១លាន ១សែន (១,១០០,០០០) ដុល្លារហុងកុង ឬស្មើនឹង ជាង ១៤ម៉ឺនដុល្លារអាមេរិក (១៤០,០០០) នៅកន្លែងត្រួតពិនិត្យទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
ឈើដែលគយហុងកុង រឹបអូសនោះ ត្រូវគេសង្ស័យថា ជាឈើគ្មានលិខិតអនុញ្ញាត និងមានប្រភពនាំចេញពីប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global I nitiative Against Transnational Organized Crime) បានចេញរបាយការណ៍មួយដោយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា ក្នុងរយៈពេល ជាង១០ឆ្នាំចុងក្រោយនេះ មានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជា បាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ជាង ៥សែនហិកតារ ឬស្មើនឹង ជិត ១២% នៃគម្របព្រៃឈើសរុប៕