33 C
Phnom Penh

ពលរដ្ឋខេត្តកំពង់ធំ រកឃើញបទល្មើសព្រៃឈើ ក្នុងឃុំចំនួន ៣ ជាប់ព្រៃអភិរក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ រកឃើញបទល្មើសព្រៃឈើ ក្នុងឃុំចំនួន ៣ ជាប់ព្រៃអភិរក្សមួយនេះ បន្ទាប់ពីកម្លាំងប្រជាសហគមន៍ ចុះល្បាត នៅក្រៅដែនព្រៃឡង់ ដើម្បីតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។

ក្រុមសហគមន៍ព្រៃឡង់ខេត្តកំពង់ធំជាង ២០នាក់  បានបើកយុទ្ធនាការ ចុះល្បាត នៅក្រៅដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុកសណ្តាន់ រយៈពេល ៣ថ្ងៃ កាលពីដើមសប្តាហ៍មុន។ ដំណើរបេសកកម្មនេះ ក្រុមល្បាត បានពង្រាយកម្លាំងស៊ើបអង្កេត ក្នុងឃុំចំនួន ៣ គឺ ឃុំមានរិទ្ធ ឃុំសណ្តាន់ និងឃុំដងកាំបិត ក្នុងស្រុកសណ្តាន់។

ប្រធានសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ឱ្យដឹងថា ពួកលោករកឃើញ គោយន្ត ៤គ្រឿង ដឹកឈើមានតម្លៃ ចេញពីព្រៃឡង់ ឆ្លងកាត់ស្ទឹងសែន ដើម្បីលក់បន្តឱ្យឈ្មួញក្នុងស្រុកនេះ។ ទន្ទឹមគ្នានេះដែរ ប្រជាសហគមន៍បានរកឃើញសកម្មភាពលួចកាប់ឆ្ការព្រៃទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃសហគមន៍ក្បាលខ្លា និង តំបន់អភិរក្សផ្សេងទៀតទំហំជិត ១រយហិកតារ។ 

ប្រធានសហគមន៍ព្រៃឡង់រូបនេះ ត្អូញត្អែរថា ប្រការដែលមិនអាចចូលល្បាតព្រៃឡង់បាន ដោយសារក្រសួងបរិស្ថានហាមឃាត់ ហើយពួកគេបង្ខំចិត្តចុះល្បាតក្រៅដែនព្រៃឡង់ ដើម្បីតាមដាន ពីស្ថានភាពព្រៃឡង់ និងព្រៃសហគមន៍នៅតំបន់នោះ។ លោកថា នៅគ្រាដែលក្រសួងបរិស្ថានរារាំងពួកលោក មិនឱ្យល្បាតព្រៃ  ក្រុមអ្នកកាប់ឈើខុសច្បាប់កំពុងចូលកាប់ដើមឈើធំៗធ្វើអាជីវកម្ម ស្រាច់តែចិត្ត ដោយគ្មានការរារាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស