មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺCovid-19 ចម្រុះជាតិសាសន៍ ដែលឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបមានចំនួនជិត ២ពាន់ ៧រយនាក់ (២.៦៩៨) និងព្យាបាលជាសះស្បើយចំនួនជាង ១ពាន់ ៨រយនាក់ (១.៨១៤) ចំណែកឯអ្នកស្លាប់មានចំនួន ១២នាក់ សុទ្ធតែជនជាតិខ្មែរ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា ចំពោះលទ្ធផលប្រតិបត្តិការលើ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទីតាំងផ្សេងទៀតក្នុងក្រុងនេះ សរុបមានចំនួន ៨៧២នាក់។ ចំពោះប្រតិបត្តិការយកសំណាក គឺទី១- សំណាក សម្រាប់ PCR TEST សរុបមានចំនួនជាង ១ម៉ឺននាក់ (១០.៣០៧) និងទី២- សំណាក សម្រាប់ RAPID TEST សរុបចំនួនជាង ៣ម៉ឺន ៥ពាន់នាក់ (៣៥.៦២៨)។
លោក ឃាង ភារម្យ បន្តទៀតថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺCovid-19វិញ គឺការចាក់លើកទី១ សរុបមានចំនួនជាង ៣ម៉ឺននាក់ (៣០.៣៥២) និងចាក់លើកទី២ មានចំនួនជាង ២ម៉ឺន ១ពាន់នាក់ (២១.៥១១)។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា ជាបន្តបន្ទាប់មកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid-19 ដោយផ្អាកអាជីវកម្មថ្មីជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក សរុបមានចំនួន ១៣២ទីតាំង ហើយបន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធ ឲ្យស្ម័គ្រចិត្តទៅយកវត្ថុសំណាក និងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។
រដ្ឋបាលខេត្តព្រះសីហនុ ក៏នៅតែបន្តអនុវត្ដវិធានការរដ្ឋបាល ចំពោះទីតាំងមួយចំនួន នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលបន្តមានអ្នកឆ្លងជំងឺCovid-19។ ជាងនេះទៀត ក៏បានបន្តបិទផ្អាកផ្សារលក់ដូរទាំងអស់ នៅក្នុងក្រុងព្រះសីហនុ ដើម្បីតាមដានការរាតត្បាតជំងឺនេះ ឈានទៅកាត់ផ្ដាច់ឫសគល់ នៃការឆ្លងជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានជាស្ថាពរ ដើម្បីធានាសុវត្ថិភាពសុខមាលភាពជូនឱ្យទទួលបានជោគជ័យ ក្នុងពេលឆាប់ៗនេះ។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភានេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺCovid-19 ថ្មីចំនួន ៣៤៥នាក់ អ្នកជាសះស្បើយជាង ១ពាន់ ៣រយនាក់ (១,៣៣៧) និងស្លាប់ ០២នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺCovid-19 សរុបមានចំនួនជិត ២ម៉ឺន ៣ពាន់នាក់ (២២,៨៨៩) ចំណែកឯអ្នកជាសះស្បើយមានជាង ១ម៉ឺន ៤ពាន់នាក់ (១៤,៣៤៣) និងអ្នកស្លាប់ដោយជំងឺCovid-19 សរុបមានចំនួន ១៥៦នាក់៕