33.3 C
Phnom Penh

ក្រសួងព័ត៌មាន ព្រមានថា នឹងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្ម បើម្ចាស់អាជីវកម្មសារព័ត៌មាន នៅតែមិនព្រមទៅចុះបញ្ជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងព័ត៌មាន ព្រមានថា នឹងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មដល់ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍ដែលមិនទៅចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាម នៅដើមឆ្នាំ២០២២ បើម្ចាស់អាជីវកម្មសារព័ត៌មាន នៅតែមិនព្រមទៅចុះបញ្ជីតាមច្បាប់។

នៅក្នុងលិខិតរបស់ក្រសួងព័ត៌មាន ចុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងនាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំ បានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន និងប្រកាសរបស់អន្តរក្រសួងស្ដីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាបាននូវការប្រើប្រាស់ម៉ាកពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួនបានត្រឹមត្រូវតាមច្បាប់។

លិខិតដែលចុះហត្ថលេខារដ្ឋមន្ត្រីក្រសួងព័ត៌មាន ដដែល បានបញ្ជាក់ថា នៅមានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូច នៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា នៅឡើយ ហើយបានប្រើប្រាស់ម៉ាកពាណិជ្ជនាមស្ថាប័នអង្គភាព និងក្រុមហ៊ុនរបស់ខ្លួន បំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀត ដែលធ្វើឱ្យមានការភ័ន្តច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។

ក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ករណីនេះម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្ម ហើយមិនទាន់បានចុះបញ្ជីម៉ាកពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ ត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាកពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។

ក្រសួងព័ត៌មាន បញ្ជាក់ថា បើម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងនោះមិនទៅចុះបញ្ជី ហើយនៅតែដំណើរការអាជីវកម្មរបស់ខ្លួនដោយបំពានច្បាប់ នោះក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ។

រហូតមកទល់ពេលនេះ កម្ពុជាមានស្ថានីយទូរទស្សន៍ផ្សាយតាមប្រព័ន្ធអាណាឡូស (Analogue) និងឌីជីថល (Digital) មានចំនួន ២៧ស្ថានីយ ទូរទស្សន៍ខ្សែកាបមានចំនួន ២២០ស្ថានីយ ក្នុងក្របខណ្ឌទូទាំង ប្រទេស វិទ្យុមាន ២២០ស្ថានីយ និងអង្គភាពបោះពុម្ពផ្សាយជាង ៤០០អង្គភាព ហើយអង្គភាពដែលផ្សព្វផ្សាយតាមអនឡាញមាន ៦៦៩អង្គភាព ក្នុងនោះអង្គភាពមួយចំនួនធំបានចុះបញ្ជីនៅក្រសួងព័ត៌មានរួចហើយ។

លោក ហ៊ុន សែន ធ្លាប់បានលើកឡើង នៅក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងមកថា ការធ្វើទិវាសេរីភាពសារព័ត៌មានរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាព នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន               ពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀតដើម្បីបម្រើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកលលោក។

លោកបន្តថា វិស័យសារព័ត៌មានកាន់តែមានសារៈសំខាន់ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការភ្ជាប់ទំនាក់ទំនង រវាងរដ្ឋាភិបាល និងពលរដ្ឋដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ពលរដ្ឋវិញ។

ទោះជាយ៉ាងណាក៏ដោយ តំណាងអង្គការសមាគមន៍សារព័ត៌មានមួយចំនួន បានកត់សម្គាល់ថា សេរីភាពអ្នកសារព័ត៌មានត្រូវបានរឹតត្បិត ហើយទទូចឲ្យរដ្ឋាប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើការណែនាំទៅកាន់មន្ត្រី និងអាជ្ញាធរមូលដ្ឋានរបស់ខ្លួន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់នៅសកម្មភាពគំរាមកំហែង ប្រមាថ និងការរឹតត្បិតទាំងឡាយដែលប្រឆាំងអ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ពួកគេ។

របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០។ ចំណែក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅបរទេសអះអាងថា សេរីភាពសារព័ត៌មាននៅ កម្ពុជា បានបន្តធ្លាក់ចុះ៣ឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស