33.3 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ចំណង​មិត្តភាព​កម្ពុជា-វៀតណាម នឹង​រឹត​កាន់តែ​តឹង​រហូត​ដល់​កម្ពុជា​ដក​ដង្ហើម​មិន​រួច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្ដវៀតណាម នឹងបន្តរឹតយ៉ាងតឹង  គឺតឹងរហូតទាល់តែកម្ពុជា ដកដង្ហើមមិនរួច ប្រសិនបើក្រុមលោក ហ៊ុន សែន នៅបន្តកាន់អំណាចដូចសព្វថ្ងៃនេះ។

ការរិះគន់នេះធ្វើឡើងក្រោយពីមានជំនួបរវាងរដ្ឋមន្ត្រីការបរទេស កម្ពុជា និងប្រធានគណៈទាក់ទងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការ និងការបន្តរឹតចំណងមិត្តភាពរវាងគណបក្សទាំងពីរឲ្យកាន់តែយូរអង្វែងបន្ថែមទៀត។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែឧសភា នេះថា ប្រពៃណីនៃទំនាក់ទំនងរវាងបក្សកុម្មុយនិស្ដកម្ពុជា របស់ លោក ហ៊ុន សែន និងបក្សកុម្មុយនិស្ដវៀតណាម គឺនៅពេលដែលមន្ត្រីជាន់ខ្ពស់ វៀតណាមថ្មីឡើងកាន់តំណែង ពួកគេតែងផ្សារភ្ជាប់ទំនាក់ទំនងមន្ត្រីថ្មីទាំងនោះ ឲ្យមានភាពជិតដិតជាមួយនឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា ជានិច្ច។

លោកអះអាងថា ហេតុផលនៃការរឹតចំណងមិត្តភាព កម្ពុជា-វៀតណាម គឺជាវិធីសាស្ត្រនៃការទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ធ្វើការសម្បទានសម្បត្តិជាតិកម្ពុជា បន្ថែមទៀត ឲ្យទៅជាប្រយោជន៍របស់រដ្ឋាភិបាលវៀតណាម ដើម្បីបង្កើតស្នាដៃសម្រាប់មន្ត្រីថ្មីៗរបស់ពួកគេ។

លោកបញ្ជាក់ថា របត់នៃមិត្តភាពនេះនឹងកាន់តែស៊ីជម្រៅថែមទៀត គឺនៅពេលមានការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត អាចនឹងឈានដល់ការដាក់ផែនការបំផ្លាញចោលទាំងអស់នូវ កេរដំណែលដូនតាខ្មែរ ដែលជាតំណាងព្រលឹងជាតិខ្មែរ ហើយជំនួសមកវិញនូវ ស្ដូបវៀតណាម ស្ទើរពេញប្រទេសតែម្តង។

លើសពីនេះ ចំណងមិត្តភាពនេះ ក៏នឹងជំរុញឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជួយបន្តឯកសារផ្លូវច្បាប់ឲ្យជនជាតិវៀតណាម ដែលកំពុងរស់ដោយខុសច្បាប់នៅកម្ពុជាសព្វថ្ងៃនេះ ឲ្យពួកគេអាចមានឱកាសបន្សាំខ្លួនឲ្យក្លាយជាទៅពលរដ្ឋខ្មែរពេញសិទ្ធិតាមផែនការដែលបានរៀបចំដោយរដ្ឋាភិបាលវៀតណាម ថែមទៀត។

គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ថា  រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍ បក្សកាន់អំណាច លោក ប្រាក់ សុខុន បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយ សមាជិកគណៈកម្មាធិការមជ្ឈិម និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ឡេ ហាយជុង ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគណបក្ស ទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ភាគីទាំងពីរ បានអះអាងថា ប្រវត្តិទំនាក់ទំនងជាបងប្អូនរវាងគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលតែងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ និងបានចាក់ឫសយ៉ាងជ្រៅចូលក្នុងក្រអៅបេះដូងថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរថែមទៀត។ ប្រភពដដែលអះអាងថា ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ក៏ត្រូវបានពង្រឹង និងពង្រីក តាមទិសស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានស្ថិរភាពយូរអង្វែង។

យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍ ត្អូញត្អែរថា ក្រោយរដ្ឋាភិបាលវៀតណាម ជួយជ្រោមជ្រែងលោក ហ៊ុន សែន ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីហើយនោះ ប្រមុខរដ្ឋាភិបាលខ្មែរ តែជួយសម្រេចផលប្រយោជន៍ជូនរដ្ឋាភិបាលវៀតណាមជា ហូរហែ ដូចជា ការយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់កំណត់ដែនសមុទ្រ ឆ្នាំ១៩៨២ ដែលតំបន់ទាំងនោះបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់     វៀតណាម ទាំងស្រុងរហូតដល់សព្វថ្ងៃនេះ ដូចជា កោះត្រល់ និងចង្កោមកោះក្រចកសេះ ជាដើម។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក ផាម ម៉ិញជិញ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំមួយ ដោយស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជួយសម្រួលការរស់នៅរបស់ប្រជាជនវៀតណាម ដែលខុសច្បាប់នៅកម្ពុជា ឲ្យបានល្អប្រសើរបន្តទៀត។

ជាងនេះទៅទៀត កាលពីឆ្នាំ ១៩៨៦ លោក ហ៊ុន សែន បានចេញសារាចរ ណែនាំមួយស្តីពីរការផ្តល់ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ ដល់ជនជាតិវៀតណាម ទាំងនោះដោយយកចិត្តទុកដាក់ជាតីបំផុត ហើយសារាចរនេះនៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលព្រមានថា កម្ពុជា នឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតជាមិនខានឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែមិនប្រើយន្តការអន្តរជាតិដើម្បីកំណត់ព្រំដែនរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមួយភាគីវៀតណាម។ ត្បិតកម្ពុជា មិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនដែលមិនរឹងមាំប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស