38 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថា​ពលរដ្ឋ​ខ្មែរ​បាន​បាត់​ជំនឿ​ទាំងស្រុង​លើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ពលរដ្ឋខ្មែរ បានបាត់ជំនឿស្ទើរតែទាំងស្រុងទៅហើយ លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសជនរងគ្រោះដែលបានទទួលរងនូវអំពើអយុត្តិធម៌កន្លងមក។

អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩              ខែឧសភា ឆ្នាំ២០២១ នេះថា សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចបន្តឃុំខ្លួនសកម្មជនការពារបរិស្ថានទាំងនោះបន្ថែមទៀត ហាក់ដូចជាមិនបានឆ្លុះបញ្ចាំងពីការអនុវត្តនូវគោលការណ៍យុត្តិធម៌ឲ្យបានត្រឹមត្រូវនោះទេ។

លោកអះអាងថា ប្រសិនបើស្ថាប័នតុលាការកម្ពុជា ស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ឬអ្នកមានអំណាចណាមួយនោះ តុលាការនេះមិនអាចចាត់ទុកជាស្ថាប័នឯករាជបន្តទៀតនោះទេ ព្រោះ រាល់ការអនុវត្តកិច្ចការរបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ ជូនពលរដ្ឋរងគ្រោះលែងមានប្រសិទ្ធភាព និងប្រកបដោយយុត្តិធម៌តទៅទៀតហើយ។

លោកបញ្ជាក់ថា នៅពេលដែលប្រព័ន្ធយុត្តិធម៌បានក្លាយទៅជាឧបករណ៍របស់អ្នកមានអំណាចហើយនោះ សកម្មជនដែលធ្វើកិច្ចការដើម្បីយុត្តិធម៌សង្គម ដើម្បីសិទ្ធិពលរដ្ឋ តែងតែទទួលរងនូវការចោទប្រកាន់ពីស្ថាប័នមួយនេះជាញឹកញាប់ បើទោះបីជា ពួកគេមិនបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ដែលមានចែងក៏ដោយ។

ការអះអានេះធ្វើឡើងបន្ទាប់សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលនូវសំណើសុំនៅក្រៅឃុំរបស់ក្រុមសកម្មជនការពារបរិស្ថាន ដែលត្រូវតុលាការឃុំខ្លួនអស់រយៈជាច្រើនខែកន្លងមកហើយនោះ។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ តុលាការក្រុងភ្នំពេញបានសម្រេចបានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់សមាជិកខ្មែរថាវរៈចំនួនប្រាំនាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួនពីរនាក់ ដូចជា លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និងព្រះភិក្ខុ កើត សារ៉ាយ ជាដើម។

បញ្ហានេះ សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោល សំណើសុំនៅក្រៅឃុំរបស់ពួកគេដោយលើកហេតុផលថា រក្សាទុកជនជាប់ចោទឱ្យមានវត្តមានក្នុងពេលសវនាការលើអង្គសេចក្ដី។

ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ យុវជនសមាជិកខ្មែរថាវរៈ និងយុវជនសមាគមនិស្សិតបញ្ញវន្តខ្មែរត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួន ពាក់ព័ន្ធនឹងការចូលរួមការតវ៉ាទាមទារឱ្យដោះលែង   មេដឹកនាំសហជីពនៅកម្ពុជា លោក រ៉ុង ឈុន តែត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងឃុំខ្លួនជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម១ និងម២ ដល់សព្វថ្ងៃនេះ។

កាលពីចុងឆ្នាំ២០២០ ទិន្នន័យសង្គមស៊ីវិលបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ដើម្បី សម្លុត គម្រាម កំហែង និងបំបាក់ស្មារតី លើសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដែលធ្វើកិច្ចដើម្បីយុត្តិធម៌សង្គមដទៃទៀតយ៉ាងធ្ងន់ធ្ងរ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧប្បត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថា ជាការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែងទៅដល់ក្រុមអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ដោយឡែក អង្គការ World Justice project បានបង្ហាញរបាយការណ៍របស់ខ្លួន ផងដែរថា កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងការធានានូវប្រព័ន្ធយុត្តិធម៌សង្គម ដែលបានជាប់ចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសដែលបានធ្លាក់ចុះ នូវប្រព័ន្ធយុត្តិធម៌សង្គមធ្ងន់ធ្ងរទាំង១២៨។ ក្នុងនោះកម្ពុជា មានចំណាត់ថ្នាក់លើប្រទេស វេណេហ្ស៊ុយអេឡា តែមួយប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញកម្ពុជា តាមមាត្រា ៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស