32.9 C
Phnom Penh

ប្រមុខ​ការទូត​កម្ពុជា​បាន​ចែក​រំលែក​នូវ​បទពិសោធន៍​ដោះស្រាយ​បញ្ហា​របស់​ភូមា ទាំង​កម្ពុជា​ខ្លួន​ឯង​កំពុង​មាន​វិបត្តិ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខការទូតកម្ពុជា បានចែករំលែកនូវបទពិសោធន៍ ៣ចំណុចធំៗ របស់លោក ហ៊ុន សែន ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងការដោះស្រាយជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដើម្បីឱ្យប្រទេសមួយនេះវិលទៅរកនយោបាយតាមធម្មតាវិញបាន ពិសេសអាចរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពដល់ពលរដ្ឋរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាល KAP បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា នេះថា ជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានពិភាក្សាការងារអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងសហប្រតិបត្តិការអន្តរជាតិ។

លោក ប្រាក់ សុខុន បានលើកឡើងថា លោក ហ៊ុន សែន បានចែករំលែកនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ ២០២១ នៅទីក្រុងហ្សាកាតា ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា នូវបទពិសោធន៍ជាក់លាក់ដ៏សំខាន់ក្នុងការដោះស្រាយជម្លោះដោយ។

លោកថា ដើម្បីរកដំណោះស្រាយបានលុះត្រាតែ ទី១) តម្រូវឱ្យឈប់ការប្រើអំពើហិង្សា ទី២) គ្រប់ភាគីត្រូវជួបពិភាក្សាគ្នាដោយមានការជួយជ្រោមជ្រែងពីអាស៊ាន ហើយ ទី៣) អនុញ្ញាតឱ្យការផ្តល់ជំនួយមនុស្សធម៌អាចប្រព្រឹត្តបាន។

លោក បញ្ជាក់ថា កម្ពុជា ចង់ឃើញប្រទេសមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពប្រក្រតីឡើងវិញ។ លោកថា បទពិសោធន៍របស់ នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងនៅ ក្នុងគោលការណ៍ “ការឯកភាពគ្នាជាឯកច្ឆន្ទប្រាំចំណុច” ដែលជាលទ្ធផលនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានកន្លងទៅ។

ទោះយ៉ាងណា អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់អះអាងថា លោក ហ៊ុន សែន ជាជនបង្កវិបត្តិជាតិ និងមេយោធាសង្គ្រាមនិយមនៅកម្ពុជា គ្មានភាពសក្ដិសមចូលរួមដោះស្រាយវិបត្តិរដ្ឋប្រហារនៅភូមាទេ។

លោកបន្តថា លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំរដ្ឋប្រហារអចិន្ត្រៃយ៍យ៉ាងស្ទាត់ជំនាញ ហើយប្រកាន់គោលការណ៍ គម្រាមធ្វើសង្គ្រាម បើខ្លួនចាញ់ឆ្នោត បាត់បង់អំណាច។

លោកថា ជនផ្ដាច់ការរដ្ឋប្រហារសង្គ្រាមនិយមដូចលោក ហ៊ុន សែន នឹងធ្វើឲ្យអាស៊ាន បាត់បង់ឧត្តមភាព និងមុខមាត់កិត្តិយសរបស់ខ្លួន។

លោក គឹម សុខ លើកឡើងថា បើលោក ហ៊ុន សែន ចូលរួមរកដំណោះស្រាយវិបត្តិរដ្ឋប្រហារនៅភូមា គឺមិនខុសពីអាស៊ានយកកន្ទបកខ្វក់ទៅជូតមុខខ្លួនឯងឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស