ក្រុមសិទ្ធិមនុស្សក្នុងស្រុក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកម្មវិធីជំនួយសង្គមដល់ពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតឲ្យទាន់ពេលវេលា។
ការអះអាងនេះធ្វើឡើងបន្ទាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចអនុវត្តយន្តការ និងនីតិវិធី ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កន្លងទៅនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែឧសភា នេះថា សេចក្តីសម្រេចស្ដីពីកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលកម្ពុជា ផ្តល់ជូនពលរដ្ឋដែលកំពុងតែដាច់ស្បៀងក្នុងតំបន់បិទខ្ទប់ គឺពិតជារឿងល្អខ្លាំងណាស់សម្រាប់ពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហានេះ។ លោកអះអាង បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជំនួយសង្គមនេះក៏ដោយ ប៉ុន្តែ ផែនការនេះហាក់មានការយឺតយ៉ាវបន្តិច ព្រោះពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយសារជំងឺCovid-19 ទាំងនោះ បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរតាំងពីដើមឆ្នាំ២០២១មកម្ល៉េះ។
ទោះជាបែបនេះក្តី លោកថា រដ្ឋាភិបាលអាចប្រើផែនការជំនួយសង្គមដែលមានស្រាប់នេះជួយដល់ពលរដ្ឋដែលប្រឈមនឹងការខ្វះខាត់ផ្សេងទៀតឲ្យបានឆាប់រហ័សជាងនេះ។
លោក មឿន តុលា បញ្ជាក់ថា ដើម្បីឲ្យជំនួយសង្គមទាំងនោះបានដល់ដៃពលរដ្ឋចំគោលដៅ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់តាមដានលើការអនុវត្តកម្មវិធីនេះ ចំពោះមន្ត្រីរបស់ខ្លួនឲ្យបានហ្មត់ចត់ផងដែរ។ ព្រោះថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ពលរដ្ឋ តែងរកឃើញនូវអំពើពុករលួយ ដែលបានកើតមានឡើងនៅមូលដ្ឋាននេះ នាពេលកន្លងមក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លោក អូន ពន្ធមុនីរ័ត្ន បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ដីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលឆ្លង និងស្លាប់ដោយសារជំងឺCovid-19 កន្លងមក។
លោកអះអាងថា ការផ្តល់ជំនួយសង្គមនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
ជាងនេះទៀត ការអនុវត្តផ្តល់សាច់ប្រាក់នេះ រដ្ឋបាលឃុំសង្កាត់នឹងត្រូវចូលរួមកំណត់អត្តសញ្ញាណគ្រួសារគោលដៅផងដែរ ក្នុងនោះក៏មានការរៀបចំកម្រងសំនួរដើម្បីសម្ភាសន៍គ្រួសារខ្វះខាតទាំងនោះ ដើម្បីឲ្យជាក់ច្បាស់ថា តើពួកគាត់ពិតជាជួបការលំបាកដូចអាជ្ញាធរមូលដ្ឋានបានកំណត់ ដែរឬទេ។
កាលពីខែមិថុនា ឆ្នាំ២០២០ មន្ត្រីជំនាញរបស់ រដ្ឋាភិបាល អះអាងថា ពួកគេបានរកឃើញ និងដកហូតប័ណ្ណក្រីក្រពីពលរដ្ឋដែលមានជីវភាពធូរធារជាង ៣ពាន់ គ្រួសារឯណោះ ដែលអាជ្ញាធរមូលដ្ឋានបានចេញឲ្យអ្នកទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារ ជំងឺCovid-19។
យ៉ាងនេះក្តី បញ្ហានេះ បានស្ងប់ស្ងាត់ទៅវិញ ដោយមិនមានចំណាត់ការណាមួយពីរដ្ឋាភិបាលទៅលើមន្ត្រីពុករលួយទាំងនោះនៅឡើយទេ រហូតមកទល់នឹងពេលនេះ៕