30 C
Phnom Penh

ភ្លើង​ឆេះ​ព្រៃ​លិចទឹក​អស់​ជាង ១០០​ហិកតារ​នៅ​ជាប់​បឹង​ទន្លេសាប​ក្រុង​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រៃលិចទឹកទំហំជាង ១០០ហិកតារ នៅតំបន់បឹងទន្លេសាប ក្នុងក្រុងសៀមរាប ត្រូវបានភ្លើងឆេះ រយៈពេល ៧ ថ្ងៃជាប់ៗគ្នា មកទល់ថ្ងៃទី១៩ ខែឧសភា នេះ គឺនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

ពលរដ្ឋខេត្តសៀមរាបដែលនៅតំបន់ក្បែរនោះ បានអះអាងថា ដើមហេតុដែលនាំឱ្យកើតមានបាតុភាពអគ្គិភ័យនេះ ដោយសារមានជនខិលខូចលួចដុតព្រៃទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិ ហើយបានឆាបឆេះរាលដាលដល់តំបន់ព្រៃលិចទឹក ដែលជាជម្រកសត្វស្លាប និងសត្វព្រៃ ដូចជា ពស់ អណ្ដើក និងស្វា ជាដើម។

ពលរដ្ឋដែលនៅក្បែរតំបន់នោះ ទាមទារឱ្យអាជ្ញាធរ ត្រូវស្វែងរកជនល្មើសមកអនុវត្តច្បាប់ជាធរមាន។ ពួកគាត់បានអះអាងទៀតថា ភ្លើងឆេះព្រៃលិចទឹកនៅតំបន់នោះ បានបំផ្លាញជម្រកត្រីពងកូន សត្វស្លាប និងងាប់សត្វព្រៃ ជាច្រើនប្រភេទ។ លើសពីនេះទៀត ព្រៃលិចទឹកនៅតំបន់នោះ មានសក្ដានុពលខ្លាំង ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងសំខាន់ បម្រើប្រយោជន៍ពលរដ្ឋ។

ពលរដ្ឋរស់នៅក្រុងសៀមរាប ថ្លែងសុំមិនបញ្ចេញឈ្មោះសោកស្តាយដែល អាជ្ញាធរឆកល្វែង បណ្តែតបណ្តោយ ឱ្យកើតមានបាតុភាពនេះ ព្រោះព្រៃលិចទឹកតំបន់នោះ ជាកន្លែងស្វែងរកចំណូលមិនចេះរីងស្ងួត តាមរយៈទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាសត្វស្លាបនៅរដូវប្រាំង និងរដូវវស្សា។ លោកថា ការថែទាំព្រៃនេះមិនបានល្អ នឹងធ្វើខាតប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចពលរដ្ឋក្នុងតំបន់ និងអាចបាត់បង់ទីកន្លែងទេសចរណ៍យ៉ាងសំខាន់មួយ ក្នុងក្រុងសៀមរាប។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងបញ្ជាកម្លាំងជំនាញពន្លត់ភ្លើងឆេះព្រៃ។ អភិបាលខេត្តរូបនេះ បានដឹកនាំកម្លាំងជំនាញយកឡានទឹកពន្លត់ភ្លើង ជាច្រើនថ្ងៃមកហើយ។

អាជ្ញាធរថា ភ្លើងឆេះព្រៃនេះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ។ ព្រៃលិចទឹកក្នុងក្រុងសៀមរាប ជាប់បឹងទន្លេសាបមានទំហំ ១ម៉ឺន ៥ពាន់ហិកតារ (១៥.០០០) នេះបើផ្អែកតាមរបាយការណ៍របស់អាជ្ញាធរទន្លេសាប។ ពលរដ្ឋអះអាងថា ព្រៃលិចទឹកនេះ ទទួលរងការគំរាមកំហែង និងបាត់បង់ជាបន្តបន្ទាប់ ដោយសារ សកម្មភាពឈូសឆាយទន្ទ្រានយកដីធ្វើអាជីវកម្ម ការលូចបរបាញ់សត្វព្រៃ និងដាក់ថ្នាំបំពុលជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស