អតីតរដ្ឋមន្ត្រីព័ត៌មានសម័យសាធារណរដ្ឋខ្មែ បានទទួលមរណៈភាពហើយ ក្រោយពីឃ្លាតឆ្ងាយទឹកដីកំណើតអស់រយៈពេលជិត ៥០ឆ្នាំ។
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ និងព័ត៌មាន និងជាអតីតអ្នកនាំពាក្យឲ្យរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ គឺលោក ឆាង សុង បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យបរទេសមួយរយៈនៅក្នុងប្រទេសសហរដ្ឋអាមេរិក។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ លោក ឆាង សុង បានទទួលមរណៈភាព ដោយសារជំងឺបេះដូង និងហូរឈាមធ្ងន់ធ្ងរ ក្នុងជន្មាយុ ៨២ ឆ្នាំ នៅទីក្រុងឡុងប៊ិច រដ្ឋCalifornia នៅឯមន្ទីរពេទ្យ Memeral Hospital ក្នុងទឹកដីសហរដ្ឋអាមេរិក។
អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ និងព័ត៌មាន រូបនេះ មានដើមកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ លោក បានសម្រេចចិត្តចាកចេញពីទឹកដីកំណើត មករស់នៅលើសហរដ្ឋអាមេរិកមុនពេលសម័យសាធារណរដ្ឋខ្មែរ ដួលរលំទាំងស្រុង ដែលនឹងដឹកនាំជំនួសដោយរបប ប៉ុល ពត។
ក្រោយមករស់នៅលើទឹកដីសហរដ្ឋអាមេរិកអស់រយៈពេលជាង៤០ឆ្នាំ ក្នុងពេលដែលលោកនៅមានសុខភាពរឹងមាំនៅឡើយ លោកតែង ត្រឡប់ទៅលេងប្រទេសកម្ពុជា ជាញឹកញាប់ផងដែរ៕