35 C
Phnom Penh

មន្ទីរពិសោធន៍​ជំងឺ​កូវីដ​មាន​តែ​មួយ​គត់​នៅ​តំបន់ Gaza ប៉ាឡេស្ទីន ត្រូវ​បាន​កម្ទេច​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងស្ថានភាព ដែលអ្នករងរបួសរាប់រយនាក់ ដោយសារការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល កំពុងសំម្រុក ទៅកាន់មន្ទីរពេទ្យ ស្របពេលពលរដ្ឋឆ្លងជំងឺកូវិដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងដែនដី ប៉ាឡេស្ទីន Gaza ស្ទ្រីព សេចក្ដីរាយការណ៍មួយពី   សារព័ត៌មាន Pakistan Observers បានចុះផ្សាយថា មន្ទីរពិសោធន៍ជំងឺកូវិដមានតែមួយគត់នៅក្នុងដែនដី Gaza ស្រ្ទីព ប៉ាឡេស្ទីន ត្រូវបំផ្លាញ ដោយការវាយប្រហាររបស់កងទ័ពអាកាសនៃប្រទេស អ៊ីស្រាអែល ។

អាជ្ញាធរនៃដែនដីកាហ្សា បានឲ្យដឹងថា គ្រាប់កាំជ្រួចរបស់យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារចំមន្ទីរពេទ្យ និងមន្ទីរពិសោធន៍មួយកន្លែងគឺមន្ទីរពិសេធន៍ Al Remal ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនក៏បានប្រកាសថា ប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ Gaza បានប្រឹងប្រែងទប់ទល់ជាមួយនឹងកំណើននៃអ្នកជំងឺកូវីដ១៩។ អាជ្ញាធរបានរៀបចំ ដើម្បីទទួលព្យាបាលអ្នកជំងឺកូវីដ១៩  តែពេលនេះ ជួបផលវិបាលធ្ងន់ធ្ងរ។

នៅឯមន្ទីរពេទ្យមួយដែលជាមូលនិធីរបស់ប្រទេសឥណ្ឌូណេស៊ី នៅភាគខាងជើងនៃតំបន់Gaza មានអ្នករងរបួសជាច្រើនចូលព្យាបាល បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅក្បែរនោះ។ ឈាមហូរគ្រប់ទីកន្លែង ដោយជនរងគ្រោះដេកនៅលើផ្លូវដើរនៃមន្ទីរពេទ្យនោះ។ សាច់ញាតិជនរងគ្រោះបានប្រមូលផ្ដុំនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយយំស្រែកអាណិតអ្នករងរបួស។

វេជ្ជបណ្ឌិត Majdi Dhair បាននិយាយថា អ្នករងរបួសដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលមួយចំនួន ក៏មានជំងឺកូវីដដែរ។ តែពេលនេះ ការធ្វើតេស្តមនុស្សសង្ស័យថាឆ្លងជំងឺកូវីដក៏ត្រូវបានបញ្ឈប់ផងដែរ ដោយពុំមានឧបករណ៍ធ្វើតេស្ត នៅសេសសល់ទៀតនោះទេព្រោះ ត្រូវបានបំផ្លាញអស់ហើយ។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន Ashraf Qidra បាននិយាយថា គឺជាសោនាដកម្មធ្ងន់ធ្ងរ ដែលអ៊ីស្រាអែលធ្វើការវាយប្រហារ កំទេចមន្ទីរពេទ្យ ហើយ បំផ្លាញ មន្ទីរពិសោធនជំងឺកូវិដ។

តាមកាសែតរបស់អាមេរិក The New York Times  យ៉ាងតិចមន្ទីរពេទ្យ និងមន្ទីរព្យាបាលឯកជនចំនួន១៨កន្លែងនៅតំបន់ Gaza ត្រូវបានបំផ្លាញ ចាប់តាំងពី សង្រ្គាមរយៈពេលជិត១០ថ្ងៃមកនេះ។

យោងតាម អង្គការសុខភាពពិភពលោក នៅតំបន់ Gaza គឺអាត្រាឆ្លងជំងឺកូវីដ មានកម្រិតខ្ពស់ ជាងគេមួយនៅទូទាំងពិភពលោក គឺ២៨% នៃប្រជាជនក្នុងតំបន់នេះ មានជាង២លាននាក់។

ក្រសួងសុខាភិបាល នៃដែនដីប៉ាឡេស្ទីន បានប្រកាសថា ការវាយប្រហារពីលើអាកាស របស់កងទ័ពអ៊ីស្រាអែល បានបណ្ដាលឲ្យ                  ជនស៊ីវិល ២១៩ស្លាប់ ក្នុងនោះ កុមារ៦៣ ស្ត្រី ៣៦នាក់ និងរបួស ១៥៣០នាក់ ។

នៅព្រឹកថ្ងៃពុធទី១៩ឧសភានេះ កងទ័ពអ៊ីស្រាអែលបានកំណត់ទិសដៅ ដើម្បីតាមសម្លាប់ មេបញ្ជាកងទ័ពពួកហាម៉ាស់ប៉ាឡេស្ទីន ម្នាក់គឺ Mohammed Deif ។ ដោយសារតែតាមសម្លាប់មេទ័ពម្នាក់នេះ កងទ័ពអាកាសអ៊ីស្រាអែល ត្រូវបានរាយការណ៍មកថាបានវាយប្រហារទៅលើវិហារម៉ូស្លីមមួយដ៏ធំនៅGaza គឺវិហារ Al Aqsa ។

ឧត្តមសេនីយ៍ របស់កងទ័ពអ៊ីស្រាអែល Hidai Zilberman បាននិយាយថា ត្រូវតែសម្លាប់អោយបាន លោក Mohammed Deif ព្រោះតែ មេទ័ពម្នាក់នេះ បានបញ្ជាអោយ ពួកហាម៉ាស់បាញ់ រូក្កែតវង់ប្រតិបត្តិឆ្ងាយបាញ់ចូលដែនដីជេរុយសាលឹមដែនដីអ៊ីស្រាអែល។

សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនជិត១០ថ្ងៃមកនេះ បានសម្លាប់មនុស្សជាង ២២០នាក់ ដែលភាគច្រើនជាស៊ីវិល និងកុមារនៅទឹកដីប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក បានទទូចឱ្យក្រុមហាម៉ាស់បញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ដើម្បីឈានទៅដល់ការបញ្ចប់សង្រ្គាមរវាងដែនដីទាំងពីរ។

ក្នុងសន្និសីទសារព័ត៌មានមួយអំឡុងទស្សនកិច្ចនៅប្រទេសដាណឺម៉ាក លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងថា អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែការពារជនស៊ីវិល និងកុមារ ។

តាមទីភ្នាក់ងារព័ត៌មាន AFP  ម្រមុខការទូតអាមេរិក  បានទទូចថា អ៊ីស្រាអែល មានការទទួលខុសត្រូវពិសេស ក្នុងការការពារប្រជាជន ក្នុងស្ថានភាពការពារខ្លួន រួមទាំងអ្នកសារព័ត៌មាន។ លោក  ប្លីងខិន បានលើកឡើងបែបនេះ ដោយបន្ថែមថា អាមេរិក បារម្ភអំពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលមានសង្រ្គាម។

លោកបានទទូចថា អ៊ីស្រាអែល គឺជាប្រទេសប្រជាធិបតេយ្យ ត្រូវតែគោរពសិទ្ធិមនុស្ស ជាចម្បង។

លោក អាន់តូនី ប្លីងខិន បានអះអាងថាអាមេរិក បានស្នើទៅអ៊ីស្រាអែលរួចហើយ ដើម្បីឱ្យផ្តល់ព័ត៌មានលម្អិតជុំវិញការវាយប្រហារពីលើអាគារ ដែលជាការិយាល័យរបស់អ្នកសារព័ត៌មាន។ កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារទៅលើអាគារកម្ពស់ ១២ជាន់មួយកន្លែងគឺអាគារនោះ ជាស្នាក់ការរបស់ សារព័ត៌មាន AP និង Aljazeera  ដោយ អាគារនោះរលំក្រាបដល់ដី។

ជាមួយគ្នានេះ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិង ប្រធានាធិបតីអាមេរិក បានសន្ទនាគ្នាតាមទូរស័ព្ទ ។ ប៉ុន្តែលោកចូលបៃដិនបានអំពាវនាវឱ្យការពារស៊ីវិល ដែលលោកថា សហរដ្ឋអាមេរិក គាំទ្របទឈប់បាញ់គ្នា ។

ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅព្រឹកថ្ងៃពុធនេះ កងទ័ពអាកាសអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកតាមអាកាសទៅលើតំបន់ Gaza ហើយក្រុម Hamas របស់ប៉ាឡេស្ទីន បន្តបាញ់គ្រាប់រ៉ុក្កែតទៅលើអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបានប្រើយន្តហោះ ៦០គ្រឿង ដោយទំលាក់គ្រាប់បែក ជាង១០០គ្រាប់ លើគោលដៅ ៦៥ទីតាំង លើតំបន់ Gaza ។

នៅថ្ងៃអង្គារទី១៨ឧសភា អង្គការសហប្រជាជាតិ បានបញ្ជូនក្បួនរថយន្តដឹកជំនួយ ទៅកាន់តំបន់ Gaza ដែលទីនោះ មនុស្សប្រមាណ៥ម៉ឺន២ពាន់នាក់ កំពុងគ្មានទីជម្រក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស