យោងតាមឯកសារមួយដែលបែកធ្លាយ គឺមន្ត្រីទូតភូមាប្រមាណ ១០០ នាក់ដែលគាំទ្រចលនាស៊ីវិល មិនគោររបបរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈត្រូវបានបញ្ជាឱ្យវិលត្រឡប់មកប្រទេសភូមាវិញ ខណៈមន្ត្រីទូត២នាក់ទៀត ត្រូវបានបណ្ដេញពីតំណែង។
ប៉ុន្តែអ្នកការទូតខ្លះមិនបានធ្វើតាមបទបញ្ជារបស់ពួកហើយបន្តស្នាក់នៅក្នុងប្រទេសដែលខ្លួនចាត់តាំងដោយបន្ដធ្វើសកម្មភាពនៅក្រៅប្រទេសនោះដើម្បីគាំទ្រដល់កម្លាំងប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។
យោងតាមសារព័ត៌មាន Jakarta post គឺមន្ត្រីទូតទាងនោះបម្រើការនៅក្នុងប្រទេសចំនួន ២០ រួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស និងសិង្ហបុរី។
ប្រភពការទូតបាននិយាយកាលពីថ្ងៃពុធទី១៩ ខែឧសភាថា របបយោធាបានបណ្តេញអ្នកការទូតពីររូបនៅស្ថានទូតភូមានៅទីក្រុងតូក្យូបន្ទាប់ពីពួកគេ បានធ្វើពហិការមិនបំពេញភារកិច្ច ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ។
ឯកអគ្គរដ្ឋទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិលោក Kyaw Moe Tun ដែលបានសម្តែងការប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងកិច្ចប្រជុំនៃមហាសន្និបាត សហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក៏ត្រូវបានបណ្តេញចេញពីតំណែងដោយរងដីកាកោះហៅក្រោមបទចោទអំពីទោសក្បត់ជាតិ។
ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យការពារពលរដ្ឋភូមា ពីការបង្ក្រាបរបស់ពួកយោធា ដោយមិនត្រូវទទួលស្គាល់ដាច់ខាតរបបយោធា ។
លោកអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងជំនួញណាដែលមានទំនាក់ទំនងជាមួយនឹងយោធានិងក្រុមគ្រួសាររបស់ពួកយោធា។ លោកក៏បានជំរុញផងដែរឲ្យមានការផ្អាកការវិនិយោគបរទេសរហូតទាល់តែដល់ពេលដែលរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ។
Thet Htar Mya Yee San លេខាធិការទី ២ នៃស្ថានទូតភូមាប្រចាំសហរដ្ឋអាមេរិកបានសរសេរអត្ថបទមួយបង្ហោះដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីថ្ងៃទី ២៩ ខែមេសាបាននិយាយថា អ្នកស្រីនិងអ្នកការទូត ៣ នាក់ផ្សេងទៀតដែលឈរជើងនៅស្ថានទូតបានសម្រេចប្រកាសជំទាស់នឹងរបបយោធា។អ្នកស្រីបានលើកឡើងថាវាជាការសម្រេចចិត្តខុសមួយបើអ្នកស្រីគាំទ្រពួកយោធា។
អ្នកការទូតរូបនោះ មានជំនឿថាក្រុមប្រជាធិបតេយ្យនឹងឈ្នះហើយយុត្តិធម៌នឹងត្រូវបានស្តារឡើងវិញ។
កាលពីខែមីនាឯកអគ្គរដ្ឋទូតភូមាប្រចាំនៅចក្រភពអង់គ្លេសលោក Kyaw Zwar Minn ដែលបានធ្វើសេចក្តីថ្លែងការណ៍រិះគន់របបរដ្ឋប្រហារនោះត្រូវបានគេហាមឃាត់មិនឱ្យចូលស្ថានទូតភូមានៅទីក្រុងឡុង។
ការបដិសេធការងារពីមន្រ្ដីទូតចំពោះរបបរដ្ឋប្រហារបានធ្លាយទៅដល់ប្រទេសជប៉ុន គឺលេខាធិការទី ១ នៃស្ថានទូតភូមាប្រចាំនៅទីក្រុងតូក្យូយល់ថាប្រទេសរបស់លោកកំពុងធ្លាក់ចូលក្នុងយុគសម័យងងឹតមួយនៃរបបផ្តាច់ការឡើងវិញ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Kyodo នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មន្រ្តីពីររូបនៅស្ថានទូតភូមា ក្នុងទីក្រុងតូក្យូ បានក្លាយជាអ្នកការទូតចុងក្រោយគេ ដែលត្រូវបានយោធាបញ្ឈប់តួនាទី ក្រោយបង្ហាញគោលជំហរប្រឆាំងនឹងរបបយោធា។
លោកឯកអគ្គរដ្ឋទូត Aung Soe Moe មានប្រសាសន៍ថាដោយរំលឹកពីការរងទុក្ខវេទនាដោយទង្វើរបស់យោធាភូមាដែលអ្នកការទូតរូបនេះមានបទពិសោធន៍ធ្វើមហាបាតុកម្មនៅ ឆ្នាំ ១៩៨៨ ប្រឆាំងនឹងពួកយោធា។
អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកគឺថាប្រជាជនភូមាបានវិលត្រឡប់ទៅរកយុគសម័យដ៏ខ្មៅងងឹតដោយគ្មានសន្តិភាពនិងសិទ្ធិមនុស្សដែលជាប្រទេសគ្រប់គ្រងដោយភេរវកម្មនិងអាវុធហើយមិនអាចមើលឃើញអនាគតភ្លឺស្វាងសម្រាប់ប្រទេសភូមាទៀតនោះទេ។
លោក Aung Soe Moe ដែលជាអ្នកទទួលបន្ទុកកិច្ចការទូទៅនិងរដ្ឋបាលនៅស្ថានទូតភូមាមានប្រសាសន៍ថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការឃុំឃាំងមេដឹកនាំដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនិងករណីអយុត្តិធម៌ដទៃទៀត។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា មន្រ្តីពីររូបនោះ បានចាកចេញពីស្ថានទូតភូមា កាលពីថ្ងៃទី១១ ខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបង្ហោះសារលើបណ្តាញសង្គម Facebook គាំទ្រចលនាបាតុកម្មប្រឆាំងយោធា នៅឯប្រទេសភូមា គឺត្រូវបានពួកយោធាបញ្ឈប់តួនាទី ខណៈបច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីក្រុងតូក្យូ ដោយពុំបានត្រឡប់ទៅភូមាវិញឡើយ ។
ប្រទេសជប៉ុនបានរិះគន់រដ្ឋប្រហារយោធាជាខ្លាំង ហើយបានអំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។កាលពីខែមីនា ជប៉ុនបានប្រកាសពីការផ្អាកជំនួយថ្មីៗដល់ភូមា ជាការឆ្លើយតបចំពោះរដ្ឋប្រហារ ថ្ងៃទី១កុម្ភៈ៕