28 C
Phnom Penh

មន្ត្រីសុខាភិបាល អះអាងថា ពលរដ្ឋចំនួន១១នាក់ ដែលស្លាប់នៅស្រុកល្វាឯម គឺបណ្តាលមកពីផឹកស្រា ស និងស្រាថ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកល្វាឯម អំពាវនាវដល់ពលរដ្ឋទាំងអស់ រស់នៅស្រុកល្វាឯម ជាពិសេសពលរដ្ឋ ដែលបានពិសាស្រាស ឬស្រាថ្នាំ ដែលទិញពីស្រុកល្វាឯម សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះស្រា ស និងស្រាថ្នាំ ដែលត្រូវបានគេដាក់លក់នៅក្នុងមូលដ្ឋាននេះមានផ្ទុកសារធាតុមេតាណុល លើសកម្រិត ដែលបង្កឲ្យពុលមនុស្ស ឈានដល់បាត់បង់អាយុជីវិត។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានឲ្យដឹងថា យោងតាមលទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា ការស្លាប់របស់មនុស្សចំនួន ១១នាក់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គឺបណ្តាលមកពីជនរងគ្រោះពិសា ឬផឹកស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុលលើសកម្រិត។

លោកបន្តថា លទ្ធផលធ្វើតេស្តទៅលើតៀម ឬតូបលក់ស្រាស និងស្រាថ្នាំចំនួន ២៨កន្លែង គឺតូបលក់ស្រា ស ឬស្រាថ្នាំ ស្ទើរតែទាំងអស់ មានលាយសារធាតុមេតាណុលពុលលើសកម្រិត។

មន្ត្រីជំនាញ កំពុងធ្វើការស្រាវជ្រាវ ផ្ទះផលិតស្រា ដែលមានម្ចាស់ឈ្មោះ ប៊ូ ស៊ន កំពុងជាប់ការសង្ស័យនោះ ដើម្បីឲ្យប្រាកដថា តើសារធាតុមេតាណុលទាំងនោះ មានប្រភពពីសិប្បកម្មផលិតស្រា ស នោះ ឬយ៉ាងណា?

លោក កន សុកកាយ បានបន្តថា ទាក់ទិនការស្លាប់ប្រជាពលរដ្ឋទាំង ១១នាក់ខាងលើនេះ គឺអាជ្ញាធរបានកោះហៅប្រជាពលរដ្ឋ ដែលបានផឹកស្រាស និងស្រាថ្នាំ តាំងពីថ្ងៃទី១០ ខែឧសភា មកម្ល៉េះ ហើយមានមនុស្សចំនួន ៥៦នាក់ ត្រូវបានពិនិត្យសុខភាព។ ក្នុងនោះ មានមនុស្សចំនួន ០៥នាក់ មានអាការៈធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ចំណែកឯមនុស្សចំនួន ២០នាក់ទៀត ក្រុមគ្រូពេទ្យកំពុងពិនិត្យសុខភាព ព្រោះបានចូលរួមផឹកស្រា ស និងស្រាថ្នាំ ជាមួយជនរងគ្រោះដែលបានស្លាប់ទាំង ១១នាក់ខាងលើនោះដែរ។

លោកអភិបាលស្រុកល្វាឯម បន្តថា ពេលនេះ លោកបានស្នើសុំគោលការណ៍ពីថ្នាក់លើ និងជំនាញពាក់ព័ន្ធ ដើម្បីប្រមូលស្រា ស និងស្រាថ្នាំទាំងអស់ ពីតូបលក់ដូរទាំងអស់នៅមូលដ្ឋានស្រុកល្វាឯម ដើម្បីដុតបំផ្លាញចោល។ 

របាយការណ៍របស់សមត្ថកិច្ចស្រុកល្វាឯម ឲ្យដឹងថា ជនរងគ្រោះទាំង ១១នាក់ គឺជាបុរសទាំងអស់ ហើយមានអាយុចាប់ពី ២៩ ដល់ ៥៧ឆ្នាំ។ ក្នុងនោះភាគច្រើនអាយុប្រហែល ៥០ឆ្នាំ។ ពាក់ព័ន្ធនឹងការស្លាប់នេះ កើតឡើងអំឡុងពេល ពួកគេបានលួចផឹកស្រា ស និងស្រាថ្នាំ នៅក្នុងពិធីបុណ្យសពរបស់ញាតិជិតខាង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខណៈអាជ្ញាធរបានហាមឃាត់ រាល់ការទិញ និងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺCovid-19 នៅក្នុងប្រវត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស