បរិស្ថាន

អាជ្ញាធរក្រុងសៀមរាប កំពុងស្រាវជ្រាវរកមូលហេតុបង្កឱ្យភ្លើងឆេះព្រៃតំបន់អភិរក្សធនធានជីវចម្រុះបឹងទន្លេសាប

By ឌឹ ខេមបូឌា ដេលី

May 21, 2021

អាជ្ញាធរក្រុងសៀមរាប កំពុងបើកស៊ើបអង្កេត រកមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យភ្លើងឆេះព្រៃលិចទឹកអស់ជាង ៦រយហិកតារ នៅតំបន់អភិរក្សធនធានជីវចម្រុះ ឋិតក្នុងតំបន់ បឹងពារាំង ជាប់បឹងទន្លេសាប ក្នុងក្រុងសៀមរាប។ ករណីនេះ អាជ្ញាធរសង្ស័យថា មនុស្សមួយក្រុម បានដុតព្រៃចាបសត្វ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីយកដីកម្មសិទ្ធិ។

បាតុភាពនេះ កើតឡើង ចាប់តាំងពីថ្ងៃទី១៣ ខែឧសភា រហូតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់រកឃើញជនសង្ស័យមកផ្ដន្ទាទោសនៅឡើយទេ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ថា ភ្លើងឆេះព្រៃនេះកើតឡើងនៅចំណុចព្រៃក្រាស់ ដែលពិបាក ចល័តរថយន្តបាញ់ទឹកចូលពន្លត់ ដែលជាហេតុនាំឱ្យភ្លើងឆេះព្រៃរីករាលដាលកាន់តែធំ ខូចខាតគម្របព្រៃលិចទឹកក្នុងតំបន់បឹងពារាំង នេះអស់ប្រមាណ ៣០% ក្នុងចំណោមទំហំព្រៃលិចទឹកសរុបជាង ២ពាន់ ហិកតារ។

លោកសង្ស័យថា មានមនុស្សលួចចូលទៅនេសាទត្រី រុករកឃ្មុំ និងចាប់សត្វព្រៃខុសច្បាប់ ហើយបានដុតភ្លើងដាំបាយ ឬដុតភ្លើងបង្អើល ដើម្បីយកឃ្មុំ បង្កឱ្យមានការឆាបឆេះ។

ប្រធានមន្ទីរកសិកម្មរូបនេះ បន្ថែមថា មកទល់ពេលនេះ អាជ្ញាធរកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធ គ្រប់គ្រងភ្លើងឆេះព្រៃ បាន ៩០% និងបានប្រើគ្រឿងចក្រ ៥គ្រឿងជីកកាយបើកផ្លូវ ដើម្បីឱ្យរថយន្តបាញ់ទឹក ១៥គ្រឿង ចល័តចូលទៅបាញ់ពន្លត់ភ្លើងឆេះព្រៃនោះ។

ប្រធានសហគមន៍នៃសមាគមទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ចាត់ទុកករណីនេះ ធ្វើឱ្យខូចខាតព្រៃលិចទឹកធំធេង ប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋ និងបរិស្ថានទន្លេសាប។

លោកសង្ស័យថា ការឆេះព្រៃអភិរក្សនេះ គឺផ្តើមចេញពីការដុតព្រៃរានយកដីធ្វើចម្ការ ខុសពីការឆេះកាលពីឆ្នាំមុនៗ បង្កឡើងដោយ ដុតផ្សែងយកឃ្មុំ និងដុតជញ្ជ្រាំងស្រូវ។ លើសពីនេះទៀត លោកថា ការឆេះឆ្នាំនេះបានបំផ្លាញព្រៃអភិរក្ស ធនធានជីវចម្រុះច្រើនជាងឆ្នាំមុនៗជិត ៤ដង ធ្វើឱ្យខូចខាតតំបន់ដែលប្រជាសហគមន៍បានប្រឹងប្រែងថែរក្សា និងអភិរក្សតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ហើយបានបំផ្លាញ ជម្រកសត្វស្លាបជាច្រើនប្រភេទទៀតមានដូចជា កុក ខ្វែក ក្រសារ ទ្រូង និង ងាប់សត្វពស់ អណ្ដើក និងស្វាជាដើម៕