ជំងឺកូវីដ ១៩

តើការបើកដំណើរការផ្សារឡើងវិញនឹងអាចជួយជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋកម្រិតណា

By ឌឹ ខេមបូឌា ដេលី

May 25, 2021

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ការបើកឲ្យដំណើរការផ្សារឡើងវិញនៅពេលនេះ គឺពិតជារឿងល្អសម្រាប់អាជីវករ និងពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខ្លាំងណាស់ ប៉ុន្តែត្រូវបន្តផែនការបើកផ្សារ ដែលមិនទាន់រៀបរយផ្សេងទៀត ឲ្យបានឆាប់ផងដែរ។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ខែឧសភា នេះថា នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សាមួយរយៈ បានធ្វើឲ្យដំណើរការកសិផលរបស់ពលរដ្ឋមួយចំនួនបានគាំងស្ទើរតែទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់យ៉ាងខ្លាំង។

លោកអះអាងថា ដើម្បីធានាចំពោះការដាក់ឲ្យដំណើរការឡើងវិញនៃផ្សាទាំងនោះបានល្អប្រសើរ និងចៀសផុតពីការឆ្លងវីរុសCovid-19 រដ្ឋាភិបាលគួរតែពិចារណាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើអាជីវករតាមផ្សារនានាទាំងរាជធានីភ្នំពេញ និងផ្សារនៅតាមបណ្តាខេត្តឲ្យបានឆាប់ផងដែរ។

លោកបញ្ជាក់ថា ការដាក់ផែនការស្រោចថ្នាំបង្ការជំងឺ Covid-19 នៅតាមទីប្រជុំជនបែបនេះ គឺអាចធានាបាននូវសុខមាលភាពសាធារណៈរបស់ពលរដ្ឋផង និងដើម្បីជួយបើកផ្លូវសេដ្ឋកិច្ចមូលដ្ឋានឲ្យងើបឡើងវិញឲ្យបានឆាប់រហ័សផង ព្រោះថា អាជីវករ និងកសិករមួយចំនួន គឺពឹងទៅលើមុខរបរប្រចាំថ្ងៃ ទាំងនេះយ៉ាងខ្លាំងដើម្បីដោះស្រាយជីវភាពរបស់ពួកគេ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបើកដំណើរការឡើងវិញចំពោះផ្សា ទាំងអស់ក្នុងទីក្រុងភ្នំពេញក្រោយអាជ្ញាធរបិទខ្ទប់អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បើកដំណើរការផ្សារក្នុងទីក្រុងភ្នំពេញ ឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ ប៉ុន្តែលើកលែងតែផ្សារដែលមិនទាន់មានរបៀបរៀបរយ ដូចជាផ្សារ ក្នុងបូរី និងផ្សាតាមទីតាំងរោងចក្រ ជាដើម។

លោក បញ្ជាក់ថា បើទោះបីជាមានការអនុញ្ញាតឲ្យដំណើរការផ្សារក្នុងទីក្រុងភ្នំពេញ ឡើងវិញក៏ដោយ តែផ្សាទាំងនោះត្រូវអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជាដាច់ខាត ប្រសិនបើ មានបុគ្គលណាល្មើសវិធានការរដ្ឋាភិបាល ឬសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ២០ម៉ឺនរៀល ដល់ ១លានរៀលជាកំហិត។

កាលពីថ្ងៃទី១៦ ខែឧសភា ពលរដ្ឋប្រមាណ ជា៣០គ្រួសារតំណាងឲ្យកសិករមកពីឃុំចំនួន៥ ក្នុងខេត្តកណ្តាល ដែលតែងប្រកបមុខរបរលក់ដូរដោយនាំយកកសិផលរបស់ខ្លួនទៅលក់ក្នុងទីក្រុងភ្នំពេញ កន្លងមក បាននាំគ្នាសំណូមពរទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យជួយរកទីផ្សារសម្រាប់កសិផលរបស់ពួកគាត់ ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមនៅពេលនេះ។

ការស្នើយ៉ាងទទូចរបស់ពលរដ្ឋឲ្យជួយដោះស្រាយបញ្ហាគ្មានទីផ្សារនេះ គឺដោយសារពួកគេ បានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះ គឺគ្មានប្រាក់ចំណូលសម្រាប់សងបំណុលធនាគារដែលពួកគាត់បានខ្ចីយកមកបង្កើតមុខរបរនាពេលកន្លងមក។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្ដីពីការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ននូវ ផ្សាររដ្ឋ និងផ្សារគ្មានរបៀបរៀបរយទាំងអស់ក្នុងទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 រយៈពេល ៧ថ្ងៃបន្ថែមទៀត ដោយគិតចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

ការផ្អាកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ នេះ គឺជាលើកទី ៣ហើយ ដែលសាលាក្រុងភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មក ដែលមានរយៈពេលជិត ១ខែទៅហើយនោះ៕