29.3 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដើម្បី​ពលរដ្ឋ ឬ​មួយ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមពិតទៅ តួរនាទីមិនមែនជាកត្តាកំណត់អំពីតម្លៃរបស់មនុស្សដែល កំពុងស្ថិតក្នុងតំណែងនោះទេ។ ជាក់ស្តែងលោកបណ្ឌិតកែម ឡី លោកគឺជាមនុស្សគ្មានតួរនាទីអ្វីទាំងអស់ក្នុងសង្គមខ្មែរ តែលោកត្រូវ បានពលរដ្ឋខ្មែរគោរព និងអោយតម្លៃខ្ពស់ជាងអ្នកដែលមានតួរនាទី   ខ្ពស់ៗក្នុងសង្គមទៅទៀត។

ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលនៃប្រទេសមួយ មិនមែនសុទ្ធតែជារដ្ឋាភិ បាលដើម្បីពលរដ្ឋ ឬជាតិនៃប្រទេស នោះឡើយ។ តើគេអាចចាត់ទុករដ្ឋាភិបាលខ្មែរក្រហម ជារដ្ឋាភិបាលដើម្បីពលរដ្ឋ ឬជាតិខ្មែរដែរឬទេ? ក្នុងរបបខ្មែរក្រហម រដ្ឋាភិបាលនោះបានបំបិទមាត់ ពលរដ្ឋ បង្ខំឲ្យពលរដ្ឋខ្មែរធ្វើការហួសកំលាំង បង្អត់អាហារ និង ធ្វើទារុណកម្ម ផ្សេងៗទៀតដែលបណ្តាលឲ្យពលរដ្ឋខ្មែរប្រមាណជាងពីរលាននាក់ បានស្លាប់បាត់បង់ជីវិត។ តើអ្វីដែលរបបខ្មែរក្រហមធ្វើនោះដើម្បីពលរដ្ឋ ឬជាតិខ្មែរដែរទេ?

តើអ្វីទៅដែលហៅថារដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋឬជាតិនោះ? អតីតប្រធានាធិបតីអាមេរិកមួយរូបគឺលោក Abraham Lincoln បាន ថ្លែងសារនយោបាយដ៏ល្បីល្បាញមួយឃ្លាកាលពីខែវិច្ឆិកា ឆ្នាំ១៨៦៣ថា “រដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និង ដើម្បីប្រជាពល រដ្ឋ”។

គេហ័រទំព័រHuffpost.com បានពន្យល់អត្ថន័យនៃសារនេះថា រដ្ឋាភិបាលរបស់ពលរដ្ឋគឺជារដ្ឋាភិបាលដែលជ្រើសរើសដោយប្រជាពលរដ្ឋ។ រដ្ឋាភិបាលដោយពលរដ្ឋគឺសំដៅដល់ការគោរពសេរីភាព បញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលស្តាប់និងដឹកនាំតាម ឆន្ទៈរបស់ ពលរដ្ឋ។ រីឯរដ្ឋាភិបាលដើម្បីពលរដ្ឋគឺជារដ្ឋា ភិបាលដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋរបស់ខ្លួន។

ដូច្នេះ គេអាចផ្អែកលើទ្រឹស្តីនេះដើម្បីធ្វើការឆ្លុះបញ្ចាំងលើតថភាពនៃរដ្ឋា ភិបាលរបស់គណបក្សប្រជាជនកម្ពុជា(CPP) របស់លោកហ៊ុន សែនដែលបានកំពុងគ្រប់គ្រងអំណាចចាប់តាំងពីឆ្នាំ១៩៧៩មក។

បើគេពិនិត្យមើលប្រវត្តិនៃការឡើងកាន់អំណាចរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា គេមិនដែលឃើញរដ្ឋាភិបាលនេះបានទទួលអំណាចតាមរយៈការបោះឆ្នោតដោយឆន្ទៈពលរដ្ឋខ្មែរនោះទេ។ នៅពេលចាញ់ឆ្នោតក្នុងការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ លោកហ៊ុន សែននិងបក្សពួកបានបង្កើតតំបន់អប្បគមន៍ក្នុងខេត្តកំពង់ចាម ព្រៃវែង និង ស្វាយរៀង ដើម្បីបង្ខំអោយអ្នកឈ្នះឆ្នោតចែកអំណាច ជាមួយគាត់។

បន្ទាប់មក គាត់ធ្វើរដ្ឋប្រហារក្នុងខែកក្កដា ឆ្នាំ១៩៩៧ និងគ្រប់គ្រងគណកម្មការជាតិរៀបចំការបោះឆ្នាត(គជប) ដើម្បីច្បាម អំណាចតាមអំពើចិត្តជាបន្តបន្ទាប់ រហូតដល់រំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិការ ឆ្នាំ២០១៧ ដើម្បីធានាថា គាត់ជាអ្នកឈ្នះឆ្នោតដាច់ គេដោយមិនអនុញ្ញាតិអោយមានគូរប្រកួត។ ដូច្នេះ បើផ្អែកលើទ្រឹស្តី លោកAbraham Lincoln រដ្ឋាភិបាលCPPរបស់លោកហ៊ុន សែន បច្ចុប្បន្ននេះ គឺ មិនមែនជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋទេ ព្រោះ មិនមែនជារដ្ឋាភិបាលដែលបាន អំណាចដោយសន្លឹកឆ្នោតរបស់ពលរដ្ឋតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នោះឡើយ។

ម្យ៉ាងវិញទៀត បើគេពិនិត្យមើលការគ្រប់គ្រងប្រទេសវិញ រដ្ឋាភិបាល លោកហ៊ុន សែន គ្រប់គ្រងទាំងសភាដែលជាស្ថាប័នតំណាងប្រជាពលរដ្ឋ និងទាំងតុលការដែលជាស្ថាប័នការពារយុត្តិធម៌។

ដូច្នេះ អំណាចទាំង អស់ស្ថិតក្នុងដៃលោកហ៊ុន សែន ដែលតែងតែគំរាមកំហែង និងចាប់ចងអ្នករិៈគន់ឬប្រឆាំងនឹងការដឹកនាំរបស់គាត់។ ហេតុនេះ បើផ្អែកលើ ទ្រឹស្តីលោកAbraham Lincoln រដ្ឋាភិបាលលោកហ៊ុន សែន គឺ មិនមែនជារដ្ឋាភិបាលដោយប្រជាពលរដ្ឋទេ ព្រោះការដឹកនាំប្រទេស របស់គាត់ ក៏មិនមែនតាមឆន្ទៈរបស់ពលរដ្ឋនោះដែរ  គឺតាមតែឆន្ទៈ របស់លោក ហើយសំលេងឬសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគំរាមកំ ហែងនិងបំបិទមាត់។

ដូច្នេះ តើរដ្ឋាភិបាលរបស់លោកហ៊ុន សែន ជារដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋ ដែរឬទេ? ចម្លើយដ៏ងាយសំរាប់សំណួរនេះគឺ “ទេ” ព្រោះដូចមូលហេតុដែល បានលើកឡើងដូចខាងលើនោះគឺ រដ្ឋាភិបាលនេះមិនមែនជារបស់ពលរដ្ឋ និងមិនបានគ្រប់គ្រងអំណាចតាមឆ្ទៈរបស់ប្រជាពលរដ្ឋនោះឡើយ។ ជាក់ស្តែង រដ្ឋាភិបាលនេះបានកាងឈ្មួញ ឩកញ្ញ៉ា អ្នកមានអំណាច និងក្រុមហ៊ុនចិន វៀតណាម ដែលបានរំលោភយកដីប្រជាពលរដ្ឋ ជិៈជាន់ពលកម្មលើពលរដ្ឋ និង បំផ្លាញព្រៃឈើឬបរិស្ថាន ជាដើម។

ផ្ទុយទៅវិញពលរដ្ឋ ឬកម្មករដែលរងគ្រោះដោយអំពើ រំលោភបំពានទាំងនោះ ត្រូវបានទទួលការបង្ក្រាបពីមន្ត្រីរដ្ឋាភិបាលនេះ ទៅវិញ នៅពេលដែលពួកគេព្យាយាមប្តឹងឬតវ៉ាដើម្បីទាមទារយុត្តិធម៌។

ការបកស្រាយខាងលើនេះ គឺជាការវិភាគដោយផ្តោតលើតថភាពជាក់ស្តែង របស់រដ្ឋាភិបាលCPP ក្រោមការគ្រប់គ្រងរបស់លោកហ៊ុន សែន។ តែបើ គេពិនិត្យមើលលក្ខណៈសម្បត្តិនៃការដឹកនាំរបស់លោកហ៊ុន សែនវិញ តើគាត់ជាមេដឹកនាំដើម្បីពលរដ្ឋ ឬយ៉ាងណា?

ដោយយោងតាមហេតុផលដែលបានលើករួចមកហើយនេះ រដ្ឋាភិបាល លោកហ៊ុន សែន គឺជារដ្ឋាភិបាលមិនមែនជារបស់ពលរដ្ឋ ដោយពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋនោះឡើយ។

ដូច្នេះ វាហាក់ដូចជាចម្លើយ ឆ្លើយនឹងសំណួរខាងលើនេះរួចទៅហើយ ព្រោះលោកហ៊ុន សែន គឺជាអ្នកដឹកនាំរដ្ឋាភិបាលនោះ។ អញ្ចឹង វាមានន័យថា គាត់ គឺពិតជាមិនមែន មេដឹកនាំដើម្បីពលរដ្ឋឡើយ។ ជាការបន្ថែមទៅលើការវិភាគខាង លើគេអាចលើកឡើងអំពីការពិនិត្យមើលលទ្ធផលជាក់ស្តែងក្នុងសង្គម និងសេចក្តីត្រូវការរបស់ពលរដ្ឋ។

អតីតកម្មាភិបាលខ្មែរក្រហម លោកហ៊ុន សែន ត្រូវបានលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្រ្តីដោយសាររដ្ឋាភិបាលក្រុងហាណូយ ក្នុងឆ្នាំ១៩៨៥។ ក្នុងរបាយការណ៍មួយចេញផ្សាយកាលពី ខែមករា ឆ្នាំ២០១៥ អង្គការ Human Rights Watch សរសេរថា វៀត ណាមបានលើកបន្តុបលោកហ៊ុន សែន ដោយសារតែគាត់ជាមនុស្សឆ្លាត សកម្មការងារ មានមច្ឆតា និង ឆន្ទៈមោះមុតក្នុងការអនុវត្តរាល់បទ បញ្ជាររបស់ទីក្រុងហាណូយ។

ក្រោមការដឹកនាំរបស់គាត់រាប់ទសវត្ស កន្លងមកនេះ កម្ពុជាជាប្រទេសក្រីក្របំផុតមួយ កម្ពុជាជាប្រទេសពុក រលួយបំផុត កម្ពុជាជាប្រទេសផ្តាច់ការដ៏ខ្លាំងមួយ កម្ពុជាជាប្រទេសរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយ កម្ពុជាជាប្រទេសដ៏អនាធិបតេយ្យមួយ ឬកម្ពុជាជាប្រទេសដែលមានសេវ៉ាកម្មសាធារណៈ ជាពិសេសវិស័យសុខាភិបាលដ៏ទន់ខ្សោយមួយ ជាដើម។

តើទាំងអស់នេះសុទ្ធតែជាលទ្ធផលដែល ពលរដ្ឋចង់បានឬយ៉ាងណា? បើលោកហ៊ុន សែន យល់ថា គាត់កំពុងតែដឹកនាំបានល្អ និងទទួលបានការពេញចិត្តពេញថ្លើមពីប្រជា ពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធនោះ ចុះហេតុអ្វីក៏ គាត់មិនហ៊ានប្រកួតយកអំណាចតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌?

ក្នុងពេលជាមួយគ្នានេះ មន្ត្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខ្លះ ហាក់ដូចជាមានអំណួត ឬមោទនៈភាពលើវិធីដណ្តើម និងពង្រឹង អំណាចរបស់លោកហ៊ុន សែន។ ប៉ុន្តែសំណួរសួរថា តើលោកហ៊ុន សែន ពិតជាមេដឹកនាំដើម្បីគណបក្សប្រជាជនកម្ពុជា ឬយ៉ាងណា?

នៅពេលដែលលោក ហ៊ុន សែន ប្រើអំណាច ឬវិធីទុច្ចរិតដើម្បីកំចាត់ គណបក្សប្រឆាំង និង សមកម្មជនដែលរិៈគន់របបគាត់ ក្រុមអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាសប្បាយរីករាយ ដោយគេគិតថា គណបក្សរបស់គេកាន់ តែមានអំណាច។ តែអ្នកទាំងនោះប្រហែលជាមិនបាន ឬគ្មានសមត្ថភាព ពិចារណាដោយស៊ីជំរៅលើចំណុចមួយចំនួនដូចខាងក្រោម នេះទេ៖

១) ក្រោយការលើកអោយឡើងកាន់អំណាចដោយវៀតណាមក្នុងឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា ឬCPP បានអះអាងថា ខ្លួនមានដើម កំណើតពីកសិករ និងកម្មករ ហើយប្តេជ្ញាការពារវណ្ណៈទាំងពីរនេះយ៉ាងប្តូរផ្តាច់។

ប៉ុន្តែ បើគេពិនិត្យមើលស្ថានភាពបច្ចុប្បន្ននេះ តើនរណាជាអ្នកធ្វើទុកបុកម្និញ ឬបំផ្លាញវណ្ណៈកសិករ និងកម្មករ? រដ្ឋាភិបាលលោកហ៊ុន សែន ការពារឧកញ្ញ៉ា អ្នកមានលុយ អ្នកមានអំណាច និង ជនបរទេស ដែលប្លន់ដីធ្លីកសិករ ជម្លៀសកសិករចេញពីលំនៅដ្ឋាន ឬជិៈជាន់កម្មករ ដោយរំលោភសិទ្ធិការងារនិងផ្តល់ប្រាក់ខែតិចតួចជាដើម។ ការតម្លើង ប្រាក់ខែដល់កម្មករចាប់តាំពីឆ្នាំ២០១៤មក គឺដោយសារតែគោល នយោបាយរបស់គណបក្សសង្គ្រោះជាតិដែលប្រកាសក្នុងយុទ្ធនាការបោះឆ្នោតនា ខែកក្កដា ឆ្នាំ២០១៣ តែប៉ុណ្ណោះ។

២) ពេលដែលលោកហ៊ុន សែន ប្រើល្បិចកំចាត់មេដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិចនិងមេដឹកនាំគណបក្សសង្គ្រោះជាតិ មន្ត្រីនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្លះអាចសប្យាយចិត្ត ហើយខ្លះទៀតប្រហែលជាសរសើរលោកហ៊ុន សែន ទៀតផង។ តែពួកគេភ្លេចគិតថា លោកហ៊ុន សែន ក៏ធ្លាប់ប្រើល្បិច ស្រដៀងគ្នាដោយឃុបឃិតជាមួយវៀតណាមកំចាត់លោក ប៉ែន សុវណ្ណ ដែលជាអតីតមេដឹកមួយនៃគណបក្សប្រជនកម្ពុជារបស់ពួកគាត់ផងដែរ។

ក្រៅពីនេះ លោកហ៊ុន សែន ក៏ប្រើអំណាចកំចាត់មន្រ្តីនៅជុំវិញ លោកជា ស៊ីម ដូចជាការដកដំណែងលោកកែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងទ័ព ការចាប់ប្រធានពិធីការនិងប្រធានអង្គរក្សរបស់លោកជា ស៊ីម ដាក់ក្នុងពន្ធនាគារ ជាដើម ។ បច្ចុប្បន្ននេះ លោកហ៊ុន សែន ក៏កំពុងប្រើអំណាចបញ្ជារចៅខេត្ត ក្រុង រំលងលោកស ខេង បញ្ជារ កងទ័ពតាមរយៈកូនរបស់កាត់ និង ប្រើអំណាចបំពានក្រសួង នានាតែតាមរយៈសមាជិកគ្រួសាររបស់គាត់។ តើនេះមិនមែនជាវិធី របស់លោក ហ៊ុន សែន ដើម្បីពង្រឹងអំណាចគ្រួសារគាត់ ហើយកាត់ បន្ថយអំណាច ឬកំចាត់មន្ត្រីផ្ទៃក្នុងបក្សទេឬ? បើដូច្នេះមែន វិធីទុច្ចរិត ឬអំពើផ្តាច់ការរបស់លោកហ៊ុន សែន មិនមែនគ្រាន់តែជាគ្រោះថ្នាក់ ចំពោះមនុស្សក្រៅគណបក្សរបស់គាត់ទេ តែក៏ជាគ្រោះថ្នាក់សំរាប់មន្ត្រី ក្នុងគណបក្សប្រជាជនកម្ពុជាដែរ។

៣) ក្នុងក្របខ័ណ្ឌសង្គម លោកហ៊ុន សែន ប្រើតួរនាទីនិងអំណាចជា នាយករដ្ឋមន្ត្រីធ្វើសេចក្តីសម្រេចតែងតាំងឬដកមន្ត្រី និងចេញបទ បញ្ជារផ្សេងៗស្រេចតែចិត្តគាត់ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញ ច្បាប់ ឬ គោលការណ៍ពាក់ព័ន្ធផ្សេងៗ ដែលកំពុងមានសុពលភាពជាធរមាន ឡើយ។ មន្រ្តីCPPដែលបានលាភសក្ការៈពីការប្រើអំណាចដោយ អនាធិបតេយ្យក្នុងសង្គមរបស់លោកហ៊ុន សែន គឺប្រាកដជាសប្បាយចិត្ត។

ប៉ុន្តែ ពួគគេភ្លេចគិតថា លោកហ៊ុន សែន ក៏កំពុងប្រើអំណាចអនាធិបតេយ្យ ដូចគ្នានៅក្នុងគណបក្សCPPរបស់ពួកគេដែរ។ សំណួរដែលអាចបញ្ជាក់ បានគឺ តើកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាណាម្នាក់ហ៊ានជំ ទាស់ឬប្រឆាំងនឹងការសម្រេចចិត្តរបស់លោកហ៊ុន សែនលើកិច្ចការផ្ទៃ ក្នុងបក្ស?។

រីឯអ្នកដែលសប្បាយចិត្តដោយទទួលបានលាភសក្ការៈអំពី ការប្រើអំណាចបែបអនាធិបតេយ្យរបស់លោកហ៊ុន សែន បែបនេះ ក៏ភ្លេចគិតថា ពួកគេបានលាភនៅពេលនេះ គឺដោយសារតែពួកគេកំពុង តែបម្រើផលប្រយោជន៍និងមានតម្លៃសំរាប់លោកហ៊ុន សែន និង ក្រុម គ្រួសាររបស់គាត់។ តែពួកគេមិនបានគិតមើលថា តើមានអ្វីធានាដល់ ភាពស្ថិតស្ថេរនៃតម្លៃរបស់ពួកគេសំរាប់ផលប្រយោជន៍លោកហ៊ុន សែន និង ក្រុមគ្រួសាររបស់គាត់នោះ?

ជាឩទាហរណ៍ លោកហ៊ុន សែន ដែលធ្លាប់កៀកកើយជាមួយ វៀតណាម តែមួយគត់នោះ ក៏បានចាប់ផ្តើមអោបរឹត ចិនស្អិតល្មួតជាងវៀតណាម​វិញ នៅពេលដែលគាត់និងក្រុមគ្រួសារគាត់ បានទទួលផលប្រយោជន៍និងការគាំទ្រពីចិនច្រើនជាង។ គេហ័រទំព័រ សារព័ត៌មាន asianewsday.com បានផ្សាយកាលពីខែសីហាឆ្នាំ២០២០ថា ហ៊ុន ម៉ាណែត ទទួលការអប់រំផ្នែកយោធានៅអាមេរិក តែជាមនុស្ស របស់ចិន!

៤) កាលពីខែកក្កដា ឆ្នាំ២០១៦ អង្គការ Global Witness បានផ្សាយ របាយការណ៍មួយដែលបានរកឃើញថា សមាជិកគ្រួសារលោកហ៊ុន សែន បានគ្រប់គ្រងភាគហ៊ុនក្នុងក្រុមហ៊ុនធំៗនៃប្រទេសកម្ពុជាចំនួនជាងពីរ រយក្រុមហ៊ុន ហើយពួកគេយកចំណែកភាគហ៊ុនទាំងនោះដោយពុំមាន ដាក់ទុន ពោលគឺពួកគេដាក់ហ៊ុនខ្យល់ ហើយចាំតែយកផលចំណេញ។

ផ្អែកលើចំណុចនេះ គេអាចចោទជាសំណួរថា  តើថៅកែឬម្ចាស់ក្រុម ហ៊ុនទាំងអស់នោះអាចរកស៊ីកើតទេ ប្រសិនបើពួកគេមិនធ្វើតាមលោក ហ៊ុន សែន ឬបំរើផលប្រយោជន៍គ្រួសារត្រកូលហ៊ុន? ឩទាហរណ៍ កាលពីចុងឆ្នាំ២០១៨ សាព័ត៌មាន The Cambodia Daily បានផ្សាយចុះផ្សាយថា លោកហ៊ុន សែន បានព្រមាន លោកគិត ម៉េង អោយផ្លាស់ប្តូរអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ CNC ដោយដាក់មនុស្សថ្មីតាមការចង់បានរបស់គាត់ ហើយថា លោកគិត ម៉េង នឹងបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្ម ប្រសិនបើហ៊ានប្រឆាំង នឹងបំណងនេះ។

ករណី លោកគិត ម៉េង នេះក៏ប្រហែលមិនខុសពីម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មនានា និងអ្នកដែលកំពុងមានឥទ្ធិពល ឬតួរនាទីសំខាន់ៗក្នុងគណបក្សប្រជាជនដទៃទៀតដែរ។ ពួកគេនឹងបាត់បង់អ្វីៗទាំងអស់ ប្រសិនបើពួកគេមិនមានផលប្រយោជន៍ សំរាប់លោកហ៊ុន សែន និង គ្រួសារត្រកូលហ៊ុននោះ។

៥) តើលោកហ៊ុន សែន ទុកចិត្តនិងអោយតម្លៃឥស្សជនក្នុងគណបក្ស ប្រជាជនកម្ពុជាជាងសមាជិកគ្រួសាររបស់គាត់ដែរទេ? កាលពីខែតុលា ឆ្នាំ២០១៨ លោកហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន ក្យូដួរបស់ប្រទេសជប៉ុនថា កូនប្រុសច្បងរបស់គាត់គឺលោកហ៊ុន ម៉ាណែត អាចនឹងក្លាយជាមេដឹកនាំនៃប្រទេសកម្ពុជាបន្តពីគាត់។

ដោយយោងហេតុផលនិងការអនុវត្តន៍ជាក់ស្តែងរបស់លោកហ៊ុន សែន ដូចដែលបានលើកមកបរិយាយខាងលើ គេអាចធ្វើការសន្និដ្ឋានបែប ប្រាកដនិយមមួយថា លោកហ៊ុន សែន មិនមែនជាមេដឹកនាំដើម្បីប្រជា ពលរដ្ឋខ្មែរទេ ហើយក៏មិនមែនជាមេដឹកនាំដើម្បីគណបក្សប្រជាជន កម្ពុជាឬហៅថាCPPនោះដែរ តែជាមេដឹកនាំដើម្បីតែគ្រួសាររបស់ គាត់តែប៉ុណ្ណោះ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស