អ្នកវិភាគនយោបាយចាស់វស្សានៅកម្ពុជា មួយរូបបានសរសើរអភិបាលខេត្តកំពង់ស្ពឺ ចំពោះការចេញបទបញ្ជាឲ្យរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងការបង្ហាញរូបភាពស្រាបៀរនៅទីសាធារណះថានឹងឈានទៅរកការចាប់ផ្តើមលើកស្ទួយសីលធម៌នៅក្នុងសង្គមខ្មែរ ឡើងវិញ។
បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី២៤ ខែឧសភា នេះថា ប្រសិនបើបទបញ្ជាបែបនេះត្រូវបានអនុវត្តទូទាំងប្រទេស នឹងនាំឲ្យមានច្បាប់មួយហាមឃាត់មិនឲ្យមានគ្រប់រូបភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងលក់ភេសជ្ជៈ និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឲ្យរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀ នៅក្នុងភូមិសាស្ត្រនេះ។
លិខិតដដែលបញ្ជាក់ថា កន្លងមកមានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានាដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភ័ណភាព នៅក្នុងខេត្ត គឺរដ្ឋបាលខេត្តសូមស្នើឱ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវរុះរើចេញជា បន្ទាន់ក្នុងរយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវលើការចំណាយ និងរាល់ការខូចខាត។
វិធានការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបានមហាជន សាទរ និងថា នេះជាវិធានការល្អ អាចជាគំរូដល់ខេត្តផ្សេងៗទៀត ក្នុងការកាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលជំរុញទឹកចិត្តយុវជន និងពលរដ្ឋពិសារគ្រឿងស្រវឹង នាំឲ្យខូចសុខភាព ពិសារគ្រឿងស្រវឹងជាហេតុកើតមានគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈជាដើម។
អំឡុងពេលបិទខ្ទប់នៃការរីករាលដាលជំងឺ Covid-19 កាលពីថ្មីៗមកនេះ ក្រសួងព័ត៌មាន ជូនដំណឹងកាលពីថ្ងៃទី១៩ ខែមេសា បានណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញ ទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានណែនាំឱ្យផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅក្នុងខែមេសា ឆ្នាំ២០២១។
បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងនាពេលកន្លងមកថា ប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទ មានចំនួន ៥ គឺស្រីលង្កា ភូមា ថៃ ឡាវ និងខ្មែរ ហើយក្នុងចំណោមប្រទេសទាំងនេះ មានប្រទេស ២ គឺស្រីលង្កា និងថៃ ហាមឃាត់មិនឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ចំណែកឯប្រទេស ភូមា និងឡាវ ដាក់ការផ្សព្វផ្សាយក្រោមការគ្រប់គ្រងត្រួតពិនិត្យ។ រីឯប្រទេសកម្ពុជា វិញ ហាក់ដូចជាបណ្តោយឲ្យផ្សព្វផ្សាយដោយសេរី៕