28.4 C
Phnom Penh

សមត្ថកិច្ចនិយាយថា បទល្មើសមេខ្យល់នាំពលករខ្មែរ ខុសច្បាប់ឆ្លងដែនចេញពីកម្ពុជា ទៅថៃ បានកម្រើកឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានឲ្យដឹងថា សកម្មភាពរបស់មេខ្យល់លួចនាំពលករខ្មែរ ឆ្លងដែនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ បានកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ បានល្បាតចុះបង្ក្រាប និងឃាត់ខ្លួនមេខ្យល់ ព្រមទាំងពលករខ្មែរចំនួន ១៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ។

លោក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចថៃ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹង នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះថា សមត្ថកិច្ចកម្ពុជា-ថៃ បានចុះល្បាតរួមគ្នានៅតាមព្រំដែនប្រទេសទាំងពីរ ហើយបានឃាត់ខ្លួនមេខ្យល់ចំនួន ០២នាក់ និងពលករខ្មែរចំនួន ១២នាក់ ក្នុងនោះមានស្ត្រីចំនួន ០៤នាក់ និងកុមារចំនួន០២នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីសាកសួរ និងឈានទៅបន្តនីតិវិធីតាមច្បាប់។

លោកបន្តថា កម្លាំងសមត្ថកិច្ចតែងចុះល្បាត និងឃ្លាំមើលសកម្មភាព របស់មេខ្យល់លួចនាំពលករខ្មែរឆ្លងដែន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានឃាត់ខ្លួនទាំងមេខ្យល់ និងពលករខ្មែរជាច្រើននាក់។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ ឯណោះវិញ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៨០៧ ក៏បានឃាត់ខ្លួន ពលករខ្មែរចំនួន ០៤នាក់ កាលពីម៉ោងរំលងអាធ្រាត្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈពួកគេបម្រុងលួចឆ្លងដែនទៅកាន់ប្រទេសថៃ នៅភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនអូរសាយ ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ក្នុងចំណោមពលករទាំង០៤នាក់ គឺមានជនសង្ស័យម្នាក់ ជាមេខ្យល់ ដែលធ្លាប់ដឹកនាំធ្វើសកម្មភាពនាំពលករខ្មែរលួចឆ្លងដែនចេញ-ចូលប្រទេសថៃ ក្នុងមូលដ្ឋាននេះជាបន្តបន្ទាប់នាពេលកន្លងមក។ ហើយក្នុងចំណោមពលករ និងមេខ្យល់ ដែលសមត្ថកិច្ចឃាត់ខ្លួនកន្លងមកនេះ គឺភាគច្រើន មានលំនៅឋានរស់នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការបន្តថា ផ្អែកតាមការចម្លើយសារភាពរបស់ពលករខ្មែរ បញ្ជាក់ប្រាប់សមត្ថកិច្ចថា មេខ្យល់បានសន្យាជាមួយពួកគាត់ថា ពេលជូនឆ្លងដែនទៅដល់គោលដៅក្នុងប្រទេសថៃ គឺត្រូវចំណាយលុយក្នុងម្នាក់ៗចំនួន ៥ពាន់បាត លុយថៃ ឬស្មើនឹង១៦០ ដុល្លារ។

ទោះយ៉ាងណាសមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ មិនត្រូវលួចឆ្លងដែនចេញទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ទៀតទេ ព្រោះប្រឈមការផ្ដន្ទាទោស ជាពិសេសមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺCovid-19។ ជាងនេះទៀត ក៏ត្រូវឈប់ចាញ់បោកមេខ្យល់នាំពលករចេញទៅក្រៅប្រទេសតទៅទៀត ព្រោះនាំឲ្យខាតបង់ថវិកាថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស