40.6 C
Phnom Penh

អ្នកវិភាគថា រដ្ឋសភាជាតិកម្ពុជា គួរតែអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងឲ្យបានឆាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលសង្គម ជំរុញឲ្យរដ្ឋសភាជាតិ អនុម័តសេចក្តីព្រាង ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដើម្បីធានា និងទប់ស្កាត់ការបំផ្លាញសុខភាព និងអាយុជីវិតរបស់ប្រជាជន។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៥ ខែឧសភា នេះថា គណ:រដ្ឋមន្ត្រី និងរដ្ឋសភាកម្ពុជា គួរតែពិចារណាអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលក្រសួងសុខាភិបាលបានតាក់តែង និងដាក់ជូន តាំងពីឆ្នាំ២០១៥ មកនោះ ដើម្បីយកទៅអនុវត្តការពារការពារសុខមាលភាព និងអាយុជីវិតរបស់ពលរដ្ឋ។

លោកអះអាងថា ការអនុវត្តច្បាប់នេះគឺសំដៅដល់ការចាត់វិធានការ លើអ្នកប្រើប្រាស់ និងអ្នកផលិត គឺអ្នកផលិតត្រូវផលិតតាមស្តង់បច្ចេកទេសត្រឹមត្រូវ ចំណែកអ្នកប្រើប្រាស់ត្រូវប្រាស់តាមចំនួនកំណត់ និងតាមកាលៈទេសៈផងដែរ ដោយចៀសវាងការប្រើប្រាស់ដែលបណ្តាលឲ្យខូចសុខភាព និងប៉ះពាល់ដល់អាយុជីវិតចំពោះស្រាដែលផលិតខុសបច្ចេកទេស។

លោកបញ្ជាក់ថា ច្បាប់នេះនឹងជួយបង្ការ និងកាត់បន្ថយ ចំពោះ អ្នកស្លាប់ ឬអ្នកដែលមានជំងឺដោយសារការបរិភោគស្រា។ ជាងនេះទៀត ក៏ជាវិធានការទប់ស្កាត់អំពើហិង្សានានារបស់អ្នកសេពសូរ៉ា ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់ពលរដ្ឋឲ្យមានរបៀបរៀបរយចំពោះការទទួលទានគ្រឿងស្រវឹងនេះ ផងដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមាន ពលរដ្ឋនៅខេត្តកណ្តាលបានពុលស្រាបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នកត្រូវសង្គ្រោះបន្ទាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាពេលថ្មីៗនេះ នៅឡើយ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ យ៉ាងហោចណាស់មានពលរដ្ឋ ១២នាក់បានស្លាប់ និង ៩នាក់ ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិត នៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានបណ្តាលពីការពុលស្រាស និងស្រាថ្នាំ។ បញ្ហានេះ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា អ្នកស្លាប់ទាំងនោះ គឺដោយសារពួកគេចូលចិត្តនាំគ្នាហូបស្រាស និងស្រាថ្នាំជាប្រចាំ។

ក្រសួងសុខាភិបាល បានអះអាង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ថា ក្រោយធ្វើតេស្តសំណាកស្រា ២៨សំណាក ក្នុងនោះមាន ស្រាថ្នាំ១៥សំណាក និងស្រាស១៣សំណាក ដែលលទ្ធផលទទួល ពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល បានបញ្ជាក់ថា ប្រភេទស្រាទាំងនោះមានជាតិមេតាណុល លើសកម្រិតដល់ទៅ ០,៥ % ឯណោះ។

ក្រសួងបញ្ជាក់ថា កម្រិតមេតាណុលដែលមិនបណ្តាលឲ្យពុលដល់អ្នកទទួលទាននោះ មានកម្រិតមិនឲ្យលើសពី ០,១% នោះឡើយ។ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ មានករណីសង្ស័យពុលស្រាថ្នាំ នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ បានស្លាប់ និងជាង ២០នាក់ទៀត ត្រូវសង្គ្រោះបន្ទាន់។

ដោយឡែក នៅឯខេត្តកំពង់ឆ្នាំង កាលពីចុងឆ្នាំ២០២០ ក៏មានករណីពុលស្រាស និងស្រាថ្នាំ ថ្នាំដូចគ្នាដែរ គឺនៅក្នុងស្រុកទឹកផុស និងបណ្តាស្រុកមួយចំនួនទៀត ដែលបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ជាង ១០នាក់។

ការផលិតស្រាស ឬស្រាថ្នាំ ជាមុខរបរដែលមិនមានការចុះបញ្ជីការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាណិជ្ជកម្មនោះទេ ព្រោះអាជីវកម្មនេះ ជាមុខរបរលក្ខណៈគ្រួសារដែលចេះតៗគ្នាក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ ដូច្នេះជំនាញនៃការផលិត មិនបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវតាមលក្ខបច្ចេកទេសនោះទេ។

កាលពីឆ្នាំ២០១៥ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលមាន១១ ជំពូក និង៣៩មាត្រា បានដាក់ជូនគណៈរដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ពិនិត្យរួចហើយ តែមកទល់នឹងពេលនេះមិនទាន់មានការអនុម័តច្បាប់នេះដើម្បីអនុវត្តនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស