28 C
Phnom Penh

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ខែ​ឧសភា​ឆ្នាំ​២០២១​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ថា ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ៧០០% បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២០។ ការ​ធៀប​ទៅ​នឹង​ខែ​មេសា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ឬ​ភ្ញៀវ​ជាតិ​ចំនួន​ជាង ១​សែន ៩​ម៉ឺន​នាក់ ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់។

ចំណែកឯ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដែល​មាន​សកម្មភាព​ទេសចរណ៍​ច្រើន​ជាង​គេ​ក្នុង​ខែ​ឧសភា នេះ​រួម​មាន ខេត្ត​កំពត ខេត្ត​បាត់ដំបង ខេត្ត​កែប ខេត្ត​សៀមរាប ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា រមណីយដ្ឋាន​ជា​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ចាប់ពី​រាជ​រដ្ឋាភិបាល​បាន​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើងវិញ​ដោយ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​វិធានការ «៣​កុំ» និង «៣​ការពារ» រួម​ជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ការ​ទប់ស្កាត់​ជំងឺ Covid-19។ ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍ ស្របពេល​ដែល​ចលនា​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើងវិញ។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ដែល The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​បិទ​បម្រាម​គោចរ និង​ការ​អនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវកម្ម​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ដំណើរការ​ទទួល​អតិថិជន​ឡើងវិញ។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ បាន​ណែនាំ ៧​ចំណុច​សំខាន់ៗ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ដូចជា​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​កណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន​ពី​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​ជា​ធម្មតា​ឡើងវិញ​នេះ ត្រូវ​បន្ត​ពិនិត្យ​និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​រាល់​វិធានការ​ជាធរមាន​ចំពោះ​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទេសចរណ៍៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស