នយោបាយ

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ឧបត្ថម្ភ​ថវិកា​ដោយ​អាមេរិក​នៅ​ឆ្នេរ​រាម

By ឌឹ ខេមបូឌា ដេលី

June 03, 2021

ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នេរ​រាម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​មូលដ្ឋាន​យោធា​របស់​ចិន People’s Republic of China ឬ PRC military នៅ​កម្ពុជា​ផង​ដែរ។ការ​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា។អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Wendy Sherman បាន​រិះគន់​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រាម និង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មាន​ន័យ​ថា​កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ។រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​បាន​ជំរុញ​ឱ្យ​មេ​ដឹកនាំ​កម្ពុជា​រក្សា​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដែល​មាន​តុល្យភាព​ដើម្បី​ផលប្រយោជន៍​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​ត្រូវ​ងាក​ទៅ​គោរព​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ។កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាព​ចាំបាច់​នៅ​អាស៊ាន ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក​ក្រោយ​ជំនួប​ជាមួយ​ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដោយ​គ្រាន់តែ​លើកឡើង​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​មាន​ចំពោះ​សហរដ្ឋ​អាមេរិក​តាម​វិធី​ទ្វេភាគី​តែ​ប៉ុណ្ណោះ។លោក ហ៊ុន សែន មិន​បាន​លើកឡើង​ពី​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ណាមួយ​នោះ​ទេ។ជុំវិញ​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ជំនួប​ការទូត​រវាង​ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជំនួប​នេះ​គឺជា​ការ​ដាស់តឿន​ដល់​លោក ហ៊ុន សែន ដែល​តែង​ក្បត់​ឆន្ទៈ​រាស្រ្ត។លោក​អះអាង​ថា កាយវិការ​ដ៏​ម៉ឺងម៉ាត់​របស់​ឧបការី​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ជ្រោមជ្រែង​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​ថា​អ្នកស្រី​បាន​រំឭក​លោក ហ៊ុន សែន អំពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ផង​ដែរ ដែល​នេះ​ជា​រង្វាន់​ដ៏​ធំ​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រប​ពេល​អធិបតេយ្យភាព​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី​ថា បើ​មិន​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពឹង​មហា​អំណាច​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​បរទេស​មួយ​ណា ខណៈ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​មាន​ខ្លឹមសារ​ស្របគ្នា​នឹង​ការ​រិះគន់​របស់​មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន​ដែល​តែង​រិះគន់​ថា​ប្រទេស​កម្ពុជា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យ៉ាង​ច្រើន ក្រោយ​លោក ហ៊ុន សែន រារាំង​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន​ស្ដីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាច្រើន​លើក​ច្រើនសា​មក​នោះ។កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក ម៉ាក អេស្ពើរ បាន​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​តាម​បណ្ដាញ​អ៊ីនធឺណិត​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ថា សូម​កម្ពុជា​កុំ​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​បន្ត​ទៀត ព្រោះ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ខ្លួន៕