ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសពីការបញ្ចប់អាណត្តិរបស់ខ្លួន បន្ទាប់ពីបានចូលរួមជាមួយចលនាបក្សប្រឆាំងអស់រយៈពេល ២អាណត្តិមានរយៈពេល ១០ឆ្នាំដោយគិតចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១ នេះ។
អតីតប្រធានប្រតិបត្តិនៃចលនាយុវជនបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកពិតជាមានមោទនភាពខ្លាំងណាស់ដែលមានឱកាសបានចូលរួមជាមួយពលករខ្មែរក្នុងប្រទេសកូរ៉េ ក្នុងការការពារលើកស្ទួយសិល្បៈវប្បធម៌ជាតិ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជាជាដើម។
លោកអះអាងថា បើទោះគ្រប់សកម្មភាពរបស់លោកកន្លងមករួមជាមួយពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានរដ្ឋាភិបាលកម្ពុជាចោទថាជាទង្វើខុសច្បាប់ ឬក្បត់ជាតិយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់យ៉ាង គឺលោកធ្វើទៅតាមបែបបទច្បាប់ជាតិ និងអន្តរជាតិ តស៊ូមតិដោយអហិង្សា មិនមានចេតនាណាមួយបំផ្លាញជាតិ និងផលប្រយោជន៍ពលរដ្ឋខ្មែរនោះទេ។
លោកបញ្ជាក់ថា កិច្ចការដែលលោកបានដឹកនាំពលករខ្មែរកន្លងមក គឺដើម្បីផលប្រយោជន៍ និងដើម្បីរកយុត្តិធម៌ជូនកម្មករដែលរងការជិះជាន់តែប៉ុណ្ណោះ ជាពិសេសក្នុងការចូលរួមទប់ស្កាត់បំបាត់នូវអំពើជិះជាន់របស់មន្ត្រីទូតខិលខូចមួយចំនួន ដែលបានកេងចំណេញលើភាពហត់នឿយរបស់ពលករខ្មែរចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូងនេះតែម្តង។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអតីតប្រធានប្រតិបត្តិនៃចលនាយុវជនបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការស្ដីពីការបញ្ចប់តួនាទីរបស់ខ្លួនដែលបានចូលរួមជាមួយគណបក្សប្រឆាំងកន្លងមក។
ក្នុងនាមជាប្រធានចលនាយុវជនបក្សប្រឆាំង លោក យឹម ស៊ីណន តែងដឹកនាំយុវជនគណបក្សសង្គ្រោះជាតិប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ប្រឆាំងទៅនឹងការដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលតែងគាបសង្កត់ និងបំបិទសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនៅប្រទេសកម្ពុជានាពេលកន្លងមក។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក យឹម ស៊ីណន ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចាប់ខ្លួនលោក ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលខុសទៅនឹងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មកទល់នឹងខែមិថុនា ឆ្នាំ២០២១ នេះ លោក យឹម ស៊ីណន នៅតែស្ថិតនៅក្នុងការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជាតាមអំណាចសាលដីកាសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕
ប្រធានចលនាយុវជនបក្សប្រឆាំងប្រកាសបញ្ចប់អាណត្តិរបស់ខ្លួននៅកូរ៉េ
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.