26 C
Phnom Penh

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លាឈប់​ពី​តួនាទី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម​សំណើ​សុំ​លាលែង​ពី​មុខតំណែង​របស់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ហើយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា។

ការ​អនុម័ត​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​លោក​តាំងពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ មក​ម្ល៉េះ។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៤ ខែ​មិថុនា ថា គណៈកម្មាធិការ​រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​នូវ​ពាក្យ​សុំ​លាឈប់​ពី​តួនាទី និង​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក តាម​សំណើ​រហើយ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​អនុម័ត​នូវ​សេចក្តី​ព្រាង​ស្ដីពី​ការកំណត់​នីតិវិធី​នៃ​ការ​ជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ជំនួស​លោក ស៊ិក ប៊ុនហុក ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥ លោក ស៊ិក ប៊ុនហុក ត្រូវ​បាន​រដ្ឋសភា​ជាតិ​កម្ពុជា បោះឆ្នោត​តែងតាំង​ជា​ប្រធាន គ.ជ.ប ក្រោយ​ការ​ស្រុះស្រួល​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏​ត្រូវ​បាន​ទទួល​តំណែង​ជា​ប្រធាន គ.ជ.ប តាំងពី​ពេល​នោះ​រហូត​មកដល់​បច្ចុប្បន្ន​នេះ។

លោក ស៊ិក ប៊ុនហុក បាន​ដឹកនាំ គ.ជ.ប អស់​រយៈពេល​ជិត ៦​ឆ្នាំ ដែល​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ផង​ដែរ។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា នេះ​ថា ការ​លាឈប់​របស់​លោក ស៊ិក ប៊ុនហុក ជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​ដែល​អាច​ឱ្យ​អ្នក​មាន​សមត្ថភាព​ជំនាន់​ក្រោយ​បញ្ចេញ​ស្នាដៃ និង​ចូលរួម​អភិវឌ្ឍ​ប្រទេស​របស់​ពួកគេ។

លោក​អះអាង​ថា បើ​ទោះបីជា​កិច្ចការ​របស់ គ.ជ.ប កន្លងមក​បាន​ទម្លាយ​នូវ​ភាព​រាំង​ស្ទះ​អំពី​ការ​ជាប់​គាំង​រដ្ឋាភិបាល​បាន​ល្អ​ប្រសើរ​ខ្លះ​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​នេះ​នៅតែ​មាន​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែលំអ​បន្ត​ទៀត ព្រោះ​ថា​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត គឺ​ពឹង​ទៅលើ​ការរៀបចំ​នៃ​ស្ថាប័ន​មួយ​នេះ​ទាំងស្រុង ដូច្នេះ គ.ជ.ប មិន​ត្រូវ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឡើយ។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា ដំណើរការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ខិត​ជិត​មកដល់​ហើយ ដូច្នេះ​សមាសភាព​ប្រធាន​ថ្មី​ត្រូវតែ​បញ្ចៀស​ឱ្យ​បាន​នូវ​ភាព​មិន​ប្រក្រតី​ដែល​ធ្លាប់​កើត​មាន​កន្លងមក ដូចជា​ការ​ពន្យារពេល​នៃ​ការ​រាប់​សន្លឹកឆ្នោត ជាដើម ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​គណបក្ស​ដែល​នឹង​ចូលរួម​បោះឆ្នោត​ក្នុង​អាណត្តិ​ខាងមុខ​នេះ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​អះអាង​ថា ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​កម្ពុជា អាណត្តិ​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​គំរាមកំហែង​ទៅដល់​សិទ្ធិ​បញ្ចេញ​មតិ និង​ការចូលរួម​ក្នុង​នយោបាយ​ដែល​អាច​ចាត់​ទុក​ការបោះឆ្នោត​នេះ​ថា​មិន​បាន​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស