27.5 C
Phnom Penh

ប្រធាន​អាស៊ាន​ជាន់​ទឹកដី​ភូមា​ជួប​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​អាស៊ាន​មាន ១០​ប្រទេស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេស​ភូមា​ផង​ដែរ។ សមាគម​នេះ​បាន​បញ្ចេញ​នូវ​ផែនការ​ប្រាំ​ចំណុច​របស់​ខ្លួន​តាមរយៈ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ មេសា។

ផែនការ​ប្រាំ​ចំណុច គឺ​ក្នុង​នោះ​បាន​កំណត់​បញ្ជូន​ប្រេសិត​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ប៉ុន្តែ​បាន​ខកខាន​ដោយសារតែ​អាស៊ាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេដឹកនាំ​ខ្លះ​ប្រឆាំង​នឹង​ការ​ដែល​អាស៊ាន​លូកដៃ​ស៊ី​ជម្រៅ​ក្នុង​រឿង​ភូមា។ ឥឡូវ​នេះ ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១ គឺ​ប្រទេស​ព្រុយណេ។ ក្នុង​ឋានៈ​ប្រធាន​អាស៊ាន ប្រទេស​នេះ​បាន​សម្រេច​បញ្ជូន​រដ្ឋមន្ត្រី​ម្នាក់​ទៅ​ប្រទេស​ភូមា​ដោយ​មិន​អើពើ​ពួក​យោធា​គំរាមកំហែង​អំពី​អស្ថិរភាព​ក្នុង​ប្រទេស​នោះ​ទេ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ទី​២ នៃ​ប្រទេស​ព្រុយណេ គឺ​លោក Dato Erzwan Pehin Yusof និង​អគ្គលេខាធិការ​អាស៊ាន Lim Jock hoi បាន​ទៅដល់​ប្រទេស​ភូមា កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ មិថុនា។

សារព័ត៌មាន​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា តំណាង​អាស៊ាន​បាន​ជួប​ជាមួយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​ម៉ោង ២​រសៀល​នៅ​ថ្ងៃ​សុក្រ ទី​៤ មិថុនា។ តំណាង​អាស៊ាន​បាន​លើកឡើង​នូវ​ផែនការ​ប្រាំ​ចំណុច​ដែល​បាន​សម្រេច​ដោយ​មេដឹកនាំ​អាស៊ាន ហើយ​ផែនការ​ប្រាំ​ចំណុច​នេះ​បញ្ជាក់​អំពី​របប​សឹក​នៅ​ភូមា​ត្រូវតែ​បញ្ឈប់​រាល់​វិធានការ​ទាំងឡាយ​ណា​ដែល​នាំ​ទៅ​រក​អំពើ​ហិង្សា ហើយ​ត្រូវ​បើក​ផ្លូវ​ឱ្យ​ប្រេសិត​សមាគម​អាស៊ាន ដើរ​សម្របសម្រួល​នយោបាយ​រវាង​ពួក​យោធា និង​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​លោកស្រី អ៊ុងសាន ស៊ូជី នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​ពួក​យោធា​ប្លន់​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

សេចក្ដី​រាយការណ៍​របស់​កាសែត Nikkei Asian Review មិន​បាន​បញ្ជាក់​លម្អិត​អំពី​លទ្ធផល​នៃ​ជំនួប​តំណាង​អាស៊ាន​ជាមួយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នោះ​ទេ។ ប៉ុន្តែ មីន អ៊ុងឡាំង ត្រូវ​បាន​រាយការណ៍​មក​ថា មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​មិន​ស្វាគមន៍​ដំណើរ​ទៅកាន់​ប្រទេស​ភូមា​របស់​ប្រធាន​សមាគម​អាស៊ាន​នោះ​ទេ។

វត្តមាន​របស់​មេដឹកនាំ​សមាគម​អាស៊ាន រួម​នឹង​អគ្គលេខាធិការ​អង្គការ​តំបន់​នេះ​បាន​ក្លាយ​ទៅជា​ព្រឹត្តិការណ៍​មួយ​ថ្មី​ទៀត​ដែល​បង្ហាញ​ថា អាស៊ាន​ប្រកាន់​ជំហរ​រឹងមាំ​ទោះ​ជា​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ខ្លះ​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​ចលនា​ឆ្ពោះ​ទៅ​រក​ប្រទេស​ភូមា​ក៏ដោយ។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ការ​សង្ស័យ​ពី​ការ​បែកបាក់​ក្នុង​ចំណោម​សមាគម​អាស៊ាន ដោយសារតែ​ពុំ​អាច​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅកាន់​ប្រទេស​ភូមា​បាន​នោះ។

អ្នក​សង្កេតការណ៍​ខ្លះ​ប្រមើល​ឃើញ​ថា បើ​ពួក​យោធា​ភូមា​មិន​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ទេ​នោះ គឺ​គ្មាន​អ្វី​ដែល​តំណាង​អាស៊ាន​អាច​ជាន់​ទឹកដី​ភូមា​បាន​នោះ​ទេ។ តែយ៉ាងណាក៏ដោយ មាន​ការ​កត់សម្គាល់​ថា របប​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា បាន​បន្ទន់​ឥរិយាបថ​ភ្លាមៗ​មុន​ការ​ទៅ​ដល់​ប្រធាន​សមាគម​អាស៊ាន​នៅ​ថ្ងៃនេះ។

ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​យល់ព្រម​ទទួល​ជួប​ប្រធាន​កាកបាទក្រហម​អន្តរជាតិ គឺ​លោក Peter Maurer។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​កាកបាទក្រហម​នេះ បាន​ធ្វើឡើង​ទន្ទឹម​នឹង​វត្តមាន​របស់​ប្រធាន​សមាគម​អាស៊ាន។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Swiss info.ch បាន​ចុះផ្សាយ​ថា ប្រធាន​កាកបាទក្រហម​អន្តរជាតិ​រូប​នេះ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដោយសារតែ​ប្រជាជន​ភូមា​នៅ​តំបន់​ដែល​កំពុង​ពើប​ប្រយុទ្ធ​គ្នា​ដូចជា​នៅ​រដ្ឋ​កាឈីន រដ្ឋ​ឈីន រដ្ឋ​ការ៉េន រដ្ឋ​រ៉ាក់ខាញ រដ្ឋា​កាយ៉ា រដ្ឋ​កាយីន រដ្ឋ​សាន រដ្ឋ​មន ជាដើម កំពុងតែ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ហើយ​ប្រជាជន​ក្នុង​តំបន់​នោះ​រាប់​ម៉ឺន​នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ភូមិដ្ឋាន​របស់​ពួកគេ​ដោយ​ពុំ​មាន​ស្បៀង​គ្រប់គ្រាន់។

កាកបាទក្រហម​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រជាជន​ភូមា​ទាំងនោះ​ធ្លាក់​ក្នុង​វិបត្តិ​អត់​ស្បៀងអាហារ ហើយ​នាំ​ឱ្យ​កើត​ជំងឺ​ផ្សេងៗ។ ក្នុង​ជំនួប​នោះ ប្រធាន​កាកបាទក្រហម​អន្តរជាតិ បាន​លើកឡើង​អំពី​ការ​ស្នើ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ​ខ្លួន​ទាំងអស់​ចាប់តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​ទី​១ កុម្ភៈ ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន។ គេ​ពុំ​ទាន់​ឃើញ​សេចក្ដី​រាយការណ៍​ណាមួយ​ពី​រដ្ឋាភិបាល​ភូមា ថា​តើ​ពួក​យោធា​បាន​បង្ហាញ​លទ្ធផល​នៃ​ជំនួប​ទាំង​ពីរ​ក្រុម​យ៉ាងណា​នោះ​ទេ។

ប៉ុន្តែ​ភាគី​កាកបាទក្រហម​បាន​ប្រាប់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ថា​ខ្លួន​គេ​ស្នើសុំ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ​នៅ​តំបន់​ផ្សេងៗ ដោយសារតែ​បុព្វហេតុ​ពួកគេ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ យោង​តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ភូមា គឺ​មកដល់​ពេលនេះ​អ្នក​ជាប់ឃុំ​កើន​ឡើង ៤២០០​នាក់ និង​ពលរដ្ឋ​ត្រូវ​បាន​សម្លាប់​កើន​ឡើង ៨៤០​នាក់។

ដោយ​មើលឃើញ​ក្នុង​ស្ថានភាព​បែប​នេះ ប្រធាន​សមាគម​អាស៊ាន​បាន​ប្រកាស​ថា​ខ្លួន​ចាំបាច់​ទៅកាន់​ប្រទេស​ភូមា​ឱ្យ​ទាន់​ពេលវេលា។

ជំនួប​រវាង​ប្រធាន​សមាគម​អាស៊ាន និង​ឧត្តមសេនីយ៍​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង ជា​ការ​បំបែក​មន្ទិល​សង្ស័យ​មួយ​ដំណាក់កាល​ដែល​ថា​សមាគម​អាស៊ាន​មាន​ចំណុច​បែកបាក់​គ្នា ហើយ​ជា​សមាគម​ដែល​មិន​មាន​ឆន្ទៈ​ដោះស្រាយ​វិបត្តិ​សមាជិក​ខ្លួនឯង​នោះ​ទេ។

តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី និង​ម៉ាឡេស៊ី បាន​ចែក​រំលែក​ការព្រមាន​ទៅ​ពួក​យោធា​ភូមា​ថា បើ​សមាគម​អាស៊ាន​មិន​អាច​ចូល​ធ្វើ​អន្តរាគមន៍​វិបត្តិ​នៅ​ភូមា​បាន​នោះ​ទេ គឺ​សមាគម​នេះ​នឹង​បញ្ជូន​សំណុំរឿង​របស់​ពួក​យោធា​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​ក៏​ទៅ​សហរដ្ឋ​អាមេរិក ទៅ​សហភាព​អឺរ៉ុប ឱ្យ​ជួយ​អន្តរាគមន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស