29.3 C
Phnom Penh

ស្លាប់​៧​នាក់​និង​ជាង​៩០​នាក់​ឈឺ​និង​កំពុង​សង្គ្រោះ​បន្ទាន់​ដោយសារ​ពុល​ស្រា​ស​នៅ​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តាម​លទ្ធផល​មកពី​មន្ទីរ​ពិសោធន៍​លើ​សំណាក​អ្នក​នៅ​ក្នុង​ហេតុការណ៍​ស្លាប់​ជាបន្តបន្ទាប់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​កើតឡើង​ដោយសារ​ពួកគាត់​បាន​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​មាន​សារជាតិ​មេតាណុល​ខ្ពស់។

ករណី​ពុល​ស្រា​ស​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន ៧​នាក់​ស្លាប់​ជាបន្តបន្ទាប់ និង​មនុស្ស​ជាង ៩០​នាក់​ទៀត​ឈឺ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១ មក ដោយ​សង្ស័យ​ពុល​ស្រា​ស​ក្នុង​ពេល​ដែល​ពួកគាត់​ជុំ​គ្នា​ផឹក​ស្រា​ស​ក្នុង​ពិធីបុណ្យ​សព​មួយ ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ក្រគរ កាលពី​ពេល​ថ្មីៗ​នេះ។

ករណី​ពុល​ស្រា​ដែល​កើតឡើង​ក្នុង​ភូមិ​សានសរ និង​ភូមិ​ថ្គោលថំ ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ២​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​អ្នក​ផលិត​ស្រា​ស និង​បាន​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បញ្ជា​លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ដែរ​ថា ករណី​ពុល​ស្រា​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២១ នេះ មាន​ជាអាទិ៍​កើតឡើង​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៨ ដល់​ទី​២៣ ខែ​ឧសភា ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៤​នាក់។ ករណី​ពុល​ស្រា​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១០​នាក់ និង​ករណី​ពុល​ស្រា​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំនួន ៧​នាក់​នេះ ដែល​សរុប​រួម​ទាំងអស់​ស្លាប់ ៣១​នាក់​ដោយសារតែ​ពុល​ស្រា។

លោក ម៉ម ប៊ុនហេង ក៏​បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​បណ្តាល​មកពី​ការ​ពិសា​ស្រា​ស និង​ស្រា​ថ្នាំ ដូចជា​ត្រូវ​ឈប់​ពិសា​ស្រា​ស ឬ​ស្រា​ថ្នាំ​ដែល​បិទ ឬ​លាយ​សារធាតុ​ដែល​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ។ ចំពោះ​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស​ដែល​បង្ក​ឲ្យ​ពុល និង​ស្លាប់។

ចំណែកឯ​អាជ្ញាធរ​តាម​មូលដ្ឋាន​ស្រុក-ខេត្ត​នីមួយៗ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង និង​ទប់ស្កាត់​ការ​លក់​ស្រា​បិទ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ព្រមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចៀសវាង​យក​សារធាតុ​មេតាណុល​មក​លាយ​ធ្វើ​ស្រា​ស​ដែល​បង្ក​ឲ្យ​ពុល និង​ស្លាប់​ជីវិត​មនុស្ស​តទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស