33 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ជា​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ប្រតិកម្ម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ចំពោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ទោះ​រដ្ឋាភិបាល​វៀតណាម​ដាក់​សម្ពាធ​យ៉ាងណាក៏ដោយ នោះ​ទើប​កម្ពុជា អាច​រក​អធិបតេយ្យភាព​ឲ្យ​ខ្លួនឯង​បាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រតិកម្ម​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​រស់នៅ​អណាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា លោក​គាំទ្រ​ចំណាត់ការ​របស់​សាលា​ក្រុង​ភ្នំពេញ ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក្នុង​ការពិនិត្យ​ឯកសារ​ស្រប​ច្បាប់​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ ថា​តើ​ពួកគេ​មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹមត្រូវ​តាម​ច្បាប់​សញ្ជាតិ​ដែរ​ឬ​ក៏​អត់។

លោក​អះអាង​ថា ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​រដ្ឋ​មួយ​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញលេញ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត និង​ពិនិត្យ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​ទាំងនោះ​ឡើងវិញ ប្រសិនបើ​ពួកគេ​មិន​មាន​ឯកសារ​ដើម្បី​រស់នៅ​កម្ពុជា​ទេ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

លោក​បញ្ជាក់​ថា នៅពេល​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ​បាន​លួច​ធ្វើ​ឯកសារ​ស្នាក់នៅ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ខុសច្បាប់ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​សញ្ជាតិ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ​អះអាង​ថា នៅ​ពេល​កម្ពុជា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បាន​ល្អ កម្ពុជា​នឹង​មិន​មាន​ឈ្មោះ​ថា​ជា​ប្រទេស​ដែល​រើសអើង​ពូជសាសន៍​នោះ​ទេ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ជម្រះ​មន្ទិល​ជូន​ពលរដ្ឋ​នូវ​ទង្វើ​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ជាមួយ​វៀតណាម​ហើយ ព្រោះថា​កម្ពុជា ត្រូវតែ​ជា​រដ្ឋ​ឯករាជ្យ​ពិតប្រាកដ មិន​ចំណុះ​ឲ្យ​បរទេស​ណា​នោះ​ទេ បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិតជា​ចង់​បាន​អធិបតេយ្យ​ជាតិ​ពិតប្រាកដ​មែន​នោះ។

កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក វូ ក្វាងមិញ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​របស់​លោក​ថា ការ​ដាក់​កំហិត​រយៈពេល ៧​ថ្ងៃ​ឲ្យ​ប្រជាជន​វៀតណាម ចាកចេញ​ពី​ផ្ទៃ​ទឹក គឺជា​វិធានការ​បន្ទាន់​ពេក និង​មិន​អាច​អនុវត្ត​ទៅ​រួច​ឡើយ។

ដោយឡែក​ប្រធាន​សមាគម​វៀតណាម​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឲ្យ​ពន្យារពេល​ដល់​ប្រជាជន​វៀតណាម​ខុសច្បាប់​ទាំងនោះ អាច​ចាកចេញ​ពី​ការរស់នៅ​តាម​ដងទន្លេ​រហូតដល់​ពួកគេ​អាច​រក​ទីតាំង​សមរម្យ​ដើម្បី​រស់នៅ​លើ​គោក​បាន​ជា​មុន​សិន។

ការ​ដាក់​សំណើ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក និង​បែចិញ្ចឹមត្រី​ចេញ​ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ជា​កំហិត។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា ជំនួស​ឲ្យ​ការរស់នៅ​លើ​ផ្ទៃ​ទឹក សាលា​រាជធានី​ភ្នំពេញ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​ដោយ​ខុសច្បាប់​ទាំងនោះ ឡើង​ទៅ​រស់នៅ និង​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ស្រះ​លើ​ដី​គោក​វិញ។

កាល​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា គ្រួសារ​ក្រីក្រ​ប្រហែល ១​ពាន់​គ្រួសារ​ដែល​មាន​ដើមកំណើត​ជា​ជនជាតិ​វៀតណាម ពួកគេ​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​អស់​រយៈពេល​ជាច្រើន​ជំនាន់​ប្រហែល​ជាង ៤០​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​ប័ណ្ណ​ស្នាក់នៅ​ដោយ​ស្រប​ច្បាប់​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​បាន​ចូល​ទៅ​រស់នៅ​កម្ពុជា ដោយ​ផ្តល់​ដីធ្លី ទី​ជម្រក ឧបត្ថម្ភ​ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ជាដើម ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​ជា​ទីបំផុត ដែល​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក ផាម ម៉ិញជិញ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ជួយ​សម្រួល​ការ​រស់នៅ​ដោយ​ខុសច្បាប់​របស់​ប្រជាជន​វៀតណាម ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ឆ្លើយ​បដិសេធ​ចំពោះ​សំណើ​នេះ​ទេ។

យ៉ាងណាក៏ដោយ សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក និង​សំណង់​មិន​រៀបរយ​តាម​ផ្ទៃ​ទន្លេ គិត​ចាប់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ នៅសល់​តែ ២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ដល់​ថ្ងៃ​កំណត់​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស