ក្រុមអ្នកតស៊ូមតិប្រតិកម្មថា រដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តចំពោះជនជាតិវៀតណាមខុសច្បាប់ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ទោះរដ្ឋាភិបាលវៀតណាមដាក់សម្ពាធយ៉ាងណាក៏ដោយ នោះទើបកម្ពុជា អាចរកអធិបតេយ្យភាពឲ្យខ្លួនឯងបាន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រតិកម្មរបស់ឯកអគ្គរដ្ឋទូតវៀតណាម ចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលអះអាងកាលពីពេលថ្មីៗនេះថា នឹងមិនអនុញ្ញាតឲ្យជនជាតិវៀតណាមខុសច្បាប់រស់នៅអណាធិបតេយ្យតាមដងទន្លេក្នុងទីក្រុងភ្នំពេញបន្តទៀតនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ ខែមិថុនា ថា លោកគាំទ្រចំណាត់ការរបស់សាលាក្រុងភ្នំពេញ ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងការពិនិត្យឯកសារស្របច្បាប់របស់ជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃនេះ ថាតើពួកគេមានឯកសារស្របច្បាប់ត្រឹមត្រូវតាមច្បាប់សញ្ជាតិដែរឬក៏អត់។
លោកអះអាងថា ដើម្បីឲ្យកម្ពុជាក្លាយជារដ្ឋមួយដែលមានឯករាជ្យ និងអធិបតេយ្យពេញលេញ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែអនុវត្ត និងពិនិត្យជនជាតិវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ទាំងនោះឡើងវិញ ប្រសិនបើពួកគេមិនមានឯកសារដើម្បីរស់នៅកម្ពុជាទេ រដ្ឋាភិបាលត្រូវអនុវត្តតាមច្បាប់អន្តោប្រវេសន៍បញ្ជូនពួកគេទៅប្រទេសកំណើតរបស់ពួកគេវិញ។
លោកបញ្ជាក់ថា នៅពេលដែលជនជាតិវៀតណាមទាំងនោះបានលួចធ្វើឯកសារស្នាក់នៅជាមួយអាជ្ញាធរមូលដ្ឋានដោយខុសច្បាប់ ដូច្នេះរដ្ឋាភិបាលត្រូវតែអនុវត្តតាមច្បាប់សញ្ជាតិបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរូបនេះអះអាងថា នៅពេលកម្ពុជាអនុវត្តច្បាប់អន្តោប្រវេសន៍បានល្អ កម្ពុជានឹងមិនមានឈ្មោះថាជាប្រទេសដែលរើសអើងពូជសាសន៍នោះទេ។
លោក ម៉ែន ណាត គូសបញ្ជាក់ថា ល្មមដល់ពេលដែលរដ្ឋាភិបាលខ្មែរត្រូវជម្រះមន្ទិលជូនពលរដ្ឋនូវទង្វើដែលខ្លួនធ្លាប់បានធ្វើកន្លងមកជាមួយវៀតណាមហើយ ព្រោះថាកម្ពុជា ត្រូវតែជារដ្ឋឯករាជ្យពិតប្រាកដ មិនចំណុះឲ្យបរទេសណានោះទេ បើរដ្ឋាភិបាលលោក ហ៊ុន សែន ពិតជាចង់បានអធិបតេយ្យជាតិពិតប្រាកដមែននោះ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ បានសរសេរលើគណនីហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់លោកថា ការដាក់កំហិតរយៈពេល ៧ថ្ងៃឲ្យប្រជាជនវៀតណាម ចាកចេញពីផ្ទៃទឹក គឺជាវិធានការបន្ទាន់ពេក និងមិនអាចអនុវត្តទៅរួចឡើយ។
ដោយឡែកប្រធានសមាគមវៀតណាមនៅកម្ពុជា បានអះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញ ឲ្យពន្យារពេលដល់ប្រជាជនវៀតណាមខុសច្បាប់ទាំងនោះ អាចចាកចេញពីការរស់នៅតាមដងទន្លេរហូតដល់ពួកគេអាចរកទីតាំងសមរម្យដើម្បីរស់នៅលើគោកបានជាមុនសិន។
ការដាក់សំណើទៅកាន់សាលារាជធានីភ្នំពេញបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងកាលពីដើមខែមិថុនា ឆ្នាំ២០២១ ឲ្យពលរដ្ឋកំពុងរស់នៅលើផ្ទៃទឹកនៃភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រីចេញជាបន្ទាន់ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។
យ៉ាងណាក៏ដោយ អាជ្ញាធរក្រុងភ្នំពេញបញ្ជាក់ថា ជំនួសឲ្យការរស់នៅលើផ្ទៃទឹក សាលារាជធានីភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹកដោយខុសច្បាប់ទាំងនោះ ឡើងទៅរស់នៅ និងចិញ្ចឹមត្រីនៅក្នុងស្រះលើដីគោកវិញ។
កាលដើមខែមិថុនា ឆ្នាំ២០២១ នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនថា គ្រួសារក្រីក្រប្រហែល ១ពាន់គ្រួសារដែលមានដើមកំណើតជាជនជាតិវៀតណាម ពួកគេបានរស់នៅលើផ្ទៃទឹកអស់រយៈពេលជាច្រើនជំនាន់ប្រហែលជាង ៤០ឆ្នាំមកហើយ ព្រមទាំងមានប័ណ្ណស្នាក់នៅដោយស្របច្បាប់ផងដែរ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក ហ៊ុន សែន បានចេញសារាចរណែនាំមួយស្ដីពីការអនុវត្តគោលនយោបាយចំពោះជនជាតិវៀតណាម ដែលបានចូលទៅរស់នៅកម្ពុជា ដោយផ្តល់ដីធ្លី ទីជម្រក ឧបត្ថម្ភផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ ជាដើម ទៅលើជនជាតិវៀតណាមទាំងនោះដោយយកចិត្តទុកដាក់ជាទីបំផុត ដែលសារាចរនេះនៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះផងដែរ។ទោះជាបែបនេះក្តី នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម លោក ផាម ម៉ិញជិញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ជួយសម្រួលការរស់នៅដោយខុសច្បាប់របស់ប្រជាជនវៀតណាម ឲ្យបានល្អប្រសើរបន្តទៀត ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានឆ្លើយបដិសេធចំពោះសំណើនេះទេ។យ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយតាមផ្ទៃទន្លេ គិតចាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដល់ថ្ងៃកំណត់ហើយ៕