នយោបាយ

តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក រ៉ុង ឈុន

By ឌឹ ខេមបូឌា ដេលី

June 09, 2021

តុលាការ​ក្រុង​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​មេធាវី​លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​ទាំង​យុវតី ស កណិកា ដែល​មេធាវី​បាន​ស្នើសុំ​កូនក្ដី​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​បារម្ភ​ពី​សុខភាព និង​ការ​ឃុំ​ខ្លួន​កូនក្ដី​បាន​ធ្វើ​លើស​នីតិវិធី​ហើយ​នោះ។

ការ​បដិសេធ​នេះ ធ្វើឡើង​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង កោះហៅ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន គឺ​លោក ឡោ ជុនធី ឲ្យ​ចូលរួម​សវនាការ​លើ​ករណី​លោក រ៉ុង ឈុន ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

ប្រភព​ពី​អ្នក​ឃ្លាំមើល​ដំណើរការ​សវនាការ​លើ​នីតិវិធី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា បាន​ឲ្យ​ដឹង​ថា សហការ​មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ​បាន​ស្នើសុំ​កូនក្ដី​របស់​ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​ធានា​អះអាង​ថា កូនក្ដី​របស់​ខ្លួន​ទាំងពីរ​នឹង​សហការ ព្រមទាំង​បង្ហាញ​មុខ​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​សវនាការ។

ប្រភព​ដដែល​បាន​បញ្ជាក់​តាម​សហ​មេធាវី​ទៀត​ថា រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​កូនក្ដី​ទាំងពីរ​រហូត​មកដល់​ពេលនេះ គឺ​ច្រើន​ជាង​រយៈពេល​អប្បបរមា និង​ជិត​ពាក់កណ្តាល​នៃ​ទោស​អតិបរមា​ទៅ​ហើយ នៅ​មិនទាន់​បើក​សវនាការ​នៅឡើយ​ក្រោម​ហេតុផល​ជំងឺ Covid រាតត្បាត។

តាម​ក្រម​ព្រហ្មទណ្ឌ បទ​ចោទ​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ គឺ​ជន​ជាប់ចោទ​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ​ដល់ ២៤​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក រ៉ុង ឈុន បាន​ជាប់​ពន្ធនាគារ​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មិថុនា នេះ គឺ​មាន​រយៈពេល ១១​ខែ និង ២៣​ថ្ងៃ​ហើយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។

បន្ទាប់ពី​ការ​ចាប់​ខ្លួន លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម និង​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​រហូតដល់​សព្វថ្ងៃ​នេះ៕