មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកាត់ថា GDP បានប្រតិកម្មជុំវិញការបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19នៅខេត្តកំពត ថាមានភាពអាណោចអាធម្មមិនស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តកំពត បានបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19នៅវាលរហោឋានក្បែរជើងភ្នំមួយកន្លែង ដែលមិនបានប្រើទីប៉ាឆាសម្រាប់បូជាឲ្យបានត្រឹមត្រូវនោះឡើយ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែមិថុនា នេះថា នៅពេលនេះទីប៉ាឆាសម្រាប់បូជាអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19ពិតមានភាពចាំបាច់ខ្លាំងណាស់ដែលត្រូវបង្កើតឲ្យមានតាមខេត្តនីមួយៗ ព្រោះថាស្ថានភាពការឆ្លងនៃជំងឺនេះមិនដឹងថា តើនឹងត្រូវបញ្ចប់នៅពេលណានោះទេ។
លោកអះអាងថា ការឆ្លងវីរុសកាចសាហាវមួយនេះចេះតែបន្ត ខណៈអ្នកស្លាប់នៅតែកើតមានជារៀងរាល់ថ្ងៃបែបនេះ អាជ្ញាធរតាមខេត្តទូទាំងប្រទេសដែលមិនទាន់បានរៀបចំឲ្យមានទីប៉ាឆាសម្រាប់បូជាសាកសពដែលបានឆ្លងជំងឺទាំងនេះ គួរតែពិចារណាលើបញ្ហានេះឲ្យបានឆាប់ផងដែរ ព្រោះថាការបូជាសពដោយគ្មានពិធីសាសនាជាការខកខានមួយទៅហើយ តែមិនគួរសូម្បីតែប៉ាឆាសម្រាប់បូជាឲ្យបានសមរម្យក៏គ្មានដែរនោះទេ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់អាជ្ញាធរឲ្យបង្កើតប៉ាឆាសម្រាប់បូជាសពដែលស្លាប់ដោយសារជំងឺ Covid-19 កាលពីដើមខែមីនា ឆ្នាំ២០២១ កន្លងទៅនោះ ហាក់ពុំទាន់មានប្រសិទ្ធភាពនោះទេ។ បញ្ហានេះ បង្ហាញថារដ្ឋាភិបាលនៅខ្វះខាតប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃក្នុងការអនុវត្តវិធានការនានារបស់ខ្លួននៅឡើយ។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានប្រតិកម្មទៅនឹងការចុះផ្សាយតាមបណ្ដាញសង្គមថា អាជ្ញាធរខេត្តនេះបានយកសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19 ទៅផ្លុងចោលនៅម្តុំជើងភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ថាជាការលើកឡើងមិនពិតនោះទេ ប៉ុន្តែរដ្ឋបាលខេត្តបានអះអាងថា អាជ្ញាធរបានបូជាសពទាំងនោះទៅតាមប្រពៃណីរួចរាល់ហើយ។
បញ្ហានេះ ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ថា អាជ្ញាធរខេត្តនេះមិនបានប្រើទីប៉ាឆាឲ្យបានត្រឹមត្រូវ ឬស្របតាមប្រពៃណីខ្មែរ និងតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាកន្លងមកនោះទេ គ្រាន់តែរៀបចំកន្លែងដុតសាកសពទាំងនោះឲ្យតែឆេះអស់តែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ កាលពីដើមខែមីនា ឆ្នាំ២០២១ លោក ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានតាមខេត្តនីមួយៗឲ្យរៀបចំទីតាំងឲ្យបានសមរម្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួនធ្វើប៉ាឆាសម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19។ លោកថា ការរៀបចំទីតាំងបូជានេះ គឺជាការគោរពដល់អ្នកស្លាប់ បើទោះបីជាមិនបានធ្វើពិធីទំនៀមទម្លាប់ព្រះពុទ្ធសាសនាបានពេញលេញក៏ដោយ។
បញ្ហានេះ ត្រូវគេមើលឃើញថាអាជ្ញាធរតាមខេត្តខ្លះមិនទាន់បានអនុវត្តតាមការណែនាំនេះនៅឡើយទេ ខណៈអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19 ចេះតែកើនឡើងជាប់ជារៀងរាល់ថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ អ្នកតាមដានការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកជំងឺទាំងនោះពេលស្លាប់ទៅមិនមានបងប្អូននៅក្បែរទេ ដូច្នេះស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការរៀបចំបូជាសព សូមមេត្តាផ្តល់នូវតម្លៃជាប្រពៃណីជូនពួកគាត់ផង ចៀសវាងគ្រាន់តែយកសពចេញពីមន្ទីរពេទ្យរួចដឹកយកទៅដុតចោលដូចគល់ឈើ ដែលករណីធ្លាប់កើតរួចមកហើយ។
ទាក់ទិននឹងការស្លាប់ដោយសារជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានអះអាងថា អ្នកដែលបានស្លាប់ថ្មីដោយសារជំងឺ Covid-19 មានចំនួន ១១នាក់ ខណៈវិជ្ជមានវីរុស Covid-19 ថ្មីចំនួន ៧២៩នាក់ និងអ្នកជាសះស្បើយថ្មីមានចំនួន ៣៩៨នាក់ផងដែរ។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៣ម៉ឺន ៦ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ២ម៉ឺន ៩ពាន់នាក់ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ២៨៩នាក់ហើយគិតត្រឹមថ្ងៃនេះ៕