មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានរិះគន់ថា ដំណើរការរៀបចំការបោះឆ្នោតសាកល្បង មិនមែននឹកឃើញអាចធ្វើបាននោះទេ ប៉ុន្តែត្រូវមានផែនការ និងនីតិវិធី ត្រូវការពេលវេលាជាច្រើនខែ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់លិខិតបន្ទាន់មួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ក្រោមហេតុផលកម្ពុជាកំពុងប្រឈមនឹងការឆ្លងវីរុស Covid-19។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែមិថុនា នេះថា ការចេញលិខិតរបស់លោក ហ៊ុន សែន ដែលស្នើឲ្យផ្អាកការបោះឆ្នោតសាកល្បងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ គឺបង្ហាញថា ការដឹកនាំរបស់រដ្ឋាភិបាលលើកិច្ចការជាតិពុំមានភាពច្បាស់លាស់នៅឡើយ។
លោកអះអាងថា គណបក្សខ្មែរស្រឡាញ់ជាតិ បានត្រៀមខ្លួនរួចរាល់ហើយតាមការណែនាំរបស់ គ.ជ.ប ដើម្បីចូលរួមបោះឆ្នោតសាកល្បងទូទាំង ២៥រាជធានី-ខេត្ត និងដើម្បីសិក្សាស្វែងយល់ពីដំណើរការនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដែល គ.ជ.ប នឹងដាក់ប្រើសាកល្បង មុននឹងការដាក់ប្រើប្រាស់ជាផ្លូវការនៅពេលបោះឆ្នោតសកលក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។
លោក សៀវ វិសុទ្ធ បញ្ជាក់ថា មេដឹកនាំបក្សកាន់អំណាចគួរតែធ្វើជាអ្នកនយោបាយចាស់ទុំ និងជាគំរូល្អសម្រាប់មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត ក្នុងការដឹកនាំការងារប្រទេសជាតិដែលមានគោលនយោបាយ និងផែនការច្បាស់លាស់ ចៀសវាងយកការងារប្រទេសជាតិទៅសម្រេចតាមការចង់បានរបស់ខ្លួន។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លោក ហ៊ុន សែន បានដាក់លិខិតមួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដោយលោកអះអាងថា កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
មុនដាក់លិខិតទៅកាន់ គ.ជ.ប លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងប្រវែងជិត ៨នាទីជាសាធារណៈផងដែរថា លោកមិនបានដឹងសោះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំឲ្យមានការដំណើរការនៃការបោះឆ្នោតសាកល្បងនេះ ហើយលោកទើបតែដឹងអំពីដំណើរការនេះកាលពីទី៩ ខែមិថុនា នេះប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២១ នេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការចេញលិខិតផ្អាកដំណើរការការបោះឆ្នោតសាកល្បងរបស់លោក ហ៊ុន សែន ធ្វើឡើងហាក់ដូចជាទើបតែនឹងងើបពីដេក ខណៈពលរដ្ឋ គណបក្សនយោបាយ សង្គមស៊ីវិល ស្ថាប័នអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន ក៏បានត្រៀមខ្លួនរួចហើយដែរដើម្បីចូលរួមក្នុងកិច្ចការនេះ ប៉ុន្តែមនុស្សដែលមិនបានដឹងពីការបោះឆ្នោតសាកល្បងនេះ បែរជាលោក ហ៊ុន សែន ទៅវិញ។
ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីជូនដំណឹងលុបចោលការបោះឆ្នោតសាកល្បងនេះហើយ បន្ទាប់ពីទទួលបានលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យផ្អាកលើដំណើរការនេះទាំងស្រុង។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរតែបន្តការបោះឆ្នោតសាកល្បងនៅ ៣ខែបន្ទាប់ទៀត។ លោកបញ្ជាក់ថា ការសាកល្បងប្រើប្រព័ន្ធបច្ចេកវិទ្យាជារឿងល្អ ហើយដំណើរការនេះមិនបាច់ធ្វើច្រើនខេត្តនោះទេ ក្នុងនោះអនុវត្តតែ ១០ឃុំ-សង្កាត់ និង ១០០ការិយាល័យក៏បានដែរ ចំណែកអ្នកចូលរួមប្រហែល ១ម៉ឺននាក់ ឬ ១០០នាក់ក្នុងមួយការិយាល័យដោយអនុវត្តគោលការណ៍សុខាភិបាលផងដែរ។
ទាក់ទិននឹងការរីករាលដាលនៃជំងឺ Covid-19 នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានអះអាងថា អ្នកដែលបានស្លាប់ថ្មីដោយសារជំងឺ Covid-19 មានចំនួន ១១នាក់ ខណៈវិជ្ជមានវីរុស Covid-19 ថ្មីចំនួន ៤២៦នាក់ និងអ្នកជាសះស្បើយថ្មីមានចំនួន ៧៦០នាក់ផងដែរ។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៣ម៉ឺន ៦ពាន់នាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ២ម៉ឺន ៩ពាន់នាក់ ចំណែកអ្នកស្លាប់បានកើនឡើងដល់ ៣០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕