កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានអះអាងថា មេខ្យល់លួចនាំពលករខ្មែរប្រុស-ស្រី រួមទាំងកុមារផងចេញពីកម្ពុជា ឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ នៅតាមចក្ររបៀង បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។
ករណីនេះ សមត្ថកិច្ចចម្រុះក៏បានបន្តឃាត់ខ្លួនពលករខ្មែរ និងមេខ្យល់ ដើម្បីអប់រំណែនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសជាច្រើនករណី ប៉ុន្តែបទល្មើសនេះនៅតែបន្តកើតមានដដែល។
សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលករខ្មែរចំនួន ២០នាក់ និងមេខ្យល់ម្នាក់ ត្រូវបានកម្លាំងចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់ឃាត់ខ្លួននៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យ ខណៈប្រជាពលរដ្ឋទាំងនោះបម្រុងលួចឆ្លងដែនចេញពីកម្ពុជា ទៅកាន់ប្រទេសថៃដោយខុសច្បាប់។
តាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បង្ហាញថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍សង្កែ បានចុះស្ទាក់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ១៥នាក់ មានស្រី ៨នាក់ និងកុមារ ២នាក់ផង ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។ អំឡុងពេលនោះ សមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនអ្នកនាំផ្លូវ ឬមេខ្យល់ចំនួន ១នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា បច្ចុប្បន្ន ទាំងពលករនិងមេខ្យល់ ក្រោយសមត្ថកិច្ចឃាត់ខ្លួន ក៏បានប្រគល់ជូនសមត្ថកិច្ចនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីនាំយកទៅសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
ករណីមួយទៀត គឺកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែកនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៥នាក់ មានស្ត្រី ២នាក់ និងកុមារតូចអាយុ ៣ឆ្នាំម្នាក់ បម្រុងលួចឆ្លងដែនទៅកាន់ប្រទេសថៃ នៅថ្ងៃទី០៩ ខែមិថុនា នៅក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក។ ក្រោយបានឃាត់ខ្លួនសួរនាំរួច កម្លាំងជំនាញក៏បានបញ្ជូនពលករទាំងនោះទៅទីសំចតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តនីតិវិធីច្បាប់ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចចម្រុះប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានអំពាវនាវដល់ពលរដ្ឋខ្មែរបញ្ឈប់សកម្មភាពលួចឆ្លងដែនជាបន្ទាន់ ព្រោះសមត្ថកិច្ចដែលប្រចាំការនៅតាមបន្ទាត់ព្រំដែន នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពលួចឆ្លងដែនទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ជាដាច់ខាត។ ជាងនេះទៀត នៅពេលសមត្ថកិច្ចចាប់ឃាត់ខ្លួន នឹងត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក និងអាចឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសថែមទៀតផង៕